ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ​ខែមេសា​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ​ ២០២២ មាន​អ្នកសង្កេតការណ៍ សរុប​ចំនួន ២៧ ៩២៦ ​រូប ក្នុង​នោះ​ស្ត្រី សរុប​ចំនួន ១៦ ៦២២ រូប​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៥ ឆ្នាំ​ ២០២២​។

អ្នកសង្កេតការណ៍​ដែល​បានដាក់​ពាក្យស្នើសុំ និង​អនុញ្ញាត​ទាំងនោះ​មកពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ចំនួន​ ៧​។ ក្នុងនោះ​រួមមាន​សមាគម​បញ្ញវន្ត និង​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ ៤៦​ រូប​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន​ ១៧ ២៦៦ ​រូប​, គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សារី និង​យុត្តិធម៌​នៅ​កម្ពុជា​ (​ខុមហ្វ្រែល​) ​ចំនួន​ ២៦​ រូប​, សមាគមន៍​នារី​កម្ពុជា​ ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ចំនួន​ ៩ ៨៣៥, អង្គការ​សុខភាព​ផ្លូវចិត្ត​បែប​បុរាណ និង​សម័យ​ចំនួន​ ១៥ ​រូប​, សមាគម​មិត្ត​យើង​ចំនួន​ ២៧ ​រូប និង​សមាគម​សហព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ចំនួន​ ៧១១ ​រូប​ផងដែរ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​បាននិង​កំពុង​តែពិនិត្យ​លើ​សំណើ​ពី​សមាគម និង​អង្គការ​ជាច្រើន​ទៀតផង​ដែរ​។

ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី​ ១៥ ខែកុម្ភៈ ដល់​ថ្ងៃទី​ ២៥ ខែឧសភា​ឆ្នាំ​ ២០២២​ នេះ​។ គំរូ​ពាក្យសុំ​ចុះឈ្មោះ​សម្រាប់​អ្នកសង្កេតការណ៍​ជាតិ​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ ឬ​អាច​ទាញយក​ពី​គេហទំព័រ របស់ គ.ជ.ប www.nec.gov.kh/khmer/content/5270 និង​ត្រូវ​ដាក់ពាក្យ​នៅ​ទីស្តីការ គ.ជ.ប (​ការិយាល័យ កិច្ចការ​គណបក្សនយោបាយ និង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាន់​ទី​ ៩) រៀងរាល់​ម៉ោង​ធ្វើការ ពេលព្រឹក​ពី​ម៉ោង ៧:០០ ​នាទី ដល់ ១១:៣០ ​នាទី និង​ពេល​រសៀល​ពី​ម៉ោង ១៤:០០ ​នាទី ដល់ ១៧:៣០ ​នាទី​៕