
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងការងារ
ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារថ្មីត្រង់ចំណុចថា ថ្ងៃបុណ្យប៉ះចំថ្ងៃអាទិត្យ គឺមិនមានការឈប់សងទេ ជាមួយគ្នានោះថ្ងៃបុណ្យចំថ្ងៃអាទិត្យក៏មិនមានប្រាក់ឈ្នួលបន្ថែមដែរ ព្រោះធម្មតាថ្ងៃអាទិត្យមិនមែនជាថ្ងៃធ្វើការងារនោះទេ ។
លោករដ្ឋមន្ត្រីក្រសួងការងារ ថ្លែងបែបនេះនៅ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី ៣០ ខែមេសានេះ។ លោកថា នៅខេត្តកំពង់ស្ពឺមានកម្មកររោងចក្រមួយចំនួនកំពុងមានចម្ងាល់ជុំវិញបញ្ហានេះនិងចង់ឱ្យក្រសួងការងារធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ហេតុនេះក្រសួងការងារកំពុងរៀបចំចម្លើយដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋជាកម្មកររោងចក្រកុំឱ្យមានការយល់ច្រឡំ។
លោកថ្លែងថា៖«យើងកែទម្រង់រឿងនេះ ដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយស្ថានភាពចំណាយច្រើនលើសលប់ពេករបស់អ្នកវិនិយោគ ប៉ុន្តែវិស័យផ្សេងទៀត ដើម្បីបង្កើតឱកាសការងារឱ្យច្រើនបន្ថែមទៀតឱ្យបងប្អូនយើង។អ៊ីចឹងទេរឿងនេះ បងប្អូនមិនទារអីទេ គ្រាន់តែចង់ឱ្យយើងបកស្រាយឱ្យច្បាស់»៕