ព្រៃវែងៈ មន្ត្រី​ធនធាន​ទឹកបាន​ចុះ​ធ្វើការ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ និង​ត្រួតពិនិត្យ​ការងារ​ថែទាំ​ជាប្រចាំ​ប្រព័ន្ធធារាសាស្ត្រ​ជាច្រើន​ប្រព័ន្ធ​នៅក្នុង​ខេត្តព្រៃវែង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៧ ​និង​ ២៨ ខែមេសា​នេះ​។

យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យដឹង​នៅ​ថ្ងៃ​សុក្រ​ទី ​២៩ ​ខែមេសា​ថា ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តព្រៃវែង​បាន​ចុះ​ធ្វើការ​កែលម្អ និង​ថែទាំ​ប្រចាំ​នៅ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​ ២ ​ប្រព័ន្ធ​។ ក្នុងនោះ​រួមមាន​ប្រព័ន្ធ​ធារាសាស្ត្រ​ប្រមូល​ដុំ ស្ថិតនៅ​ឃុំ​ស្មោងជើង ស្រុក​កំចាយមារ ដែលមាន​ទំនប់​មេ​ចំនួន​ ១​ ខ្សែ​ប្រវែង​ ៥០០​ ម, ប្រឡាយ​មេ​ចំនួន​ ១​ ខ្សែ​ប្រវែង​ ៤៨៩០ ​ម​, សំណង់​ទ្វារ​ទឹក​ចំនួន​ ៣ ​កន្លែង និង​សំណង់​លូ​ស្រោចស្រព​ចំនួន​ ៤ ​កន្លែង​ជាដើម​។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​មានលទ្ធភាព​ស្រោចស្រព​ស្រូវវស្សា​ចំនួន​ ៧.៥០​ ហិកតា និង​ស្រូវប្រាំង​ចំនួន​ ១៣០ ​ហិកតា​។

មួយ​ទីតាំង​ទៀត​គឺ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​ជោរ ស្ថិត​នៅ​ឃុំ​ក្រញ៉ូង ស្រុក​កំចាយមារ ដែល​មាន​ទំនប់​មេ​ចំនួន​ ០១​ ខ្សែ​ប្រវែង​ ២៥០ ​ម​, សំណង់​សម្រួល​ចរន្តទឹក​មាន​ទ្វារ​ស្វ័យប្រវត្តិ​ចំនួន​ ១ ​កន្លែង ប្រវែង​ ៤៤ ​ម​, សំណង់​បង្ហៀរ​ចំនួន​ ១ ​កន្លែង ប្រវែង​ ៧០ ​ម ដែលមាន​លទ្ធភាព​ស្រោចស្រព​ស្រូវវស្សា​ចំនួន ២ ០០០ ​ហិកតា​។

ដោយឡែក ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​ពិនិត្យ​ការងារ​ថែទាំ​ជាប្រចាំ​ប្រព័ន្ធ​ធារាសាស្ត្រ​ផងដែរ​។ ក្នុងនោះ​ក្នុង​ខេត្តពោធិ៍សាត់​មាន​ចំនួន​ ៧ ​ប្រព័ន្ធ​, ខេត្តបាត់ដំបង​មាន​ចំនួន ​៨ ​ប្រព័ន្ធ និង​ខេត្ត​ឧត្តរមានជ័យ​មាន​ចំនួន ​៨​ ប្រព័ន្ធ​ផងដែរ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាននិង​កំពុង​តែ​កសាង​នូវ​យុទ្ធសាស្ត្រ​ CPS ​ជាមួយនឹង ​ADB និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​ឈានទៅ​ធ្វើការ​អនុវត្ត​លើ​ផ្ទៃ​ប្រទេស​ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៥ ដែល​ធ្វើ​ការធានា​ឱ្យបាន​ល្អប្រសើរ​ឡើង​នូវ​សន្តិសុខ​ទឹក​ជូន​ដល់​គ្រប់​វិស័យ​ចាប់ពី​អាង​ទន្លេ អាង​ទន្លេ​រង​របស់​វា និង​ដល់​ថ្នាក់​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​ខ្នាត​ទាំងអស់​។

ជាដំបូង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF និង​ ADB ​នឹង​ប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង​វិស័យ​ធនធានទឹក​ដោយ​វិធានការ​ចម្រុះ​ក្នុង​ការបញ្ជា​ទឹក គ្រប់គ្រង​ទឹក និង​ប្រើប្រាស់​ទឹក​ ដើម្បី​ទប់ទល់​ឱ្យខាង​តែបាន​លើ​បម្រែបម្រួល​អាកាសធាតុ ការឡើង​កម្តៅ​ជា​អតិបរមា​នៃ​ភពផែនដី និង​ទប់ទល់​នឹង​គ្រោះធម្មជាតិ​គ្រប់​ប្រភេទ​ទាំងអស់​៕