ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​កងទ័ព កម្ពុជា-ជប៉ុន បន្ត​កិច្ច​សហប្រតិបត្តិ ដែល​មាន​ស្រាប់ ដោយ​ធ្វើ​ការ​ហ្វឹកហ្វឺន​រួមគ្នា​ដើម្បី​សង្គ្រោះ​បន្ទាន់​ពី​គ្រោះ​មហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម។

លោក ហ៊ុន សែន ជំរុញ​បែប​នេះ​ក្នុង​ជំនួប​នា​ថ្ងៃទី​២៩ ខែ​មេសា ជាមួយ​លោក យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការ​ចម្រុះ​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​រយៈពេល ២​ថ្ងៃ របស់​គណៈប្រតិភូ​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន​នៅ​កម្ពុជា។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា៖ «សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​លើក​ទឹក​ចិត្ត​ឱ្យ​កងទ័ព​ប្រទេស​ទាំង ២ បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កម្មវិធី​ដែល​មាន​ស្រាប់ យក​ចិត្ត​ទុក​ដាក់​ ជាពិសេស លើ​ការ​ហ្វឹកហ្វឺន​រួមគ្នា ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ពីគ្រោះ​មហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម»។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា លោក Yamazaki បាន​កោត​សរសើរ​កម្ពុជា​ដែល​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ទៅ​ទូទាំង​ពិភពលោក។

លោក​ថ្លែង​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កាន់​កម្ពុជា គឺ​មាន​គោល​បំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ​ស្រប​ទៅ​តាម​សេចក្តី​ប្រកាស​រួម​របស់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ២ កន្លងមក។

ក្នុង​ជំនួប​ជាមួយ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក នា​ថ្ងៃ​ទី​២៨ ខែ​មេសា លោក​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង​លើ​វិស័យ​ការពារ​ជាតិ ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហ្វឹកហ្វឺន​សមយុទ្ធ​សម្រាប់​ជំនួយ​មនុស្ស​ធម៌ សង្គ្រោះ​បន្ទាន់​ពី​គ្រោះ​មហន្តរាយ និង​ទប់ស្កាត់​អំពី​អំពើ​ភេរវកម្ម និង​ឈាន​ឆ្ពោះ​ទៅ​ទទួល​បាន​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ​ផង៕