ភ្នំពេញៈ ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel Kritenbrink នឹងធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ឡាវ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៧ ខែឧសភា​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២៩ ខែមេសា ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​សង្គម​ពីរ ដែល​ក្មេង​ជាងគេ និង​ប្រកបដោយ​ថាមពល​បំផុត​ក្នុងចំណោម​សង្គម​ដែល​ក្មេង​ជាងគេ និង​ប្រកបដោយ​ថាមពល​បំផុត​ផ្សេងទៀត​នៅក្នុង​តំបន់​។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ភាពជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្លងដែន និង​លើកកម្ពស់​អនុតំបន់​មេគង្គ​ប្រកបដោយ​សុវត្ថិភាព បើកចំហ និង​វិបុលភាព​។​

​នៅ​កម្ពុជា លោក Kritenbrink នឹង​ជួប​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត ព្រមទាំង​យុវជន និង​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក និង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំនេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ទាំងពីរ​នេះ លោក Kritenbrink នឹង​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២-១៣ ខែឧសភា នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​នេះ​៕