The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អ្នករុករក​ដែល​បាន​ចុះទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​កម្ពុជា​ជម្រៅ ​៧៥​ ម៉ែត្រ ចាត់ទុកថា​ អាចជា​ជម្រក​ត្រី​ទឹកសាប​ចុងក្រោយ​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​

ក្រុម​អ្នករុករក​ដែល​បាន​ចុះទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​កម្ពុជា​ជម្រៅ ​៧៥​ ម៉ែត្រ ចាត់ទុកថា​ អាចជា​ជម្រក​ត្រី​ទឹកសាប​ចុងក្រោយ​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​

Content image - Phnom Penh Post

ក្រុម​អ្នករុករក​ដែល​បាន​ចុះទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​កម្ពុជា​ជម្រៅ ​៧៥​ ម៉ែត្រ ចាត់ទុកថា​ អាចជា​ជម្រក​ត្រី​ទឹកសាប​ចុងក្រោយ​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​

ភ្នំពេញៈ ក្រុម​អ្នករុករក​ក្រោម​ទឹក​ដ៏​ល្បីល្បាញ​មួយក្រុម​បាន​ចុះទៅ​ក្នុង​ទឹក​ជម្រៅ​ប្រហែល ​៧៥​ ម៉ែត្រ​នៅក្រោម​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា ដែលជា​តំបន់​សំខាន់​នៃ​ពពួក​មច្ឆជាតិ និង​ការ​ចិញ្ចឹមជីវិត ដែល​ត្រូវបាន​ចាត់ទុកថា​ប្រហែល​អាចជា​ជម្រក​ចុងក្រោយ​នៃ​ត្រី​ទឹកសាប​ដែលមាន​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​។​

​បេសកកម្ម​ស្វែងរក​អន្លង់​ជ្រៅ​បំផុត​ដែល​មិន​ធ្លាប់​ត្រូវបាន​គេ​រុករក​នៅ​ទន្លេមេគង្គ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ដែល​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ហើយ​បេសកកម្ម​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២៣ ខែមេសា ហើយ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៧ ខែមេសា គឺមាន​រយៈពេល​៥​ថ្ងៃ​។​

​លោក ហ្សេ​ប ហូ​ហ្គេ​ន (Zeb Hogan) ជីវ​វិទូ​មច្ឆជាតិ និង​ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ថ្លែងថា​៖ «​យើង​នឹងធ្វើ​ការរុករក​ក្នុង​ទន្លេមេគង្គ​យ៉ាងជ្រៅ ដែលជា​ពិភព​មួយ​ផ្សេងទៀត កន្លែង​មួយ​នៅក្នុង​អាណាចក្រ​លាក់កំបាំង លម្ហ​ងងឹត ពាសពេញ​ដោយ​ត្រី​ដ៏​កម្រ និង​ប្លែកៗ​ដូចជា ត្រី​បបែល​យក្ស និង​ត្រី​រាជ​»​។​

​តំបន់​ដែល​អ្នកវិទ្យាសាស្ត្រ​ត្រូវធ្វើ​ការស្រាវជ្រាវ​នឹង​ផ្តោតលើ គឺ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​តំបន់ដីសើម​រ៉ា​ម​សា ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ​។ តំបន់​នេះ គ្របដណ្ដប់​ដោយ​ព្រៃ​លិច​ទឹក ផ្ទាំង​ថ្ម កោះ​ខ្សាច់ បណ្តាញ​ខ្សែទឹក​ចាក់ស្រេះ អន្លង់​ជ្រៅៗ និង​ថ្ម​ប៉ប្រះ​ទឹក និង​ទឹក​ហូរ​។ តំបន់​នេះ​ក៏​ជា​ជម្រក​របស់​ត្រី​ទន្លេមេគង្គ​ជាង​១ ០០០​ប្រភេទ ដែល​រួមមាន ប៉ា​វ៉ា​មុខ​ពីរ ត្រី​ក្របី និង​ប្រា​ធំ ដែល​ធ្លាប់ជា​អាហារ​ចម្បង​ក្នុងប្រទេស​កម្ពុជា​។​

​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា តំបន់​ទាំងនេះ​មាន​សារៈសំខាន់​ជាទី​ជម្រក​របស់​ត្រី​នៅ​រដូវប្រាំង និង​ជា​តំបន់​ពង​កូន​សំខាន់ៗ ហើយក៏​ប្រហែលជា​ជម្រក​ចុងក្រោយ​របស់​ប្រភេទ​ត្រី​យក្ស​ដែល​ជិត​ផុត​ពូជ​ផងដែរ​។ វា​ជា​តំបន់​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​តំបន់​ពិសេស និង​ត្រូវបាន​ការពារ​ដោយ​សហគមន៍​មូលដ្ឋាន​។

​ដើម្បី​សិក្សា​តំបន់​សំខាន់ៗ​ទាំងនេះ លោក Hogan និង​សហប្រធាន​ដឹកនាំ​គម្រោង​នេះ​គឺ​លោក ស៊ូ​ឌី​ប ចាន់​ដ្រា (Sudeep Chandra) បាន​សហការ​ជាមួយ​ក្រុម​អ្នក​ជីវ​វិទូ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អ្នកស្រាវជ្រាវ​សមុទ្រ​ជ្រៅៗ លោកស្រី កា​កា​នី កា​ទី​ចា (Sudeep Chandra) និង​ក្រុម​ស្រាវជ្រាវ​របស់លោក​ស្រី​ដែល​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​វប្បដ្ឋាន​ម៉ុង​តឺ​រី​បេ​យ៍ (Monterey Bay) នៃ​សហរដ្ឋអាមេរិក និង លោក ខេន​នី ប្រ៊​ដ (Kenny Broad) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មៃ​អា​មី (University of Miami) នៅ​សហរដ្ឋអាមេរិក​, អ្នកវិទ្យាសាស្ត្រ​បរិស្ថាន​, អ្នក​មុជទឹក​ក្នុង​រូងភ្នំ​, និង​អ្នករុករក​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០១១​។ ពួកគាត់​ជា​អ្នកជំនាញ​ក្នុងការ​រុករក និង​សិក្សា​អំពី​ជម្រក​ក្រោម​ទឹក​ដែលមាន​ជម្រៅ​ដ៏​ជ្រៅ​។​

​លោក Hogan ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃទី​២៩ ខែមេសា ថា​៖ «​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​គឺ​ការចុះ​ដល់​បាតទន្លេ​។ កន្លែង​ជ្រៅ​បំផុត​របស់​វា​ស្ថិតនៅក្រោម នីវ៉ូទឹក​សមុទ្រ​ទៅទៀត​។ ក្រៅពី​ងងឹត និង​ស្ងាត់ឈឹង ទឹក​សម្បូរ​ដោយ​ភាគល្អិតៗ​យ៉ាង​ក្រាស់​»​។​

​ក្នុងការ​រុករក​នេះ ក្រុមការងារ​ប្រើប្រាស់​ឧបករណ៍​មុជទឹក​គ្មាន​មនុស្ស​បើក​ដែល​បំពាក់​ដោយ​ភ្លើង និង​កាមេរ៉ា​មួយចំនួន ដោយ​ព្យួរ​កាមេរ៉ា​ជាប់​នឹង​ខ្សែ​វែង​ទម្លាក់​ចុះ ហើយ​យក​កាមេរ៉ា​វីដេអូ ប្រើ​ជា​ភ្នែក​និង​ត្រចៀក​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​វិញ ដោយ​ចាប់​រូបភាព និង​សំឡេង​។

​ដើម្បី​វាយតម្លៃ​បរិយាកាស​ប្លែកៗ គេ​ប្រើ​ឧបករណ៍​សម្រាប់​វាស់​ជម្រៅ​ទឹក និង​កម្លាំង​ហូរ ព្រមទាំង​ឧបករណ៍​សម្រាប់​គូស​ផែនទី​បាតទន្លេ និង​ចរន្តទឹក​។​

​ជំរំ​មូលដ្ឋាន​របស់​ក្រុមការងារ​គឺ​បោះ​នៅជាប់​នឹង​អន្លង់​ជ្រៅ​បំផុត​មួយ​នៃ​ទន្លេមេគង្គ​កម្ពុជា និង​កន្លែង​ការពារ​ត្រី​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ការពារ​ត្រី​ពង​កូន​។ តំបន់​នោះដែរ មាន​កោះ​ដែល​គេ​បោះជំរំ​ជាទី​តាំង​នេសាទ​តូចៗ អ្នកនេសាទ​ពនេចរ​ដែល​ផ្លាស់​ទី​ពី​កោះ​មួយ​ទៅ​កោះ​មួយ ពី​រដូវ​មួយ​ទៅ​រដូវ​មួយ​។ ខ្សែទឹក​ខាងលើ​ឆ្លង​ព្រំដែន​ឡាវ​គឺ​ល្បាក់ខោន ដែលជា​ច្រក​ទឹកធ្លាក់​ដ៏​សំខាន់​តែមួយគត់​របស់​ទន្លេមេគង្គ​។​

​លោក Hogan បន្តថា អន្លង់​ជ្រៅៗ​ទាំងនេះ អាចមាន​សក្តានុពល​ក្នុងការ​ប្រើ​ជា​កន្លែង​សម្រាប់​លែង​ត្រី​ជិត​ផុត​ពូជ ស្រដៀង​ទៅនឹង​អ្វីដែល​ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បានធ្វើ​កាលពី​ខែ​មុន នៅក្នុង​បឹង​ទន្លេសាប​។

​លោកស្រី ជា សីលា អ្នកគ្រប់គ្រង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​នេះ​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដែល​ធ្វើការ​ការពារ​សុខុមាលភាព ការតភ្ជាប់​គ្នា​របស់​ទន្លេ និង​ប្រជាជន ធនធាន​ជលផល និង​សត្វព្រៃ​ដែល​ផ្គត់ផ្គង់​ដោយ​ទន្លេ​នេះ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍