កំពតៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ដើម​កោង​កាង និង​ចូលរួម​ដាំ​ដើម​កោងកាង​បន្ថែម ដើម្បី​និរន្តរភាព​នៃ​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​។

ការអំពាវនាវ​របស់​លោក នេត្រ ភក្ត្រា បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ដាំ​កូន​កោងកាង​ចំនួន ១០០០ ដើម​នៅ​តំបន់​សហគមន៍​នេសាទ​ព្រែកត្នោត សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែមេសា​នេះ​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ​បានឱ្យដឹងថា ការដាំ​កូនដើម​កោងកាង​ចំនួន ១ ០០០ ដើម​នេះ ជា​កិច្ចសហការ​រវាង​ក្រសួង​បរិស្ថាន រដ្ឋបាលខេត្ត រដ្ឋបាល​ជលផល និង​សមាគមន៍​អតីត​និស្សិត​អាហារូបករណ៍ ឈីវីនីង​ប្រទេស​អង់គ្លេស​នៃ​កម្ពុជា (BCAAC) ក្រោម​ការគាំទ្រ​ពី​សំណាក់​ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Prudential​។

សកម្មភាព​នៃ​ការដាំ​កូន​កោងកាង​នេះ​បាន​បង្ហាញថា​ទាំងអស់គ្នា​បានគិតគូរ​ពី បញ្ហា​បរិស្ថាន​ជាពិសេស​ការប្រែប្រួល​អាកាសធាតុ បានគិត​គូរ​ពី​ការការពារ​និង​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង ដើម​កោងកាង បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ពលរដ្ឋ ដែល​រស់នៅ​មាត់សមុទ្រ​ពី​ខ្យល់ព្យុះ ហើយ​ដើម​កោងកាង​បាន​ចូលរួម​បង្កើត​ភាពសម្បូរ​បែប​នៃ​ជីវៈចម្រុះ​ដើម្បី​ចិញ្ចឹមជីវិត​មនុស្ស​។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការអភិរក្ស​ដើម​កោងកាង និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ជាប់ទាក់ទង​ត្រូវបាន​គេ​កំណត់ថា​ជា​យុទ្ធសាស្ត្រ​បន្ស៊ាំ​ធម្មជាតិ និង​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។ ដើម​កោង​កាង គឺជា​តំបន់ទ្រនាប់​រវាង​ដី និង​សមុទ្រ ទប់​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការហូរ​ច្រោះ​តាម​ឆ្នេរសមុទ្រ និង​ការគំរាមកំហែង​នៃ​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​។ ព្រៃកោងកាង​ក៏​ជួយ​គ្រប់គ្រង​ការហូរចូល​របស់​ទឹកសមុទ្រ​មកលើ​ដី​ធម្មជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ព្រៃកោងកាង​ជា​របៀង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី​ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ហើយក៏​ជា​រនាំង​ប្រឆាំងនឹង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ មិនតែប៉ុណ្ណោះ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​»​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​បាន​គូសបញ្ជាក់​ទៀតថា ដើម​កោងកាង​មាន​តួនាទី​យ៉ាងសំខាន់ ព្រោះ​វា​ជា​កន្លែង​រក្សា​ផលស្តុក​ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ​នៃ​មច្ឆាធម្មជាតិ​ដែលជា​ប្រភពធនធាន​សមុទ្រ​ដ៏​សម្បូរបែប ហើយ​ចាំបាច់​យើង​ត្រូវការ​រពារ អភិរក្ស និង​ដាំ​ស្តារ​ព្រៃកោងកាង​ឡើងវិញ​។ ដើម​កោងកាង​មិន​ត្រឹមតែ​ជួយ​ក្នុងការ​ការពារ​ដី​ហូរ​ច្រោះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ដើរតួនាទី​ជា​កាតាលីករ​ក្នុង​ការនាំ​ដី​ពី​សមុទ្រ​មក​ដីគោក​វិញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​កោង​កាង​ផ្តល់នូវ​ការ​បន្ស៊ាំ​ធម្មជាតិ​ទៅនឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​»​។

លោក យក់ សុធីរិទ្ធ ប្រធាន​សមាគម BCAAC បាន​ថ្លែងថា ការចូលរួម​ដាំ​កូនដើម​កោងកាង​នេះ ក៏​ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​លើកកម្ពស់ និង​អភិរក្ស​ដើម​កោងកាង​របស់​សហគមន៍​មូលដ្ឋាន​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃកោងកាង​ចំពោះ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​ស្វែងយល់​អំពី​កិច្ច​អភិរក្ស​ព្រៃកោងកាង​របស់​ក្រសួងបរិស្ថាន រដ្ឋបាល​ខេត្តកំពត និង​របស់​សហគមន៍​នេសាទ​ព្រែក​ត្នោត​។ ព្រមទាំង​បង្កើន​ទំនាក់ទំនង​ និង​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​នៃ​អតីត​និស្សិត​អាហារូបករណ៍ ឈីវីនីង​។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា លោកស្រី​មាន​ក្តីរំភើប​រីករាយ​ដែល​បាន​ចូលរួម​ពិធី​ដាំ​ដើម​កូន​កោង​កាង​ចំនួន ១០០០ ដើម ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ម្លប់​បៃតង (The Queen’s Green Canopy Initiative)​។ ការដាំ​ដើម​កោង​កាង​នេះ ស្រប​ពេលដែល​ប្រទេស​អង់គ្លេស​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៩៦ ព្រះវស្សា និង​ខួប​គម្រប់ ៧០ ព្រះវស្សា​នៃ​ការ​គ្រងរាជ្យ​សម្បតិ្ត (The Platinum Jubilee) របស់​ព្រះមហាក្សត្រី​យានី អេលីហ្សាបេត្ស​ទី​ ២​។

លោក លី សាលីន ​ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន Prudential បាន​ថ្លែងថា គោលដៅ​សំខាន់បំផុត​របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា គឺ​ជួយ​ឱ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​អ្វីដែល​ល្អ​បំផុត​ក្នុង​ជីវិត ហើយ​របៀបវារៈ ESG របស់​ក្រុមហ៊ុន Prudential គឺ​គាំទ្រ​គោលបំណង​នេះ តាមរយៈ​កា​ផ្តួចផ្តើម​ជាច្រើន រួមមាន​ការដាំ​ដើម​កោង​កាង​ដែល​ធ្វើឡើង​ក្នុងថ្ងៃនេះ​ផងដែរ​។ នេះ​ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ជាច្រើន​ក្នុង​ការជួយ​កាត់បន្ថយ​នូវ​ផលប៉ះពាល់​បរិស្ថាន​។ ​លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា​ព្រឹត្តិការណ៍​នេះ​នឹង​បង្កើន​ការយល់ដឹង​ក្នុង​ចំណោម​អ្នកចូលរួម​ទាំងអស់​ហើយ​ពួកគេ​នឹង​បន្ត​បង្កើត​ទម្លាប់​នេះ​ជាមួយ​មិត្តភក្តិ​ និង​គ្រួសារ​របស់​ពួកគេ​ បន្ទាប់ពី​សកម្មភាព​ថ្ងៃនេះ​» ៕