មណ្ឌលគិរីៈ លោក​ ប៊ូ ប៊ុន​ឈា​ត ស្នងការរង ទទួលបន្ទុក​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង​ពង្រឹងសមត្ថភាព​ក្នុងការ​ដឹកនាំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​កម្លាំង​ប្រជា​ការពារ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​កាលពី​ថ្ងៃទី​ ២៨​ ខែមេសា​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​នុត បឿន អភិបាលរងក្រុង​សែន​មនោ​រម្យ​, លោក​ហង្ស ម៉ា​នី នាយការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​, លោក​កាន់ ពេញ អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ និង​លោក​អធិការរង លោក លោកស្រី មេឃុំ​ទាំង​៤ លោកនាយ​ប៉ុស្តិ៍ នាយរង​ប៉ុស្តិ៍​ទាំង​៤, លោក​មេភូមិ អនុ​ភូមិ រួម​នឹង​ប្រជា​ការពារ​សរុប​១២០​នាក់​។

​លោក​ប៊ូ ប៊ុន​ឈា​ត​បាន​មានប្រសាសន៍​ណែនាំ​ដល់​កម្លាំង​ប្រជា​ការពារ​ត្រូវធ្វើ​តែ​អំពើ​ល្អ​និង​មាន​ក្រមសីលធម៌​ក្នុងពេល​ចុះ​បំពេញការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំង​ឥរិយាបថ អាកប្បកិរិយា និង​ពាក្យសម្តី​និយាយ​ទៅកាន់​ពលរដ្ឋ​ប្រកបដោយ​ក្រមសីលធម៌​សុភាពរៀបសារ និង​មាន​ភាពទន់ភ្លន់ រួសរាយ រាក់ទាក់​។ លើសពីនោះ ពួកគាត់​ក៏ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​កម្លាំង​នគរបាល​ក្នុង​មូលដ្ឋាន និង​ធ្វើជា​ភ្នាក់ងារ​ដ៏​ល្អ​ក្នុង​កិច្ចប្រតិបត្តិការ​ក្នុង​ការងារ​ផ្សេងៗ ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​។​

​ក្រៅពីនោះ​លោក​ក៏បាន​ជំរុញ លើកទឹកចិត្ត​និង​កោតសរសើរ​ដល់​បងប្អូន​ប្រជា​ការពារ​ភូមិ​ទាំងអស់ ដែល​តែងតែ​ចូលរួម​សហការ ដោយ​លះបង់​អស់​កម្លាំងកាយ​និង​កម្លាំងចិត្ត​មិន​គិតពី​ការនឿយហត់ ទាំងយប់ ទាំង​ថ្ងៃ​និង​គ្រប់ពេលវេលា ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះដែរ ក៏មាន​ការឧបត្ថម្ភ​ថវិកា​ជា​អំណោយ​របស់លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក​ប្រធាន​គណបញ្ជាការ​ឯកភាព​ក្រុង​សែន​មនោ​រម្យ​ដល់​កម្លាំង​ប្រជា​ការពារ​១០៨​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០០០០​រៀល​៕​