រូបចម្លាក់​ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមាន​អាយុកាល ១ ៥០០ ឆ្នាំ និង​វត្ថុ​បុរាណ​ដទៃទៀត​របស់​កម្ពុជា​នឹង​ត្រូវ​បានដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ាន Smithsonian ក្នុង​ទីក្រុង Washington ពីថ្ងៃ​ទី​ ៣០ ខែមេសា ដល់​ថ្ងៃទី​ ១៨ ខែកញ្ញា​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃទី​ ២៩ ខែមេសា នេះ បានឱ្យ​ដឹងថា សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ាន Smithsonian នឹងដាក់​បង្ហាញ​រូបចម្លាក់​ព្រះក្រឺស្ណរៈគោវ៌ធន ពី​ភ្នំ​ដា ស្រុក​អង្គរ​បូរី​របស់​ប្រទេស​កម្ពុជា ដែល​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជាយូរ​មក​លើ​ការអភិរក្ស​វប្បធម៌ រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​កម្ពុជា​។

ពិព័រណ៍​នេះ មាន​ឈ្មោះថា «​បង្ហាញ​ព្រះ​ក្រឹស្ណរៈគោវ៌ធន៖ ដំណើរ​ទៅកាន់​ភ្នំ​ដ៏​ពិសិដ្ឋ​នៅ​កម្ពុជា​» នឹង​បង្ហាញ រូបចម្លាក់​ព្រះ​សាសនា​ហិណ្ឌូ ដើម្បី​ការពារ​ប្រជារាស្ត្រ​ព្រះអង្គ​ពី​ព្យុះភ្លៀង​ដែល​បង្កើតឱ្យមាន​ឡើង​ដោយ​ព្រះ​មួយ​ដែលមាន​ការខឹង​សម្បា​។ កន្លងមក ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​សាមន្ទីរ​សិល្បៈ Cleveland Museum of Arts​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ទឹកចិត្ត​ឱ្យ​សាធារណជន​ទស្សនា​ពិព័រណ៍​ពិសេស​នេះ នៅក្នុង​វីដេអូ​មួយ ដែល​ត្រូវបាន​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​។

លោក​មានប្រសាសន៍​ថា៖ «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការខិតខំ និង​កិច្ចសហប្រតិបត្តិការ​អស់​រយៈពេល​ដ៏យូរ​មក​របស់​យើង ក្នុង​ការអភិរក្ស ជួសជុល និង​បង្ហាញឱ្យឃើញ​ពី​បេតិកភណ្ឌ​ដ៏អស្ចារ្យ​របស់​ប្រទេស​កម្ពុជា​នៅ​ទូទាំង​សកលលោក​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ចាប់តាំងពី​ឆ្នាំ ២០០១ មក​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៥ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ការងារ​អភិរក្ស​វប្បធម៌ តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ និង​ថវិកា​ជំនួយ​ឥតសំណង​ដទៃទៀត​៕

វីដេអូ៖