ភ្នំពេញៈ ក្រសួង​ការងារ​សន្យា​នឹង​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​។

ក្នុង​ពិធី​ប្រារឰ​ខួប​នៃ​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា នា​ថ្ងៃទី​ ៣០ ខែមេសា លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថ្លែងថា​៖ «[​ក្រសួង​ការងារ​នឹង​] បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​»​។

នៅ​ចំពោះមុខ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) តំណាង​សមាគម​និយោជក តំណាង​សហជីព និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋមន្ត្រី​រូបនេះ​ថ្លែងថា ក្រសួង​ការងារ​នឹង​ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ កាតព្វកិច្ច និង​ការទទួល​ខុសត្រូវ​ស្របច្បាប់​របស់​កម្មករ​និយោជិត និង​និយោជក​។

ក្រសួង​ការងារ​ក៏បាន​ប្តេជ្ញាចិត្ត​ជំរុញ​ការអនុវត្ត​យន្តការ​អធិការកិច្ច និង​ធ្វើ​ទំនើបកម្ម​ការធ្វើ​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មានវិទ្យា និង​បន្ត​ពង្រឹង​ការងារ​ចុះ​អធិការកិច្ច​អន្តរក្រសួង ស្ថាប័ន​ដោយ​ធ្វើ​អធិការកិច្ច​ការងារ និង​កម្រិត​ហានិភ័យ​របស់​រោងចក្រ សហគ្រាស​ជា​មូលដ្ឋានចំនួន ១ ​លើក​ក្នុង​ ១ ​ឆ្នាំ​។

លោក អ៊ិត សំហេង បន្តថា ក្រសួង​ការងារ​នឹង​បន្ត​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ឱ្យទទួល​បាន​អត្រា​សះជា​ឱ្យ​កាន់តែ​ខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ភាគី​វិវាទ និង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ការដោះស្រាយ​វិវាទ​បុគ្គល ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

ក្រសួង​ការងារ​សន្យា​នឹង​ពង្រឹង​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជាតិ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​៕