រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងនាម​ក្រសួង​ព័ត៌មាន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បានបង្ហាញ​ពី​ការគាំទ្រ​និង​បន្ត​ខិតខំ​យ៉ាង​មោះមុត​ក្នុងការ​លើកកម្ពស់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ប៉ុន្តែ​លោក​បាន​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​ប្រទេស​មួយចំនួន​ដែល​អនុវត្ត​គោលការណ៍​ស្តង់ដា​ពីរ​ចំពោះ​សេរីភាព​សារព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ បានលើកឡើង​តាមរយៈ​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែមេសា ថា ក្រសួង​ព័ត៌មាន បាននិងកំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការបញ្ចេញមតិ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា​អាចអនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិនមាន​ការភ័យខ្លាច ប៉ុន្តែ​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​មានប្រសាសន៍ថា ៖ «​ការលើកកម្ពស់​សេរីភាព​នេះ ក៏​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​នៅ​ពាសពេញ​ពិភពលោក អាច​ជ្រើសរើស​មាគ៌ា ឬ​ថ្នាក់ដឹកនាំ ឬ​អ្នកដឹកនាំ​របស់ខ្លួន ដោយ​ការយល់ដឹង​ច្បាស់​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​សង្ឃឹមថា​ជនរួមជាតិ​ទាំងអស់​មិន​ថា​នៅក្នុង​ប្រទេស ឬ​ក្រៅប្រទេស នឹង​បន្ត​ខិតខំ​គាំទ្រ​គោលការណ៍​សេរីភាព​នៃ​ការបញ្ចេញមតិ រួមទាំង​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន​នេះ ឱ្យបាន​ល្អជា​ទូទៅ​ទាំងអស់គ្នា​»​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក្នុងនាម​ក្រសួង​ព័ត៌មាន បាន​សម្តែង​នូវ​ការខកចិត្ត​ក្នុង​ការវិវត្ត​នៃ​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ជាពិសេស​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​សង្កេតឃើញថា​មាន​និន្នាការ​ក្នុងការ​លុបបំបាត់​ស្ថានីយ​ផ្សាយ​នេះ ស្ថានីយ​ផ្សាយ​នោះ ឬក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ ដែលជា​ការផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​សេរីភាព​នៃ​ការបញ្ចេញមតិ និង​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន​។​

​ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់​ឱ្យ​ខិតខំ​អនុវត្ត​សេរីភាព​សារព័ត៌មាន ឱ្យមាន​ស្តង់ដា​តែមួយ ដើម្បី​សុខុមាលភាព សេរីភាព សន្តិភាព និង​ដើម្បី​ជា​ជម្រើស​ប្រកបដោយ​សេរីភាព ក្នុងការ​សម្រេចចិត្តរ​បស់​ប្រជាជន​គ្រប់រូប​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខនេះ លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​២៩ ក្រោម​មូលបទ «​សារព័ត៌មាន​ក្រោម​សម្ពាធ​ប្រព័ន្ធ​ឌីជីថល​» នៅ​រាជធានី​ភ្នំពេញ​៕