ក្រសួង​សុខាភិបាល​នឹង​ធ្វើការ​ពិចារណា​ក្នុង​ការកំណត់​គោលដៅ​មួយ​ជំហាន​ទៀត​ទាក់ទង​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ បន្ទាប់ពី​គោលដៅ​នៃ​ការចាក់​នៅ​តាម​រោងចក្រ ទីផ្សារ និង​សាលារៀន​ត្រូវបាន​បញ្ចប់​រួចរាល់ ខណៈ​ដែល​ដំណើរការ​នៃ​យុទ្ធនាការ​នេះ​កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន​។

អ្នកនាំពាក្យ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៨ ខែមេសា ថា​ការដាក់ចេញ​នូវ​គោលការណ៍​ដ៏ត្រឹមត្រូវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​លើ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ ហើយ​ប្រតិបត្តិករ​ក៏​កំពុងតែ​ខិតខំ​រួមគ្នា​ជាមួយនឹង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ ដើម្បី​សម្រុក​ចាក់​វ៉ាក់សាំង​នេះ​ទៅដល់​ក្រុម​គោលដៅ​ទាំង​ ៣ ​នេះ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​យើង​ក៏​មិនមែន​ធ្វើ​តែ​គោលដៅ​ទាំង​ ៣​ នេះ​ទេ គឺ​នៅពេលដែល​យើង​ធ្វើ​គោលដៅ​ទាំង​ ៣ ​នេះ​រួចហើយ យើង​នឹង​សំដៅ​ទៅរក​គោលដៅ​ផ្សេងៗ​ទៀត​ដែល​បងប្អូន​យើង​ខ្លះ​មិន​បានមក​ទីផ្សារ​ហើយក៏​មិនបាន​ចាក់​វ៉ាក់សាំង​ដែរ​។ ដូចនេះហើយ​យើង​ពិចារណា​ក្នុង​ការធ្វើ​ការងារ​មួយ​ដំណាក់កាល​ទៀត​ជាមួយគ្នា​»​។

ប្រធាន​គណៈកម្មការ​ចាក់​វ៉ាក់សាំង​នេះ​ក៏បាន​បញ្ជាក់​ទៀតថា ក្រុមការងារ​ចាក់​វ៉ាក់សាំង​នឹងធ្វើ​ការពិនិត្យ​លទ្ធភាព​ជាមួយនឹង​ភូមិ ឃុំ ដើម្បី​ព្យាករណ៍​លើ​ចំណុច​នេះ ប៉ុន្តែ​ក៏​តម្រូវ​ឱ្យ​មាន​ការចូលរួម​បន្ថែមទៀត​ជាមួយ​នឹង​រដ្ឋបាល​ខេត្ត​-​ស្រុក ដើម្បី​ធ្វើការ​ព្យាករណ៍​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​នីមួយៗ​មក​ទទួល​យក​វ៉ាក់សាំង ហើយ​ធ្វើការ​កំណត់​ថ្ងៃ​សម្រាប់​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ពួកគាត់​តែម្តង​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា៖ «​សម្រាប់​គោលដៅ​អាទិភាព​គឺ​ ៣ ​ធំៗ​ហ្នឹងហើយ ដែល​មាន​រោងចក្រ ទីផ្សារ និង​សាលារៀន ប៉ុន្តែ​ជា​គោលដៅ​បន្ទាប់បន្សំ​របស់​យើង​គឺត្រូវធ្វើ​ផងដែរ​»៕