ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ) ស្នើឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​យកចិត្ត​ទុកដាក់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ ដោយ​លោក​បានចាត់ទុក​ដំណើរការ​បោះឆ្នោត គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ប្រកប​ដោយ​មោទនភាព​ជាតិ​។ ​នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

លោក ស ខេង បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរស្ថាប័ន ស្តីពី​កិច្ចការពារ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ ​២០២២-២០២៤ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៩ ​ខែមេសា​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ រួមទាំង​លោក ប្រាជ្ញ ច័ន្ទ ប្រធាន គជប ផងដែរ​។

លោក ស ខេង មានប្រសាសន៍​ថា៖ «​ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ជាច្រើនលើក​ច្រើនសា​នាពេល​កន្លង​មក រួមទាំង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នាពេល​ខាងមុខ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​មោទនភាព​ជាតិ ដែលជា​សក្ខីភាព​នៃ​ឆន្ទៈ​នយោបាយ និង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំង​ឥស្សរជន​នៃ​បណ្ដា​គណបក្ស​នយោបាយ​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពង្រឹង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ ដើម្បី​ភាព​សុខក្សេមក្សាន្ត សម្បូរ​រុងរឿង ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ ព្រមទាំង​ការលើក​កម្ពស់​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​»​។

លោក ស ខេង បាន​សង្កត់ធ្ងន់​ថា កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​ខាងមុខនេះ គឺជា​ដំណាក់កាល​តស៊ូ​ប្រកប​ដោយ​ការប្រកួត​ប្រជែង​យ៉ាង​តឹងតែង និង​ក្ដៅគគុក​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម ហើយក៏​ជា​ដំណាក់កាល​ដែល​ងាយ​នឹង​កើតឡើង​នូវ​ទំនាស់ ឬ​បទល្មើស​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ឧបសគ្គ​រារាំង ឬ​បន្ទុចបង្អាក់​ដល់​កិច្ចដំណើរការ​បោះឆ្នោត​។

លោក​ឧបនាយករដ្ឋមន្ត្រី​បានផ្ដល់​ការណែនាំ​ដល់​ថ្នាក់ជាតិ​ឱ្យ​ប្រគល់​តួនាទី​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ដែល​ជា​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​រាជធានី​ខេត្ត ទទួល​ខុសត្រូវ​ដឹកនាំ​ដោយផ្ទាល់​ក្នុង​កិច្ចការ​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ភូមិសាស្ត្រ របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​គ្រប់​ហេតុការណ៍ ទំនាស់​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន ត្រូវខិតខំ​ដោះស្រាយ​ពី​ដើមទី ដោយ​មិនត្រូវ​ទុកឱ្យ​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ​ដែល​អាច​បង្កឱ្យមាន​ចលាចល​សង្គម ក្លាយជា​ឧបករណ៍​នៃ​ការកេងចំណេញ​ផ្នែក​នយោបាយ​ឡើយ​»​។

ភ្ជាប់​នឹង​ការណែនាំ​មួយចំនួន​ទៀត​នោះ លោក ស ខេង ក៏​ស្នើឱ្យ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ទាំងអស់​មាន​ជំហរ​អព្យាក្រឹត្យ គោរព​ច្បាប់​ស្ដី បទបញ្ជា នីតិវិធី​នៃ​ការបោះឆ្នោត និង​ក្រមសីលធម៌ ដោយ​ត្រូវ​បង្ក​ភាពងាយស្រួល និង​ផ្ដល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្សនយោបាយ បេក្ខជន​ទាំងអស់ តំណាង​គណបក្ស​នយោបាយ វាគ្មិន អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ប្រកប​ដោយ​តម្លាភាព និង​ដោយ​គ្មាន​ការរើសអើង​។

លោក​ក៏បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អង្គការ សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ចូលរួមចំណែក​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​ក្នុង​ដំណើរការ​បោះឆ្នោត ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់ និង​ការបោះឆ្នោត​បន្តបន្ទាប់​ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​៕

លោក ស ខេង នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២៩ ​មេសា​។ រូបថត នគរបាលជាតិ