កំពង់ចាមៈ ក្រសួង​អប់រំ​នា​ថ្ងៃទី​ ២៩ ខែមេសា បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​នូវ «​គេហទំព័រ​ធនធាន​សិក្សា​កម្ពុជា​» ដល់​គ្រូបង្រៀន​នៅ​បឋមសិក្សា​-​អនុវិទ្យាល័យ​ទួលថ្ម ខេត្តកំពង់ចាម សម្រាប់​ការទាញយក​ធនធាន​ឯកសារ​ទៅប្រើ​ប្រាស់​បម្រើ​ដល់​ការបង្រៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សម្បូរបែប​ស្របតាម​កំណែទម្រង់​វិស័យ​អប់រំ​តាមបែប​ឌីជីថល​។

គេហទំព័រ​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ក្រោម​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ (USESDP) ដើម្បី​លើកកម្ពស់​ការរៀន និង​បង្រៀន ដែលមាន​ផ្ទុក​ទៅដោយ​មាតិកា​ឌីជីថល​ដូចជា បទបង្ហាញ ករណី​សិក្សា វីដេអូ និង​សំឡេង មេរៀន​សង្ខេប លំហាត់ សន្លឹក​កិច្ចការ ឯកសារ​បង្រៀន សៀវភៅ​ណែនាំ គោលការណ៍​ប្រតិបត្តិ ឯកសារ​ស្រាវជ្រាវ កិច្ច​តែងការ ផ្ទាំង​រូបភាព គំនូរជីវចល​អប់រំ និង​ល្បែង​សិក្សា​ជាដើម​។

ក្រសួង​អប់រំ​បញ្ជាក់​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​នា​ថ្ងៃទី ​២៩ ខែមេសា ថា គេហទំព័រ​នេះ​ផ្តល់នូវ​ធនធាន​អប់រំ​សម្បូរបែប​ពាក់ព័ន្ធ​នឹង​ការងារ​អប់រំ ដើរតួ​ជា​បណ្ណាល័យ​អេឡិចត្រូនិក​សម្រាប់​គ្រូបង្រៀន សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ សាធារណៈ​។

ក្រសួង​អប់រំ​បន្តថា គេហទំព័រ​នេះ​ក៏​នឹង​ជួយ​ពង្រឹងសមត្ថភាព​ឌីជីថល​គ្រូបង្រៀន ដែល​អាចឱ្យ​អ្នកប្រើប្រាស់​អាច​ស្វែងរក​មាតិកា ឬ​ស្នើ​ចែករំលែក​ស្នាដៃ​ស្រាវជ្រាវ​បន្តទៅ​អ្នកដទៃ​លើ​គេហទំព័រ​នេះ​៕