ភ្នំពេញៈ អាជ្ញាធរខេត្ត​កែប និង​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB)​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៧ ​ខែមេសា​បាន​ជួបពិភាក្សា​ការងារ ដែល​ផ្ដោតលើ​ការចុះពិនិត្យ​ការកសាង​សមិទ្ធផល​ជាច្រើន​ទីតាំង ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាមេរិក​ផងដែរ​។

ភាគី​អាជ្ញាធរខេត្ត​បាន​ដឹកនាំ​ដោយ​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​ដោយមាន​ការចូលរួម​ពី​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ តំណាង រដ្ឋបាល​ក្រុង ស្រុក​។ រីឯ​ភាគី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ដឹកនាំ​ដោយ​លោក Saunders Lindsay ប្រធាន​ក្រុម​គម្រោង​ជលផល​ឆ្នេរសមុទ្រ និង​និរន្តរភាព​កម្ពុជា​។

រដ្ឋបាលខេត្ត​កែប​បានឱ្យ​ដឹងថា កិច្ចប្រជុំ​ពិភាក្សា​នេះ​ផ្ដោត​លើ​ការចុះពិនិត្យ​ការកសាង​សមិទ្ធផល​ចំនួន ៤ ​ទីតាំង ស្ថិតនៅ​ក្រុងកែប និង ស្រុក​ដំណាក់​ចង្អើរ​។ ក្នុងនោះ​ក៏បាន​ពិភាក្សា​លើ​ការកសាង​ចំណតទូក​ផ្សារ​ក្តាម និង​ការកែលម្អ​ចំណតទូក​របស់​លោក កុង យន ​ឱ្យក្លាយ​ទៅជា​ផែ​ស្តង់ដា​សម្រាប់​ជលផល​នេសាទ និង​សម្រាប់​វិស័យ​ទេសចរណ៍​ផងដែរ​។

គម្រោង​ស្តីពី​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកប​ដោយ​និរន្តរភាព​នេះ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៦ ​ខែ ធ្នូ ឆ្នាំ ២០២១ រួច​ម្តងមកហើយ​។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ ១០០ ​លាន​ដុល្លារ ដែល​ក្នុងនោះ​បានមកពី ADB Loans ៥០ ​លាន​ដុល្លារ​, ASEAN Infrastructure Fund ១០ ​លាន​ដុល្លារ AFD ៣០ ​លាន​ដុល្លារ​, Concessional Loan និង ADB Grand Funds ១០ ​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​តំបន់​ជលផល​ឆ្នេរ និង​សមុទ្រ ប្រកប​ដោយ​និរន្តរភាព​ចំនួន​ ៤ ​ខេត្ត គឺ​កោះកុង ព្រះសីហនុ កំពត និង​កែប​។

លោក​ វ៉ៅ សុខា ​បានបញ្ជាក់​ក្នុងឱកាស​នោះ​ថា ក្នុងនាម​អាជ្ញាធរខេត្ត​កែប​នឹង​គាំទ្រ​ការអភិវឌ្ឍ​ចំណតទូក​ទាំង ២ ​ទីតាំង​នេះ សម្រាប់​សម្រួល​ដល់​ការចត​ទូក​របស់​ប្រជានេសាទ និង​ភ្ញៀវទេសចរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក​អភិបាលរង​ខេត្ត​បាន​បន្តថា នៅពេល​គម្រោង​ខាងលើ​នេះ ចេញ​ជា​រូបរាង​ឡើង អាជ្ញាធរខេត្ត និង​ខិតខំ​កៀរគរ​រក​ដៃគូ​ក្នុងការ​ថែរក្សា​សំណង់​ដែល​បាន​កសាង​រួច និង​រក្សា​អនាម័យ បរិស្ថាន និង​បង្កើត​ការ​ផ្គត់​ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ក្នុង​តំបន់​ទាំងនោះ​ឱ្យបាន​ប្រសើរ​បំផុត​៕