ភ្នំពេញៈ មន្ត្រី​ជំនាញ​នា​ថ្ងៃទី​ ២៩ ខែមេសា បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ៧​ ទីតាំង​បន្ថែមទៀត​ដែល​រកស៊ី​មិន​សុចរិត និង​បាន​បន្ត​ចាត់វិធានការ​តាម​នីតិវិធី​លើ​ម្ចាស់​ដេប៉ូ​ទាំងនេះ ក្រោយ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ២១ ​ទីតាំង​ក្នុង​ខេត្ត​ចំនួន ​៤​។

កាលពី​ថ្ងៃទី​ ២៩ ខែមេសា មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប) ប្រចាំ​សាខា​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តកណ្ដាល និង​ខេត្តពោធិ៍សាត់ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ ដើម្បី​រក​ភាព​អនុលោម​នៅតាម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ផ្សេងៗ​គ្នា​។

ក.ប.ប បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣០ ខែមេសា​ថា​៖ «​ដេប៉ូ​ប្រេងឥន្ធនៈ ៧ ​ទីតាំង​ត្រូវបាន​មន្ត្រី​ជំនាញ​រកឃើញ​មិនមាន​អនុលោមភាព​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​។ ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ដែល​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​សរុប​ចំនួន ២១ ​ទីតាំង និង​ចាត់វិធានការ​តាម​នីតិវិធី​លើ​ម្ចាស់​ដេប៉ូ​ដែល​មិនមាន​អនុលោមភាព​ផងដែរ​»​។

ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ​គឺធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​លើ​វិស័យ​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត​៕