ភ្នំពេញៈ មន្ត្រី​ជំនាញរកឃើញដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៩ ទីតាំង រកស៊ី​មិន​សុចរិត និង បាន​ចាត់វិធានការ​តាម​នីតិវិធី​លើ​ម្ចាស់​ដេប៉ូ​ទាំងនេះ ក្រោយ​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ និង ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​៤២​ទីតាំង​ក្នុង​ខេត្ត​ចំនួន​៧​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បញ្ជាក់​តាមរយៈ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ២៨ ខែមេសា​ថា​៖ «​ដេប៉ូ​ប្រេងឥន្ធនៈ ៩​ទីតាំង​ត្រូវបាន​មន្ត្រី​ជំនាញ​រកឃើញ​មិនមាន​អនុលោមភាព​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​។ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បន្ត​ចាត់វិធានការ​លើ​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៩​ទីតាំង​ដែល​មិនមាន​អនុលោមភាព​»​។​

​កាលពី​ថ្ងៃទី​២៧ និង​ទី​២៨ ខែមេសា មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពង់ធំ កំពង់ស្ពឺ ព្រះសីហនុ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង និង​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ដើម្បី​រក​ភាព​អនុលោម​នៅតាម​ស្ថានីយ និង ដេប៉ូ​ប្រេងឥន្ធនៈ​ផ្សេងៗ​គ្នា សរុប​ចំនួន ៤២​ទីតាំង​ក្នុង​ខេត្ត​ទាំង​៧​នេះ​។​

​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ គឺធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​លើ​វិស័យ​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត​៕