ភ្នំពេញៈ អាជ្ញាធរ​មីន​បាន​លើកឡើងថា ក្នុង​រយៈពេល​ ២៨ ​ឆ្នាំ​កន្លងមកនេះ ប្រទេស​អូស្ត្រាលី​បានរួម​ចំណែក​ដ៏សំខាន់​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា និង​បាន​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​ពី​គ្រោះថ្នាក់​ដោយសារ​មីន ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំមុខគេ​ក្នុង​ការបោសសម្អាត​មីន​ដែល​ទទួល​ស្គាល់​នៅលើ​ឆាក​អន្តរជាតិ​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​បាន​ថ្លែងថា អូស្ត្រាលី​ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​គាំទ្រ​ដ៏សំខាន់​ចំពោះ​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​នា​ចុង​ទស្សវត្សរ៍​ឆ្នាំ​ ១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ជាមួយនឹង​តួនាទី​នាំមុខ​ក្នុងអំឡុងពេល​បេសកកម្ម​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅថា អ៊ុនតាក់ (UNTAC) ដែល​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាច្រើន​ដែល​ដឹកនាំ​ដោយ​លោក John Sanderson អតីត​អគ្គមេបញ្ជាការ​អ៊ុនតាក់​។

លោក​បន្តថា ចាប់តាំងពី​ពេលនោះ​មក​អូស្ត្រាលី​បាន​បន្ត​រក្សា​នូវ​ដំណើរ​ចូលរួម​គាំទ្រ​ដល់​កម្ពុជា​ឆ្ពោះ​ទៅរក​ស្ថិរភាព និង​ការស្តារ​ឡើងវិញ​ក្រោម​កម្មវិធី​ជំនួយ​មនុស្សធម៌​ដ៏ធំ​មួយ​រួមទាំង​ជំនួយ​ក្នុង​ការដោះមីន​ផងដែរ​។

លោក លី ធុជ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​តាំងពិព័រណ៍​រូបថត​រំឭក​ខួប​លើក​ទី​ ៣០ នៃ​តួនាទី​របស់​ប្រទេស​អូស្ត្រាលី​ក្នុងសម័យ UNTAC នៅ​សណ្ឋាគារ The Raffles Hotel Le Royal រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ២៨ ខែមេសា ដើម្បី​អបអរ​ខួប​លើក​ទី​ ៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី​។

នៅ​ចំពោះមុខ​លោក John Sanderson លោក លីធុជ ថ្លែងថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ ប្រទេស​អូស្ត្រាលី​បានរួម​ចំណែក​ដ៏សំខាន់​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​យ៉ាងច្រើន​ពី​គ្រោះថ្នាក់​ ដោយសារ​មីន និង​ផ្តល់​សុវត្ថិភាព​ដល់​សហគមន៍​ជនបទ​សម្រាប់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង ដែលជា​ការរួមចំណែក​ដល់​សមិទ្ធផល​ដ៏មាន​មោទនភាព​»​។

លោក​បន្ថែមថា​៖ «​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​នាំមុខគេ​ក្នុង​ការបោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​ត្រូវបាន​ទទួលស្គាល់ និង​កោតសរសើរ​ជា​អន្តរជាតិ ក្រោម​សកម្មភាព​ទាំង​ក្នុងប្រទេស និង​អង្គការ​សហប្រជាជាតិ​»​។

លោក​ទេសរដ្ឋមន្ត្រី​អះអាង​ថា ចាប់តាំងពី​ឆ្នាំ​ ២០០៦ កម្ពុជា​បាន​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​របស់ខ្លួន​ចំនួន ៧ ៨៩៩ នាក់ ទៅ​ចូលរួម​បម្រើ​ការងារ​ក្រោម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុងប្រទេស​ជាច្រើន ដែល​មាន​ជំនាញ​ផ្នែក​ដោះមីន និង​វិស្វកម្ម​។

លោក លី ធុជ ថ្លែងថា​៖ «​នេះ​ជា​សមិទ្ធផល​ដ៏លេចធ្លោ​មួយ ដែល​អនុញ្ញាត​ឱ្យ​ទង់ជាតិ​កម្ពុជា​ឈរ​ក្នុងចំណោម​ទង់​ប្រទេស​ដទៃទៀត ដែល​បាន​បញ្ជូន​កងកម្លាំង​ទៅ​បំពេញ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ដូចគ្នា ដូចដែល​យើង​ក្រឡេក​ទៅ​មើល​កាលពី​ ៣០​ ឆ្នាំមុន នៅពេល​ដែល​កម្ពុជា​បាន​ទទួលយក​កងកម្លាំង​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅលើ​ទឹកដី​ដ៏អាប់អួរ​នេះ ដែល​ពោរពេញ​ទៅដោយ​ជម្លោះ និង​ការប្រឈមមុខ​ដាក់គ្នា​»​។

ខណៈ​ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី លោក​លើក​ឡើងថា ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លង​មកនេះ ប្រទេស​ទាំងពីរ​បាន​រក្សា​ទំនាក់ទំនង​ស្និទ្ធស្នាល ផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួមទាំង​ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ការដោះមីន ការថែទាំ​សុខភាព និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​៕