មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា ការជួសជុល​តួ​ប្រាង្គ​កណ្តាល​រួត​ទី​បី​នៃ​ប្រាសាទ​អង្គរវត្ត​បាន​ប្រើ​រយៈពេល​ជាង​ ១០ ​ខែ​នោះ គឺ​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ​ជាមួយ​នឹង​ការតស៊ូ​ និង​ភាពអត់ធ្មត់​ និង​យកចិត្ត​ទុកដាក់​បំផុត​។

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ២៩ ខែមេសា​នេះ​បាន​ឱ្យដឹងថា ការជួសជុល​តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​ប្រើ​ដោយ​កម្លាំង​មនុស្ស​សុទ្ធសាធ​អាច​ចាត់ទុកជា​ជោគជ័យ​មួយ​ដោយ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តួ​ប្រាង្គ​បាកាណ​នៃ​ប្រាសាទអង្គរវត្ត​។ វា​គឺជា​ទីតាំង​មួយ​នៅ​ខ្ពស់ ព័ទ្ធជុំវិញ​ទៅដោយ​ជញ្ជាំង​រោងទង​ថ្ម​ពីរ​ជាន់ ដែល​មិន​អាចឱ្យ​នាំ​គ្រឿងចក្រ​ធុន​តូច ឬ​ធំ​ចូលទៅ​បម្រើ​ការជួយ​ជួសជុល​នៅ​ការដ្ឋាន​នោះបាន​ឡើយ​។

លោក គឹម សុធិន អគ្គនាយរង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា ក្រុម​អ្នក​ជួសជុល​ត្រូវ​ប្រើ​កម្លាំង​លើក​ដុំថ្ម​ថ្មី​ដែល​ត្រូវយក​ឡើងទៅ​បំពេញបន្ថែម​នៅតាម​កន្លែង​ចាំបាច់​ ដើម្បី​ពង្រឹង​រចនាសម្ព៏ន្ធ និង​ទ្រ​ដុំថ្ម​ចាស់​ដែល​បាន​រកឃើញ​ទីតាំង​។

លោក​បានឱ្យ​ដឹងថា៖ «​ពេល​ចាប់ផ្ដើម​ទាញ​យោង​ឡើង​ដោយ​ដៃ​ថ្ម​ថ្មី​មួយ​ដុំ​បាន​ប្រើពេល​រហូតដល់​បី​ថ្ងៃ ទើប​ទាញ​យកបាន​។ ចំណែកឯ​ការដឹកជញ្ជូន​ថ្ម​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយវិញទៀត​សោត គឺ​ប្រើ​រទេះ​រណេល​ឈើ ឬ​ដែក​ទីប រុញ​ឬ​ទាញ​ដោយ​មនុស្ស​យ៉ាងតិច​ចំនួន​ ១២ ​នាក់ ជួយ​អូស​ផង​ទាញ​ផង និង​រុញ​ផង​ទើប​អាច​នាំ​ថ្ម​ចល័ត​ទៅមក​បាន​»​។

លោក​ គឹម សុធិន បាន​បន្តទៀតថា កិច្ចការ​រុះរើ​រៀប​ថ្ម​ខឿន​រួត​បាកាណ​នេះ គឺ​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ និង​ជាង​រិះរក​គ្រប់​វិធីសាស្ត្រ បច្ចេកទេស​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ប្រកប ឱ្យ​រឹងមាំ​ឡើងវិញ ហើយ​មិន​ប៉ះពាល់​ដល់​សំណង់​ចាស់​ដែល​ទ្រុឌទ្រោម​ខូចខាត ដោយសារ​អាយុកាល​នៃ​វត្ថុធាតុដើម​ទៀតផង​។

លោក​បាន​បន្ថែម​ទៀត​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​ការជួសជុល​ខឿន​កណ្ដាល​រួត​បាកាណ​នៃ​ប្រាសាទ​អង្គរវត្ត​បាន​ប្រើ​កម្លាំង​មនុស្ស​ទទួល​បាន​ជោគជ័យ​ដែល​មិន​នឹកស្មាន​ដល់ ពីព្រោះ​គេ​មិន​នឹកស្មានថា​ក្រុមការងារ​អាចធ្វើ​បាន នៅក្នុង​ពេល​ដ៏លំបាក​បំផុត​ទាំង​ការងារ​ និង​ទាំង​ពេល​ដែលមាន​វិបត្តិ​ដោយ​ជំងឺ​កូវីដ​ ១៩៕