​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ប្រាប់​មន្ត្រី ឱ្យ​យកចិត្ត​ទុកដាក់​ខិតខំ​ពង្រឹង​វិស័យ​កីឡា​គ្រប់​ប្រភេទ​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ខណៈ​អង្គភាព​កីឡា​នគរបាលជាតិ គ្រោង​សាងសង់​អគារ​ថ្មី​ចំនួន ២​។​

​អគារ​ដែល​គ្រោង​សាងសង់​នោះ​រួមមាន អគារ​មជ្ឈមណ្ឌល​កីឡា​ចម្រុះ មាន​ទំហំ ៥៣​ម x ៥៨​ម និង​អគារ​សាល​ដំបូល​ទីលាន​វាយ​កូន​បាល់ ២​ខ្នង ទំហំ ២០​ម x ៤០​ម​។ នេះ​បើតាម លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​។​

​បើតាម​ក្រសួងមហាផ្ទៃ លោក សេង យូ​អ៊ា​ន់ បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ ស្តីពី​ស្ថានភាព​ទូទៅ របស់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៨​ខែមេសា​។​

​ជាមួយគ្នានេះ លោក ជា ប៊ុនហេង អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ក៏បាន រាយការណ៍​ជូន​អង្គប្រជុំ​ផងដែរ​ថា បច្ចុប្បន្ន​មន្ត្រី​ជា​កីឡាករ កីឡាការិនី​បម្រើ​ការងារ​នៅ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ មាន​ចំនួន ៣០០​នាក់ ហើយ​កីឡា​ក្រសួងមហាផ្ទៃ មាន​ចំនួន ៣៤​ប្រភេទ វិញ្ញាសារ ក្នុងចំណោម ៤៣​ប្រភេទ​វិញ្ញាសារ​នៃ​កីឡា គ្រប់​ប្រភេទ​ទូទៅ​។

​ក្រោយពី​អង្គ​ប្រជុំបាន​ពិភាក្សា​រួចមក លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​នេះ បាន​មានប្រសាសន៍​ណែនាំ​ដល់​រដ្ឋលេខាធិការ​ទទួល​បន្ទុក និង​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​យកចិត្ត​ទុក្ខ​ដាក់​ខិតខំ​ប្រឹងប្រែង​ពង្រឹង​វិស័យ​កីឡា​គ្រប់​ប្រភេទ​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ឱ្យបាន​រឹងមាំ និង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​រប​ស់​អង្គភាព ព្រមទាំង​ខិតខំ​កៀរគរ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា រួមមាន អគារ​ធ្វើ​ការងារ និង​ទីលាន​ហ្វឹកហាត់​កីឡា​គ្រប់​ប្រភេទ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​និង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​៕