ព្រះសីហនុៈ អភិបាលរង​ខេត្ត​ព្រះ​សីហ​ហ​នុ លោក គង់ វិ​តាណៈ បាន​គូសបញ្ជាក់ថា​ក្រុមការងារ​កំពុង​សិក្សា​ប្រមូល​ទិន្នន័យ​រៀបចំ​គោលដៅ និង​ផែនការ​សកម្មភាព សម្រាប់​ការរៀបចំ​ផែនការមេ ក្នុង​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​»​។

​ការ​ថ្លែង​របស់ លោក គង់ វិ​តាណៈ បែបនេះ​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ លោក Razeb chowdhury ទីប្រឹក្សា​គោលនយោបាយ នៃ​កម្មវិធី​ស្រ៊ី​អាយ (3i) លើ​សេចក្តីព្រាង​របាយការណ៍​ស្ថាបត្យកម្ម​បច្ចេកទេស និង​ក្របខ័ណ្ឌ​អន្តរ​ប្រតិបត្តិការ​ទីក្រុង​ឆ្លាត​វៃ នៅ​សណ្ឋាគារ​ឯករាជ្យ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៨ ខែមេសា​។

​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​ទីក្រុង​ឆ្លាត​វៃ​ក្រុងព្រះសីហនុ ថ្លែងថា ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​ក្រុង​ឆ្លាត​វៃ ដែលជា​ខេត្ត​មាន​សក្តានុពល​ធំធេង រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ទាំង វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដែលមាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា​។

​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​និង​ប្រកាស​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​«​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ក្រោម​ការសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការមេ​។

​លោក​ថា បច្ចុប្បន្ន​ក្រុមការងារ​កំពុងធ្វើការ​សិក្សា​ប្រមូល​ទិន្នន័យ​រៀបចំ​នូវ​គោលដៅ និង​ផែនការ​សកម្មភាព សម្រាប់​ការរៀបចំ​ផែនការមេ ដោយ​ក្នុង​ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ​និង​អភិវឌ្ឍ «​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញ ចូល​អន្តរជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ជាតិ ដោយមាន​ទំនាក់ទំនង ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប ដែលមាន​សុខដុម​នីយកម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​»​។​

​លោក​អភិបាលរង​ខេត្ត​នេះ បាន​ថ្លែងអំណរគុណ​(3i)​ដែល​បាន​ខិតខំ​ចូលរួម​ដើម្បី​ការអភិវឌ្ឍ​ក្រុងព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ទឹកប្រាក់​ក្នុងការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ក៏ដូចជា​ការ​កៀរគរ​រក​អ្នកវិនិយោគ​ផ្សេងៗ​ដើម្បី​ធ្វើការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​។

​លោក​ថ្លែងថា​៖«​យើង​អាច​ហៅ​បាន​ថា​ជា​ក្របខ័ណ្ឌ​ប្រព័ន្ធ​ឌីជីថល សម្រាប់​ការផ្តល់សេវា​រដ្ឋបាល​សាធារណៈ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដូច្នេះ​សូម​ចូលរួម​ដោយ​យកចិត្តទុកដាក់ ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​ទីក្រុង​ឆ្លាត​វៃ​ជា​សកល ដើម្បី​ចូលរួម​ផ្តល់​មតិយោបល់ ផ្តល់ព័ត៌មាន​សំខាន់ៗ និង​លើក​ជា​អនុសាសន៍ សម្រាប់​រួមចំណែក​ដល់​ការរៀបចំ​ឯកសារ​ក្របខ័ណ្ឌ​នេះ កាន់តែ​ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ​»​។

​លោក Razeb chowdhury ទីប្រឹក្សា​គោលនយោបាយ នៃ​កម្មវិធី​ស្រ៊ី​អាយ​(3i)​បានធ្វើ​បទ​បង្ហាញ​ស្ដីពី​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រ៊ី​អាយ​(3i) ដែលជា​កម្មវិធី​ជំនួយឥតសំណង​របស់​ក្រសួង​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​(DFAT)​បាននិងកំពុង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងសកម្ម ក្នុង​រយៈពេល ៦​ឆ្នាំ​កន្លងមកនេះ ក្នុងការ​បំពេញ​ចន្លោះ​ខ្វះខាត​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។

​លោក​ថ្លែងថា​៖«​កម្មវិធី​ស្រ៊ី​អាយ​(3i)​បាននិងកំពុង​សហកា​រ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ទីក្រុង​ឆ្លាត​វៃ ក្នុង​គោលបំណង​បង្កើនល្បឿន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុងការ​រៀបចំ​ផែនការ​ផ្តល់​សេវាសាធារណៈ និង​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​ក្រុង តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ឱ្យ​ប្រែ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ និង​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​យាប​ន្ន និង​និរន្តរភាព​» ។

​លោក​បន្តថា បច្ចុប្បន្ន (3i)​បាននិងកំពុង​អនុវត្ត​គម្រោង​សិក្សា​ចំនួន​ទាំងពីរ ដែល​ទទួលបាន​ការយ​ល់​ព្រម និង​សហការ​ពី​រដ្ឋបាលខេត្ត​ក្នុងនោះ​ទី​១​គឺ គឺ​សិក្សា​បង្កើត​ស្ថាបត្យកម្ម​បច្ចេកទេស និង​ក្របខ័ណ្ឌ​អន្តរ​ប្រតិបត្តិការ​ទីក្រុង​ឆ្លាត​វៃ​គម្រោង​សិក្សា​ពី​ស្តង់ដា និង​តម្រូវការ​ប្រព័ន្ធ​ឌីជីថល ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ទីក្រុង​ឆ្លាត​វៃ​ទាំងមូល​របស់​ខេត្ត​ព្រះសីហនុ ហើយ​ការសិក្សា​នឹង​បង្ហាញ​គំនូសបំព្រួញ​នៃ​ប្រព័ន្ធ​ឌីជីថល​សំខាន់ៗ​របស់​ខេត្ត​-​ក្រុង និង​របៀប​ដែល​ប្រព័ន្ធ​ទាំងនោះ​អន្តរ​ប្រតិបត្តិការ​ជាមួយគ្នា ព្រមទាំង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទិន្នន័យ​ដែលជា​ស្តង់ដា​សំខាន់​សម្រាប់​កំណត់​ការបង្កើត​កម្មវិធី​សូ​ហ្វែ​(SOFTWARE)​ផ្សេងៗ និង​សម្រាប់​ការធ្វើ​លទ្ធកម្ម​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មានគុណ​វឌ្ឍន៍​។​

​ចំណែក​ទី ២.​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​សាកល្បង​ចំណត​ទីក្រុង​ឆ្លាត​វៃ​គម្រោង​សិក្សា​លម្អិត​លទ្ធភាព​បច្ចេកទេស លទ្ធភាព​ហិរញ្ញវត្ថុ ក្នុងការ​ទាក់ទាញ​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ និង​ប្រតិបត្តិ​ប្រព័ន្ធ​ចំណត​ទីក្រុង​ឆ្លាត​វៃ ការសិក្សា​កំណត់​នូវ​គំរូ​បច្ចេកទេស ដែល​ឆ្លើយតប​ទៅនឹង​ស្តង់ដា​កំណត់ដោយ​ស្ថាបត្យកម្ម​បច្ចេកទេស គំរូ​ពាណិជ្ជកម្ម និង​គំរូ​ភាពជា​ដៃគូ រដ្ឋ​-​ឯកជន ដែល​សមស្រប ដើម្បី​បង្កើន​អត្ថប្រយោជន៍​សាធារណៈ​ជា​អតិបរមា​ស្របពេល​ធានា​នូវ​ផលចំណេញ​សមរម្យ​សម្រាប់​អ្នកវិនិយោគ ឬ​ប្រតិបត្តិ​ករ​៕