ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ២៩ ខែមេសា បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​អនុវត្ត​គម្រោង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅរក​អព្យាក្រឹត​កាបូន​នៅ​កម្ពុជា​។

ក្រសួង​រ៉ែ និង​ថាមពល​បានបញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣០ ខែមេសា តាមរយៈ​ការចុះហត្ថលេខា​លើ​ពិធីសារ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃទី ​១៧ ខែកុម្ភៈ រាជរដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​លើ​ការអនុវត្ត​គម្រោង​នេះ​។

ក្រសួង​រ៉ែ និង​ថាមពល​បញ្ជាក់ថា​៖ «​យោងតាម​ការសម្រេច​នេះ ទីភ្នាក់ងារ JICA ជប៉ុន បាន​បញ្ជូន​ក្រុម​បេសកកម្ម​មក​ពិភាក្សា​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល ពីថ្ងៃ​ទី ២៦ ដល់​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០២២ និង​រៀបចំ​ការចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​គម្រោង​នេះ​»​។

ក្រសួង​រ៉ែ និង​ថាមពល​បន្តថា ការងារ​អន្តរ​ថាមពល​ត្រូវបាន​បែង​ចែកជា​ ២ ​ផ្នែក​គឺ ទី​ ១ ការងារ​អន្តរកាល​ថាមពល​ស្អាត និង​ទី​ ២ ​ការងារ​អន្តរកាល​ប្រសិទ្ធភាព​ថាមពល​ក្នុង​នោះ ការងារ​អន្តរកាល​ប្រសិទ្ធភាព​ថាមពល ក្រសួង​រ៉ែ និង​ថាមពល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ ADB ដោយឡែក​ការងារ​អន្តរកាល​ថាមពល​ស្អាត​វិញ គឺ​ក្រសួង​រ៉ែ និង​ថាមពល​បាន​សុំ​កិច្ចសហប្រតិបត្តិការ​ជាមួយ JICA៕