
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ (គ.ជ.គ.ម) និងអង្គការភីពផលអ៊ីននីត ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុននៃគ្រោះមហន្តរាយនៅកម្ពុជា ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ (គ.ជ.គ.ម) និងអង្គការភីពផលអ៊ីននីត ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុននៃគ្រោះមហន្តរាយនៅកម្ពុជា ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។
ការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្គ្រោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២២ នេះ។
លោក លូកាស ឡូបេក (Lukas Laube) នាយកប្រចាំប្រទេសនៃអង្គការភីពផលអ៊ីននីតនៅកម្ពុជាបានថ្លែងថា គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ រវាង គ.ជ.គ.ម. និងអង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្គ្រោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថា៖ «អនុស្សរណៈនៃការយោគយល់នេះ នឹងមានសុពលភាព សម្រាប់រយៈពេល ៣ ឆ្នាំបន្ត ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខាតទៅ»។
លោក ហង្ស សាមឿន ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គការភីពផលអ៊ីននីតនៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ គ.ជ.គ.ម. ចាប់ពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។ លោកថ្លែងថា៖ «ក្នុងនោះប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ត្រូវបានពង្រីកនៅទូទាំងប្រទេស និងបានទទួលស្គាល់ថាជារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ»។
ជាមួយគ្នានេះលោកបានជំរុញលើកទឹកចិត្តដល់អង្គការភីពផលអ៊ីននីតនៅកម្ពុជាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀតជាមួយ គ.ជ.គ.ម. លើការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តគម្រោង ពិគ្រោះយោបល់ សិក្ខាសាលា ការបណ្ដុះបណ្ដាល និងសកម្មភាពនានារួមគ្នាផងដែរ៕