ភ្នំពេញៈ ក្នុងខែមេសា មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យព្យាបាលកុមារឈឺជិត ៤ ម៉ឺននាក់ ខណៈកុមារមានជំងឺធ្ងន់ៗចំនួនជាង ៧ ០០០ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
របាយការណ៍មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា៖ «កុមារឈឺចំនួន ៣៩ ៣៦៥នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗចំនួន ៧ ៥៥៥នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមារមានជំងឺគ្រុនឈាម ចំនួន ៨២នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ»។
បើតាមរបាយការណ៍ កុមារចំនួន ១ ៦៣៦នាក់ ត្រូវបានទទួលការវះកាត់។ កុមារចំនួន៧១នាក់បានទទួលការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ និងខេត្តសៀមរាប។
របាយការណ៍បន្តថា នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬហៅថាគន្ធបុប្ផាទី៣ ស្ត្រីមានផ្ទៃពោះចំនួន ៦ ១២៩នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៤៦៦នាក់៕