សៀមរាបៈ «​អណ្តូង​ទឹកស្អាត​សម្រាប់​សហគមន៍​» បំពាក់​ដោយ​ប្រព័ន្ធ​ម៉ូ​ទ័​រ​បូមទឹក និង​អាង​ស្តុក​ទឹក​ចំណុះ​១​ម៉ឺន​លីត្រ ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​នៅ​ក្នុងភូមិ​ត្រពាំងថ្ម ដែលជា​ភូមិ​ខ្សត់​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង និង​ស្ថិត​ក្នុងចំណោម​ភូមិ​ក្រីក្រ​ជាងគេ​នៅក្នុង​ស្រុក​បន្ទាយស្រី​។ នេះ​យោងតាម​អភិបាលស្រុក​បន្ទាយស្រី ឃឹម ហ្វី​ណង់​នៅ​ថ្ងៃ​សុក្រ​ទី​២៩​ខែមេសា​នេះ​។​

​ក្រោយពី​ទទួលបាន​អណ្តូង និង​អាង​ស្តុក​ទឹក​នេះ គណៈកម្មការ​គ្រប់គ្រង​ទឹក​មួយ ដែល​ស្វ័យគ្រប់គ្រង​ដោយ​អ្នកភូមិ​ខ្លួនឯង​ផ្ទាល់ នឹង​ត្រូវបាន​បង្កើតឡើង ដើម្បី​ធានា​និរន្តរភាព​នៃ​គម្រោង​អណ្តូងទឹក​សហគមន៍​មួយ​នេះ​ផងដែរ​។

​លោក​ហ្វី​ណង់​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ក្នុង​រយៈកាល​២​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះមក​ភូមិ​ត្រពាំងថ្ម​មិនតិចជាង​១០​ដង​ឡើយ​។ ក្នុងនោះ​អណ្តូងស្នប់​ជ្រៅ​មិន​ក្រោម​២០​គ្រឿង​ទេ ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​កៀរគរ​យកមក​ជួយ​ពី​សំណាក់​សប្បុរសជន​នានា ក្នុង​គោលបំណង​តែមួយគត់​គឺ​ដោះស្រាយ​ភាពដុនដាប​ខ្លាំង​ខាង​ផ្នែក​ជីវភាព​សម្រាប់​អ្នកភូមិ​ទាំង​២៤៥​គ្រួសារ ដែល​បណ្តាលមកពី​ការខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​។ លោក​បានសរសេរថា​៖«​តែ​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​អ្នកភូមិ​ត្រពាំងថ្ម​ទទួលបាន​ដំណោះស្រាយ​ដែល​ផ្តល់​ក្តីសង្ឃឹម​ខ្ពស់ ងាយស្រួល​ក្នុងការ​ប្រើប្រាស់ មាន​ភាព​យូរអង្វែង និង​អាច​ឈានទៅ​បញ្ចប់​បញ្ហា​ប្រឈម​ជាប្រចាំ​ថ្ងៃ​របស់​ពួកគាត់​»​។ ជួសមុខ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ត្រ​ពាំង​ថ្ម​ទាំងមូល លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម Jesus Christ of Latter-day Saints ដែល​បាន​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ចំពោះ​សំណើសុំ​ជំនួយ​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី និង​បាន​ចំណាយ​ថវិកា​អស់​ជាច្រើន​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក និង​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​អ្នកភូមិ​ត្រពាំងថ្ម​នៅក្នុង​ថ្ងៃនេះ​។ លោក​ក៏បាន​អរគុណ​ដល់​ព្រះចៅអធិការ​វត្ត​ព្រៃ​ជាំ ដែល​បាន​បរិច្ចាគ​ផ្តល់​ទីតាំង​នៅក្នុង​បរិវេណ​វត្ត សម្រាប់​ការសាងសង់​អណ្តូង​សហគមន៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។

​លោក​ក៏បាន​សរសេរ​ផងដែរ​ថា សម្រាប់​អ្នកភូមិ​ត្រពាំងថ្ម កុំថាឡើយ​ដល់​ទឹក​ងូត​ប្រើប្រាស់ ឬ​ស្រោចស្រព​ដំណាំ សូម្បីតែ​ទឹកស្អាត​សម្រាប់​បរិភោគ​ក៏​ពិបាក​រកបាន​ដែរ​។ ក្រៅពី​ទឹកភ្លៀង​និង​ទឹកស្រះ​ដែល​នៅ​សេសសល់​តិចតួច​ពី​រដូវវស្សា អណ្តូង​ធម្មតា​មិនអាច​ជីក ឬ​បុក​យក​ទឹក​ទៅប្រើ​ប្រាស់​បាន​នោះទេ​។ ប្រជាជន​នៅទីនេះ​មួយចំនួន គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ស្រះ​ទឹក​សហគមន៍ អណ្តូងស្នប់​ពិសេស​ដែលមាន​តម្លៃ​ថ្លៃ និង​ការទិញ​ទឹក​ពី​អ្នក​ដឹក​យកមក​លក់​ពី​តំបន់​ផ្សេង​។ បញ្ហា​ខ្វះខាត​ទឹក​នេះ​មិន​គ្រាន់តែ​ធ្វើឱ្យ​ជីវិត​ប្រចាំថ្ងៃ​អ្នកភូមិ​ជួប​ការលំបាក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដាក់​សម្ពាធ​ទៅលើ​កម្រិតជីវភាព​រប​ស់​ពួកគាត់​ទៀតផង ដោយ​ត្រូវ​ចំណាយ​បន្ថែម​ផង និង​មិន​មានទឹក​គ្រប់គ្រាន់​ដើម្បី​ធ្វើស្រែ​ចម្ការ​ស្រោចស្រព​ដំណាំ​ផង​។ ហេតុដូច្នេះ​ហើយ​បានជា​ភូមិ​ត្រពាំងថ្ម​ស្ថិតក្នុង​ចំណោម​ភូមិ​ក្រីក្រ​ជាងគេ​នៅក្នុង​ស្រុក​បន្ទាយស្រី និង​តែងតែ​ទទួលបាន​អាទិភាព​ក្នុងការ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​នានា​ក្នុងពេល​កន្លងមក​។ ក្រៅពី​អណ្តូងស្នប់​ជ្រៅ តំបន់​នេះ​ក៏​ទទួលបាន​ការជួយ​ដោះស្រាយ​ការលំបាក​ជាច្រើន​ផ្សេងទៀត​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​សប្បុរសជន​នានា រួមមាន​៖ ផ្លូវ​គ្រួស​ក្រហម​៣​ខ្សែ ការចាប់ផ្តើម​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ចូលមក​ក្នុងភូមិ ស្រះ​ទឹកធំ​ចំនួន​២ បញ្ចប់​ការ​បោសសម្អាត​គ្រាប់មីន​ទាំងស្រុង​នៅក្នុង​ភូមិ បំពាក់​អំពូល​សូ​ឡា​ជូន​តាម​ផ្ទះ និង​ទទួល​ការចែក​អំណោយ​ដល់​ជនទីទ័លក្រ​ជាច្រើន​ដង​ផងដែរ​៕