តាកែវៈ រដ្ឋបាល​ខេត្តតាកែវ​បានប្រកាស​ចាប់ផ្តើម​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នៅក្នុង​ភូមិ​ចំនួន​២​ស្ថិតក្នុង​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស​ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​២៩​ខែមេសា​នេះ​តទៅ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​។

​រដ្ឋបាលខេត្ត​តាកែវ​បាន​ជូនដំណឹង​ដល់​អ្នកកាន់កាប់​ដីស្រែ​ចម្ការ និង​ដី​លំនៅឋាន ឬ ដី​សាងសង់ ព្រមទាំង​គ្រប់​មន្ទីរ អង្គភាព និង​ស្ថាប័ន ឬ ភ្នាក់ងារ​ហិរញ្ញវត្ថុ​ដែលមាន​ពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់​នៅក្នុង​តំបន់​ធ្វើការ​វិនិច្ឆ័យ​នៃ​ភូមិ​សំរោង​ម្រះ និង​ភូមិ​ថ្នល់​បត់ ឃុំ​បាន​កាម​ថា គណៈកម្មការ​រដ្ឋបាល​ធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដែលមាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ដែល​ក្រុម​ប្រតិបត្តិ កម្មវិធី​បានធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​កន្លងមក​។

​សាធារណជន​ជា​អ្នកកាន់កាប់​ដីស្រែ ចម្ការ និង ដី​លំនៅឋាន ឬ ដី​សាងសង់ ព្រមទាំង​គ្រប់​មន្ទីរ អង្គភាព​នានា​ដែលមាន​ការពាក់ព័ន្ធ​នឹង​ដីធ្លី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ សូមមេត្តា​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ដែលមាន​នៅក្នុង​ឯកសារ​នៃ​ការវិនិច្ឆ័យ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ ជំទាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយៈពេល ១៥​ថ្ងៃ (​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក ) គឺ​គិតពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២​ជា​កំហិត​។ ទីតាំង​នៃ​ការបិទ​ផ្សាយ​គឺធ្វើឡើង​នៅ​ស្នាក់ការ​ភូមិ​ថ្នល់​បត់​។​

​រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា​៖«​ផុត​រយៈពេល​កំណត់​ខាងលើ គណៈកម្មការ​រដ្ឋបាល​សន្មត​ថា ទិន្នន័យ​ដែល​បើកចំហ​ជូន​ពិនិត្យ ជា​សាធារណៈ​នេះ​មាន​ភាពត្រឹមត្រូវ​ហើយ​មិនអាច​ជំទាស់​ឬ​តវ៉ា​នៅពេល​ក្រោយ​ទៀត​បានឡើយ​»​។

​ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នេះ គណៈកម្មការ​រដ្ឋបាល​នឹង​ធ្វើការ​បូកសរុប​ហើយ​លើកសំណើ​ផ្ដល់​សិទ្ធិ​លើ​អចលនវត្ថុ​ទៅ​អភិបាលខេត្ត ដើម្បី​ពិនិត្យ សម្រេច រួច​បញ្ជូន​រដ្ឋបាល សុរិយោដី​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​) ជូន​អ្នកកាន់កាប់​ណា​ដែល​បាន​បំពេញ​គ្រប់លក្ខណៈ​ច្បាប់​៕

វីដេអូ៖