
រូបភាព Ministry of Environment
កោះកុងៈ គម្រោង CSLEP នៃក្រសួងបរិស្ថានកំពុងធ្វើការសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិរបស់ជនជាតិដើមភាគតិច «ជង» រស់នៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច។
ក្រសួងបរិស្ថានបានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែមេសានេះថា ក្រសួងបានចុះសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ជនជាតិដើមភាគតិច «ជង» រស់នៅក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលនេះ គឺជាការអនុវត្តគម្រោង CSLEP ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ជាពិសេសបញ្ចៀសផលប៉ះពាល់មកលើសហគមន៍ជនជាតិដើមភាគតិចពីដំណើរការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ។
លោក សូផា សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិទទួលបន្ទុកជនជាតិដើមភាគតិចនៃគម្រោង CSLEP ថ្លែងថា ដំណើរការចុះសិក្សារបស់គម្រោងនេះ ក្នុងគោលបំណង ពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌-ធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិច «ជង» លើកកម្ពស់ការចូលរួមរបស់ជនជាតិដើមភាគតិច «ជង» ក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាពគម្រោង ជាពិសេសស្វែងរកឱកាសសម្រាប់ការបង្កើនប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ក្នុងតំបន់។
លោកថ្លែងថា៖ «ការសិក្សានេះគឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច «ជង» ដែលតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិនេះរួមមាន តំបន់ដីព្រៃអារក្ស តំបន់ទីសក្ការៈគោរពបូជា តំបន់ទីតាំងបូរាណស្ថាន និងតំបន់ព្រៃកប់ខ្មោច ដែលការងារនេះស្ថិតក្នុងផ្នែកមួយនៃអនុសមាសភាគ ៤.៤ ស្ដីពី ”ប្រព័ន្ធធានាសុវត្ថិភាពបរិស្ថាន និងសង្គម” របស់គម្រោង» ។
លោកបញ្ជាក់ថា ជាក់ស្ដែងក្រុមការងារសុវត្ថិភាពសង្គម និងជនជាតិដើមភាគតិចនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) សហការជាមួយនាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌របស់ជនជាតិដើមភាគតិច «ជង» ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។
កិច្ចប្រជុំមានការចូលរួមពីតំណាងនាយកដ្ឋានអភិរក្សតំបន់ដីគោកខាងត្បូងបឹងទន្លេសាប នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តកោះកុង មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិដើមភាគតិចជងនៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមានចំនួនប្រមាណ ៤០ នាក់។
ជាលទ្ធផលបានមកពីកិច្ចប្រជុំ ក្រុមការងារបានកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ តំបន់ព្រៃអារក្សចំនួន ៣ ទីតាំង ដែលមានឈ្មោះ ព្រៃអារក្សអន្លង់សំរាំ (ជាភាសាជនជាតិមានន័យថាអន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅមានទំហំសរុបប្រមាណ ៣០៣ ហិកតា និងទីតាំងដីព្រៃកប់ខ្មោចដែលមាន ២ ទីតាំង មានទំហំសរុបប្រមាណ ៤ ហិកតា។
ក្រសួងបរិស្ថានបញ្ជាក់ថា កម្ពុជាមានជនជាតិដើមភាគតិចចំនួន ២៤ ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិនៃបណ្តាខេត្តស្ថិតនៅភាគឦសាន បណ្តាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប បណ្តាខេត្តភាគខាងជើងបឹងទន្លេសាប និងបណ្តាខេត្តស្ថិតនៅជួរភ្នំក្រវាញ ដោយប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។ ដោយឡែក មុខរបរសំខាន់ៗរួមមាន ការធ្វើស្រែ/ចម្ការ (កសិកម្មពនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូលអនុផលព្រៃឈើជាដើម៕