ឧត្តរមានជ័យៈ អាជ្ញាធរ​ស្រុក​អន្លង់វែង​កំពុង​បន្ត​ស្រាវជ្រាវ​ពី​សាវតារ​ដី​ ១​ កន្លែង ដែលមាន​ទំហំ​ប្រមាណ​ជាង ២ ១០០ ​ម៉ែត្រការ៉េ​ ស្ថិតនៅ​ជាប់​សំណង់​សិល្បៈការ​នៃ​ទំនប់​អាងទឹក​រំចេក​ដែល​អ្នកភូមិ​ភាគច្រើន​ក្នុង​ឃុំ​-​អន្លង់វែង​អះអាងថា ជា​ដី​ចំណី​អូរ​របស់​រដ្ឋ ប៉ុន្តែ​ត្រូវបាន​អ្នកភូមិ​ម្នាក់​លក់​ទៅឱ្យ​អ្នក​នៅ​ភ្នំពេញ​។

លោក ហោជីន វីរៈយុទ្ធ អភិបាល​ស្រុក​អន្លង់វែង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ​៣ ​ភូមិ គឺ​ភូមិ​រំចេក​កើត ភូមិ​រំចេក​កណ្ដាល​ និង​ភូមិ​រំចេក​លិច បាននាំគ្នា​ផ្ដិតមេដៃ​សុំ​អន្តរាគមន៍​ពី​រដ្ឋបាល​ស្រុក​អន្លង់វែង ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​រឹបអូស​ដី​នោះមក​ប្រគល់ជូន​រដ្ឋ​វិញ​។ ​

ក្នុង​លិខិត​នោះ​ក្រុម​អ្នកភូមិ​បានដាក់​ការសង្ស័យថា ការលក់​ដី​នៅក្នុង​ទីតាំង​ខាងលើនេះ​ទំនង​ជា​មានការ​ឃុបឃិត​គ្នា​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ ព្រោះ​ពួកគេ​បានឃើញ​អ្នកទិញ​ដី​នោះ​បង្ហាញ​នូវ​លិខិតបញ្ជាក់​ពី​ប្រវត្តិ​ដី​ដែលមាន​ចុះហត្ថលេខា និង​ត្រា​ដោយ​លោក យ៉េ អ៊ុន មេភូមិ​រំចេកលិច និង​លោក វង្ស ភក្ត្រ មេឃុំ​អន្លង់វែង ខណៈ​អ្នកទិញ​ដី​នោះ​កំពុង​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ ដោយ​សំអាងថា បាន​ទិញ​វាពី​អ្នកភូមិ​ម្នាក់​ឈ្មោះ ​អួន វិបុល រស់នៅ​ភូមិ​រំចេក​លិច​។

លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ​ ២០២២ មាន​អ្នកភូមិ​ម្នាក់​ឈ្មោះ អួន វិបុល បានចេញ​មុខមក​រារាំង​សមត្ថកិច្ច​មិនឱ្យ​រុះរើ​របង​ដែល​ហ៊ុមព័ទ្ធ​នោះ​ដោយ​អះអាងថា ដី​នោះ​ជា​ដី​អាស្រ័យផល​របស់គាត់​ច្រើន​ឆ្នាំ​មកហើយ ដោយមាន​ការដឹងឮ និង​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ​ផងដែរ​»​។

បើតាម​លោក វីរៈយុទ្ធ ក្រោយពី​មានឈ្មោះ​អួន វិបុល​ចេញមុខ​មក​អះអាងថា ជា​ដី​ដែល​គាត់​បាន​អាស្រ័យ​ផល​យូរ​ឆ្នាំ កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​អន្លង់វែង​បាន​ដកថយ​មួយ​ជំហាន ​ដើម្បី​ស្រាវជ្រាវ​ពី​សាវតារ​ពិតប្រាកដ​នៃ​ដី​នោះ​ជាថ្មី​ថា តើ​វា​ជា​ដី​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ឬ​ជា​ដី​ចំណី​អូរ​របស់​រដ្ឋ​ដែល​ត្រូវបាន​រំលោភបំពាន​ដោយ​ឈ្មោះ អួន វិបុល នោះ​ឬ​យ៉ាងណា​ឱ្យ​ពិតប្រាកដ​?

លោក​បាន​បន្ថែមថា​៖ «​ឥឡូវនេះ​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​ពី​សាវតារ​ពី​ទីតាំង​ដី​នោះ​ឡើងវិញ​ ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ពីមុន​ទីតាំង​ដី​នោះ​មាន​អូរ​តែ​ ១ ដូច​ការអះអាង​របស់​ឈ្មោះ អួន វិបុល ឬ​មាន​អូរ​ ២​ តាំងពីដើម​មក​ដូច​ការអះអាង​របស់​អ្នកភូមិ​ដែល​បាននាំគ្នា​ផ្ដិតមេដៃ​ស្នើ​សុំឱ្យ​អាជ្ញាធរ​យើង​រឹបអូស​ដី​នោះមក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ​»​។

ជុំវិញ​ករណីនេះ លោក វង្ស ភក្ត្រ មេឃុំ​អន្លង់វែង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ​មេសា​ថា ការពិត​ទីតាំង​ដី​ជាប់មាត់​អូរ​នោះ គឺ​ពិតជា​ដី​អាស្រ័យផល​របស់​ឈ្មោះ អួន វិបុល ប្រាកដ​មែន ដោយ​កាល​ពីមុនមក ទីតាំង​ដី​នោះ​មាន​អូរ​តែ​ ១​ ទេ ប៉ុន្តែ​ក្រោយពី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់​ច្រើន​ឆ្នាំកន្លងមក ក៏មាន​ការហូរ​ច្រោះ​បាក់​ធ្លាយ​ខ្នង​ទំនប់​អូរ បង្កើត​បានជា​អូរ​ចំនួន​ ២ នៅ​ចំ​ចំណុច​ទីតាំង​ដី​របស់គាត់​។ បន្ទាប់មក​ខាង​មន្ទីរ​ធនធានទឹក​​បាន​ទៅ​អភិវឌ្ឍ​ទំនប់​សិល្បៈការ​មួយ​នៅជាប់​ទីតាំង​ដី​របស់គាត់ ដើម្បី​សម្រួល​​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ផង និង​រក្សា​ទឹក​សម្រាប់​ជួយ​ដល់​ការប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ផង​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ពី​ប្រវត្តិ​ដី គឺ​ដី​នោះ​ជា​ដី​អាស្រ័យផល​របស់​ឈ្មោះ អួន វិបុល​។ ប៉ុន្តែ បើតាម​ច្បាប់​វា​ពិតជា​ដី​ចំណី​អូរ​ពិតប្រាកដ​មែន​»​។

ស្រដៀង​គ្នា​នេះ លោក យ៉េន អ៊ុន មេភូមិ​រំចេកលិច បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ដែរ​ថា ដីស្រែ​ភាគច្រើន​របស់​អ្នកភូមិ​របស់​លោក គឺ​នៅជាប់​នឹង​មាត់អូរ ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​បូមទឹក​ស្រោចស្រព​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក គឺ​យើង​ស្គាល់​ច្បាស់​ពី​ទីតាំង​ដី​សម្រាប់​ធ្វើ​ស្រែចម្ការ​...​ក្រោយ​ការធ្វើ​សមាហរណកម្ម​កាលពី​ឆ្នាំ​ ១៩៩៨ អ្នកភូមិ​បាននាំគ្នា​ទៅ​ចាប់ដី​នៅ​តាម​មាត់​អូរ​ ដើម្បី​ធ្វើស្រែ​ចម្ការ​រហូតដល់​​បច្ចុប្បន្ន​។ ​ចំណែក​អ្នក​ដែល​បាននាំគ្នា​ផ្ដិតមេដៃ​នោះ គឺ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេង ហើយ​សូម្បីតែ​អូរ​នេះ​ពីមុន​មានតែ​ ១​ ក៏​ពួកគេ​មិន​ដឹងផង​»​។

ចំណែក លោក ញើន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិមយ ខេត្ត​ឧត្តរមានជ័យ​បាន​ទទួលស្គាល់ថា​ទីតាំង​ដី​ដែល​កំពុងមាន​ជម្លោះ​នោះ​កាល​ពីមុនមក គឺជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​​ហើយ​ទីតាំង​នោះ​ដំបូង​ឡើយ គឺមាន​អូរ​តែ​ ១ ប៉ុន្តែ​ក្រោយមក​មានការ​បាក់​ទំនប់​ទឹកបាន​ហូរ​ច្រោះ​ដាច់​ដី​ក្លាយជា​កូន​អូរ​ ១ នៅ​ចំណុច​នោះ​។ ដោយ​ឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ និង​អាជ្ញាធរខេត្ត​ឧត្តរមានជ័យ​បាន​កសាង​ទំនប់​សិល្បៈការ​ដ៏រឹងមាំ​នៅ​ទីនោះ​ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែងថា​៖ «​យោងតាម​អនុក្រឹត្យ និង​ច្បាប់​គតិយុត្ត​នានា ការកំណត់​ថា ជា​ដី​ចំណី​មាត់​អូរ និង​ប្រឡាយ​ធម្មជាតិ​របស់​រដ្ឋ​គឺ​ត្រូវ​វាស់​ចេញពី​ខ្នង​ទំនប់​នៃ​មាត់​អូរ​ក្នុង​ចម្ងាយ​ ១០ ​ម៉ែត្រ​»​។ ប្រជាពលរដ្ឋ​មិនអាច​លក់ដូរ​ដី​ចំណី​មាត់​អូរ​របស់​រដ្ឋ​បាន​នោះទេ ប៉ុន្តែ​អាច​អាស្រ័យផល​បាន​ប្រសិនបើ​មិន​បង្ក​ការខូចខាត​ដល់​រចនាសម្ព័ន្ធ​នៃ​អូរ​»​។

លោក​បាន​បន្តថា យ៉ាងណា​ក៏ដោយ​ករណីនេះ លោក​នៅ​មិនទាន់​ទទួល​​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ​៕