បាត់ដំបងៈ នគរបាល​ខេត្តបាត់ដំបង និង​អាជ្ញាធរ​ក្នុងស្រុក​សំពៅ​លូន នៅ​ថ្ងៃទី​២៨​មេសា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​តម្រួត​ព្រំដែន​ថៃ ប្រចាំការ​នៅក្នុង​ស្រុក​ខ្លង​ហាត ដើម្បី​ធ្វើការ​ពិភាក្សា ស្តីពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុងជំនួប​នោះ ខាង​ភាគី​កម្ពុជា មាន​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ចក្រី ក្នុងស្រុក​សំពៅ​លូន ចំនួន​៣​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហោម រី នាយប៉ុស្តិ៍ កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ចំការ​ស្រូវ ចំនួន​២​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក រឿន វ៉ាន់​នី នាយប៉ុស្តិ៍ កម្លាំងយោធា​កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​១​ចំនួន​២​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក អ៊ួ​ង វ​ណ្ណី មេបញ្ជាការ​ស្តីទី និង​ជំទប់​ឃុំ​អង្គរ​បាន ចំនួន​២​នាក់ ដឹកនាំ​ដោយ​លោក សេង បឿន ជំទប់​ទី​២​។​

​ចំណែក​ខាង​ភាគី​តម្រួត​ព្រំដែន​ថៃ​លេខ​១២ មាន​ចំនួន​១៥​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុំ​ដេ​ត ស៊ិន​ស៊ិ​រិ អធិការរង នៃ​អធិការដ្ឋាន​តម្រួត​ល្បាត​ព្រំដែន​លេខ​១២ យោធា​ថៃ កងកម្លាំង​ទិស​បូព៌ា ដែល​មក​ប្រចាំការ​នៅក្នុង​ស្រុក​ខ្លង​ហាត​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​ឆ័យ​ណាក់​រ៉ុង​-​យ៉ូ​ថា​រ៉ុ​ត លោក​ណុន​-​ឈឿ​យ​ថៃ​សុង មេភូមិ ភូមិ​ខៅ​ឆ​ង់​ឃែ​ប និង​សហការី​១​នាក់ លោក​ម៉ាក់​ណូ ណឺ​យ​ស៊ូ​ង​ណឺ​ន មេភូមិ ភូមិ​ថាប់​ធី​ម​ស្យាម​៥ និង​សហការី​១​នាក់​។​

​ជំនួប​ពិភាក្សា​នេះ​បាន​ប្រព្រឹត្តទៅ​ត្រង់ចំណុច​ក្នុង​ទឹកដី​ថៃ ទល់មុខ​ភូមិសាស្ត្រ​ភូមិ​ទឹកផុស ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ចំពោះ​របៀបវារៈ​នៃ​កិច្ចពិភាក្សា​នៅក្នុង​ជំនួប​នេះ​មាន ១-​បន្ត​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរ​។

២-​បន្ត​កិច្ចសហការ​ទប់ស្កាត់​រា​ល់​បទល្មើស​ឆ្លងដែន​។ ៣-​បន្ត​សហការគ្នា​ទប់ស្កាត់​និង​ការពារ​ការឆ្លង​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។​

​ជាមួយគ្នានេះ​ភាគី​ថៃ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២​ខាងមុខ ថៃ​នឹងធ្វើ​ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខៅ​ឌី​ន ឡើងវិញ​៕