
រូបភាព Sakhon Veng
ត្បូងឃ្មុំៈ ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១ ៤០០ នាក់ក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៣០ ខែមេសានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចាប់ផ្តើមស្តារសេដ្ឋកិច្ចគ្រួសារយើងឡើងវិញ តាមគ្រប់រូបភាពដើម្បីនិរន្តរភាពសន្តិសុខស្បៀង។
លោក វេង សាខុន ថ្លែងថា បន្ទាប់ពីរយ:ពេលជាង ២ ឆ្នាំនៃការអាក់ខានមិនបានរៀបចំពិធីសំណេះសំណាលដ៏មហោឡារិក រហូតមកដល់ថ្ងៃនេះមានសមាជិកសមាជិកាអញ្ជើញចូលរួមដល់ ទៅ ១ ៤០០ នាក់ ដែលរូបភាពនេះ បានបង្ហាញឱ្យឃើញថាសកម្មភាពសង្គម សេដ្ឋកិច្ច និងជាពិសេសការជួបជុំជាលក្ខណ:មហាគ្រួសារនេះបានចាប់ផ្តើមត្រឡប់ទៅរកប្រក្រតីភាពដូចមុនវិបត្តិជំងឺឆ្លងកូវីដ ១៩ វិញ។
លោកបានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំរិះរកគ្រប់មធ្យោបាយស្វះស្វែងរកទាំងជំនួយឧបត្ថម្ភ និងចំណាយធនធានជាតិ និងកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន ដើម្បីជាវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ មកចាក់ស្រោចជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងគ្រប់វ័យធ្វើឱ្យការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ទើបឈានទៅអនុញ្ញាតឱ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានប្រាប់ទៅប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុកដាក់ថែរក្សា ការពារសុខភាពឱ្យបានល្អ តាមរយ:ការរស់នៅស្អាត ផឹកស្អាត និងហូបអាហារមានអនាម័យល្អ។ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវធ្វើការស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញតាមដែលអាចធ្វើទៅបាន ព្រមទាំងលើកទឹកចិត្តឱ្យអ្នកជំនាន់ក្រោយទៅរៀនឱ្យបានទៀងទាត់ផងដែរ។
លោកថ្លែងថា៖ «សូមឱ្យបងប្អូនត្រូវចាប់ផ្តើមស្តារសេដ្ឋកិច្ចគ្រួសារយើងឡើងវិញ តាមគ្រប់រូបភាពដើម្បីនិរន្តរភាពសន្តិសុខស្បៀង។ មិនតែប៉ុណ្ណោះ ក៏ត្រូវលើកទឹកចិត្តឱ្យកូនចៅទៅសិក្សាបានទៀងទាត់តាមកម្មវិធីសាលា ដើម្បីអនាគតរបស់ពួកគេ»។
ដោយឡែកសមាជិកក្រុមការងារ និងអាជ្ញាធរស្រុក ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កត់ ដែលនឹងរៀបចំនៅថ្ងៃទី ៥ ខែមិថុនាខាងមុខឱ្យបានល្អប្រសើរ។ បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតកុំភ្លេចអញ្ជើញទៅប្រើសិទ្ធិរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។ នេះបើតាមការបន្ថែមរបស់លោក វេង សាខុន៕