កំពង់ចាមៈ ក្រសួង​អប់រំ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «​ការអនុវត្ត​សាកល្បង​កម្មវិធី​សមមូល​មធ្យមសិក្សា​បឋម​ភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​» ដើម្បី​ផ្តល់​បទពិសោធ​ក្នុង​ការរៀបចំ​មេរៀន​ និង​បទពិសោធ​ក្នុងការ​អនុវត្ដ​ការរៀន​ពី​ចម្ងាយ​។

វគ្គបណ្ដុះបណ្ដាល​នេះ​ក៏មាន​គោលបំណង​ផ្តល់​ចំណេះដឹង​ក្នុង​ការដំឡើង និង​ប្រើប្រាស់​កម្មវិធី​មួយចំនួន​ដែល​គាំទ្រ​ដល់​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​កម្មវិធីសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​កម្មវិធី​សមមូល​មធ្យមសិក្សា​បឋម​ភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ​។

លោក ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​នា​ថ្ងៃទី​ ២៩ ខែមេសា ថា សិក្ខាសាលា​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ជួយ​ជ្រោមជ្រែង​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​លើកកម្ពស់​វិស័យ​អប់រំ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ជាពិសេស ដើម្បី​បណ្ដុះបណ្ដាល​គ្រូ​កម្មវិធី​សមមូល​មធ្យមសិក្សា​បឋម​ភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ​លើ​ការបង្រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្រៀន​ដល់​ក្រុម​មុខសញ្ញា ដូចជា​កុមារ​ជួប​ការលំបាក កុមារ​ និង​យុវជន​នៅក្រៅ​សាលា និង​ជន​ពេញវ័យ​»៕