ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ​(​ក​យ​កា​) ប្រចាំ​ប្រទេស​កម្ពុជា បានប្រគល់​សញ្ញាប័ត្រ​ជូន​ដល់​មន្ត្រី​អាហារូបករណ៍​ក​យ​កា​ចំនួន​៤​នាក់ ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​(​អនុបណ្ឌិត​)​ដោយ​ជោគជ័យ​នៅ​សាកលវិទ្យាល័យ​ហាល់​លីម (Hallym) និងវិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់​ប្រទេស​កូរ៉េ ​(KAIST) តាមរយៈ​កម្មវិធី​អាហារូបករណ៍ របស់​ទីភ្នាក់ងារ​ក​យ​កា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​) នា​ថ្ងៃទី​២៩ ខែមេសា​នេះ បានឱ្យដឹងថា មន្ត្រី​អាហារូបករណ៍​ក​យ​កា​ចំនួន​បួន​នាក់​ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ពី​សាធារណរដ្ឋ​កូរ៉េ បាទ​ទួល​សញ្ញាប័ត្រ​ពី​ប្រធាន​តំណាង​ក​យ​កា​ប្រចាំ​កម្ពុជា​។​

​មន្ត្រី​អាហារូបករណ៍​ក​យ​កា​ពីរ​នាក់ គឺ កញ្ញា ជា ណាវិន មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF)​កម្ពុជា និង​លោក កែវ ហាក់ មកពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​(MRD)​កម្ពុជា​។

​មន្ត្រី​ទាំងពីរ​រូបនេះ បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​បាន​ឆ្លងកាត់​ការវាយតម្លៃ​និក្ខេបបទ​សម្រាប់ ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​គោលនយោបាយ​សាធារណៈ​(​ជំនាញ​គោលនយោបាយ​ការប្រែប្រួល​អាកាសធាតុ​) នៅ​សាលា​បញ្ចប់​ការសិក្សា សាកលវិទ្យាល័យ​ហាល់​លីម (Hallym) ក្នុង​ទីក្រុង Chuncheon ខេត្ត GangWon-Do នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ចំណែក​មន្ត្រី​អាហារូបករណ៍​ក​យ​កា​ពីរ​នាក់​ទៀត ដែលមាន លោក នៃ ស៊ី​វណ្ណ​សាក់ ប្រធាន​ផ្នែក​នៃ​នាយកដ្ឋាន​លទ្ធកម្ម​នៃ​អគ្គិសនី​កម្ពុជា (EDC) និង លោកស្រី សឿន កណ្ណិកា ប្រធានស្តីទី​ការិយាល័យ នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​(​អ​.​ស​.​ហ​)​។ មន្ត្រី​ទាំងពីរ​រូបនេះ ក៏បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​បាន​ឆ្លងកាត់​ការវាយតម្លៃ​និក្ខេបបទ​សម្រាប់ «​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម - Master of Business Administration (Majoring in Social Entrepreneurship)​។​

​លោក នោ ហ្យ​ន់​ជូន​(Rho Hyun-Jun) ប្រធាន​តំណាង​ក​យ​កា​-KOICA ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​(​អនុបណ្ឌិត​)​របស់​ពួកគេ​។

​លោក​បាន​ថ្លែងថា ៖ «​ទោះបី​មានការ​លំបាក​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ទីភ្នាក់ងារ​ក​យ​កា​បាន​សន្យា​បន្ត​ជួយ​ដល់​កម្ពុជា និង​ផ្តល់​អាហារូបករណ៍ ព្រមទាំង​ឱកាស​បណ្តុះបណ្តាល​បន្ថែម​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​»​។​

​កម្មវិធី CIAT(​ការពង្រឹង​សមត្ថភាព និង​ការរីកចម្រើន​សម្រាប់​ថ្ងៃស្អែក​) របស់ ទីភ្នាក់ងារ​ក​យ​កា​ដែលជា​កម្មវិធី​អាហារូបករណ៍ គឺជា​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ ដែល​ទីភ្នាក់ងារ​ក​យ​កា​អញ្ជើញ​មន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និង​អ្នកបង្កើត​គោលនយោបាយ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​នឹង​ដើរតួ​ជា​អ្នកដឹកនាំ​កំណើនសេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ពួកគេ និង​ផ្តល់​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​តាមរយៈ​ការចែករំលែក​បទពិសោធ និង​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​សម្រាប់​ការអភិវឌ្ឍ​៕​