ភ្នំពេញៈ អគារ​មកពី​ក្រុមហ៊ុន​ល្បីៗ​ចំនួន​ ១៤ ​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ចំណេះដឹង និង​ការអនុវត្ត​ល្អៗ​ទាក់ទង​ប្រសិទ្ធភាព​ថាមពល​នៅ​កម្ពុជា និង​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ​នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ២៩ ​ខែមេសា​នេះ​។

ក្រសួង​បាន​ឱ្យដឹងថា ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល​នៅក្នុង​អគារ គឺជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ដែល​បង្កឡើង​ដោយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​។ បច្ចុប្បន្ននេះ មានការ​អនុវត្ត​ល្អៗ​ និង​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដូចជា​ទម្លាប់​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ប្រើប្រាស់​ឧបករណ៍​ដែលមាន​ប្រសិទ្ធភាព​ថាមពល​ខ្ពស់ ឬក៏​ថាមពល​កកើត​ឡើងវិញ​។

កម្មវិធី​ប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា​គឺ​ការប្រកួតប្រជែង​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការស្វែងរក​អគារ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថាមពល​តាមរយៈ​ការផ្លាស់ប្តូរ​ឥរិយាបថ​អ្នកប្រើប្រាស់ ការស្រាវជ្រាវ​ការលេង​ល្បែង​កម្សាន្ត​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ថាមពល​។​ល​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​ការប្រកួតប្រជែង​គឺ​ដើម្បី​បង្កើន​ការយល់ដឹង ការទទួល​ខុសត្រូវ ការច្នៃប្រឌិត និង​ការចូលរួម​ក្នុង​ចំណោម​អ្នកពាក់ព័ន្ធ​អំពី​ប្រសិទ្ធភាព​ថាមពល និង​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​»​។

កម្មវិធី​ប្រកួតប្រជែង​នេះ​គាំទ្រ​ដោយ​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការ​ជាមួយ Schneider Electric​។ សូម​ចូលទៅក្នុង​តំណភ្ជាប់​ដើម្បី​ដោនឡូត​ឯកសារ​ស្តីពី​ការប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល៖ https://ncsd.moe.gov.kh/resources/document/cambodia-energy-efficiency-competition-quarterly-report៕