ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ៧មករា ​នៃ​សាលា​រាជធានី​ភ្នំពេញ ​បន្ត​ចុះផ្សព្វផ្សាយ​អប់រំ​និង​ណែនាំ​ដល់​ពលរដ្ឋ​មួយចំនួន​ឱ្យ​បញ្ឈប់​ការយក​ចំណី​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ​ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់ ​ក៏ដូចជា​រំដោះ​ចិញ្ចើមផ្លូវ ​ទុក​សម្រាប់​កន្លែង​ថ្មើរ​ជើង​ឱ្យ​មាន​របៀប​ត្រឹម​ត្រូវ។

អភិបាលរង​ខណ្ឌ៧មករា ​លោក​តោ វីរូ ​ កាលពី​ថ្ងៃទី​៣០ ​មេសា ​បានដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ​ដោយ​មាន​ការចូលរួម​ពី​លោក​ទឹម វុទ្ធី ​អធិការរង​ទទួលផែន​សណ្ដាប់​ធ្នាប់ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ​លោក​ប្រាក់ ហាក់ ​ប្រធាន​សណ្ដាប់​ធ្នាប់​ខណ្ឌ៧មករា ​បានចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​លាង​សម្អាត​ផ្លូវ​ នៅ​តំបន់​បុរីកីឡា ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ​ស្ថិត​ក្នុង​ភូមិ១២ ​សង្កាត់​វាល់វង់ ​ខណ្ឌ​៧មករា។

លោក​តោ វីរូ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​ការចុះ​រៀបចំ​សណ្តាប់​នោះ ​ដោយសារ​សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន​បាន​យក​ចំណី​ផ្លូវ​លើសលប់​សម្រាប់​ធ្វើជា​អាជីវកម្ម​ដាក់​លក់​ដូរ ​ដែល​ធ្វើឱ្យ​បាត់បង់​កន្លែង​ថ្មើរជើង​សម្រាប់​សាធារណៈ។​

លោក​ថា​៖«យើង​ណែនាំឱ្យ​គាត់​កុំឱ្យ​យក​ចំណី​ផ្លូវ​សម្រាប់​ធ្វើអាជីវកម្ម ​ទុកចំណី​ផ្លូវ​១ភាគ៣​ស្មើៗ​គ្នា។ ព្រោះ​ផ្ទះ​ខ្លះ​ ដាក់​រទេះ ​គ្រែ ​លើ​ចិញ្ចឹម​ផ្លូវ​តែម្តង ​ជួនកាល​គាត់​ដាក់គ្រែ ​និង​សម្រាក​នៅលើ​ផ្លូវ​នោះ។ គាត់​បត់ជើង​ផង ​នាំឱ្យ​ខូច​សណ្តាប់​ធ្នាប់ ​ធំក្លិន​មិន​ល្អ»។

លោក​បន្តថា ​ក្រៅពី​ចុះណែនាំ ​អាជ្ញាធរ​ក៏បាន​រៀបចំ​បោសសម្អាត​ផ្លូវ ​និង​ប្រមូល​សំរាម​ផងដែរ ​ដោយសារ​នៅ​ម្តុំ​នោះ ​អ្នក​លក់ដូរ​មិនបាន​រៀបចំ​ឱ្យ​មាន​អនាម័យ​ឡើយ។ ទោះ​យ៉ាងណា ​លោក​ឱ្យដឹងថា ​ក្រោយពី​ធ្វើការ​អប់រំ​ និង​ណែនាំ​រួចមក ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​និង​បានចូលរួម​អនុវត្ត​រើ​រទេះ​លក់ដូរ ​និង​គ្រែ​ផង​ដែរ។

លោក​ថ្លែងថា​៖«មុន​នឹង​ចុះ​រៀបចំ​នេះ ​យើង​បាន​ជូនដំណឹង​ជាលក្ខណៈ​ច្បាប់​ត្រឹមត្រូវ ​ហើយ​ពេល​យើង​ចុះ​អនុវត្ត​គាត់​ក៏​មិនរឹង​ទទឺង​ដែរ។ គាត់​បានរៀបចំ​តាម​ការស្នើ​របស់​យើង​ឱ្យទុក​ចិញ្ចើមផ្លូវ ​គ្មាន​អ្នក​ជំទាស់​ទេ»។

លោក​តោ វីរូ​ បញ្ជាក់ ​សម្រាប់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​៧មករា ​នៅ​បន្ត​ចុះរៀបចំ​រំដោះ​ចិញ្ចើម​ផ្លូវ​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដើម្បី​រំដោះ​ចិញ្ចឹមផ្លូវ ​សម្រាប់​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ ​និង​មាន​កន្លែង​ថ្មើរ​ជើង​ជាដើម។

ពាក់ព័ន្ធ​នឹង​ការលើក​ឡើងថា ​ពលរដ្ឋ​អាចដាក់​លក់់​នៅ​លើ​ចិញ្ចើម​ផ្លូវបាន​ដោយសារ​ផ្តល់​លុយ​ទៅឱ្យ​អាជ្ញាធរ​នោះ​ លោក​តោ វីរូ ​ថ្លែងថា​៖«សម្រាប់​ខ្ញុំ ​អនុវត្ត​ដោយ​ច្បាប់​ជាធរមាន ​ពុំ​មាន​យក​លុយ​ជាថ្នូរ​នឹង​ការដាក់​លក់​នៅតាម​ចិញ្ចើម​ផ្លូវ​នោះ​ទេ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​លោក​វន់ ពៅ ​គាំទ្រ​ឱ្យមាន​ការរៀប​ចំ​សណ្តាប់ធ្នាប់​នៅ​តាម​ចិញ្ចើម​ផ្លូវ ​ប៉ុន្តែថា ​ការរៀបចំ​នោះ​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ។ បើ​ពុំនោះ​ទេ ​លទ្ធផល​នឹង​ដូច​វែកចក ​ពោល​ដេញ​ហើយ​មក​វិញ។

លោក​ថ្លែងថា​៖«ការធ្វើ​សណ្តាប់​ធ្នាប់​ដេញ​អ្នកលក់​ដូរ​នៅតាម​ដងផ្លូវ​នេះ ​ដូច​វែក​ចក​អ៊ីចឹង។ ដេញ​ហើយ​មកវិញ​ ដោយសារ​ប្រជាពល​រដ្ឋ​គាត់​អត់​មាន​មុខរបរ​អី​ក្រៅពី​ការលក់​ដូរ​ទេ។ អ៊ីចឹង​ហើយ​បានខ្ញុំ​ថា ​ការរៀបចំ​សណ្តាប់ធ្នាប់​ត្រូវ​គិត​អំពី​ការទទួល​ខុសត្រូវ​ គឺ​រៀបចំ​កន្លែង​លក់ដូរ​ថ្មី​សមរម្យ។ ប៉ុន្តែ​បើ​ដេញ​ហើយ​អត់​មាន​ដំណោះស្រាយ ​គឺ​ទទួល​បាន​លទ្ធផល​ដូច​សព្វថ្ងៃ​អ៊ីចឹង»។

លោក​បន្តថា ​ចំណែក​ការរៀបចំ​សណ្តាប់ធ្នាប់​រុះរើ​សំយាប​ផ្ទះ​ដែល​តចេញ​មក​ផ្លូវ​លក់ដូរ​នៅ​មុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ ​ឬ​កាត់​ស្លាកយី​ហោ​ ដែល​លយ​មកមុខ​ហួសហេតុ ​គឺជា​ការរៀបចំ​សណ្តាប់​ធ្នាប់​ត្រឹម​ត្រូវ។ ព្រោះ​ទង្វើ​នោះ ​ពិតជា​បាត់​បង់​សណ្តាប់​ធ្នាប់​ក្រុង​មែន។ រដ្ឋ​ ឬ​សាលា​រាជធានី​ភ្នំពេញ ​គួររៀបចំ​កន្លែង​សមរម្យ​ណាមួយ ​ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​លក់​ដូរ​ផង ​និង​មាន​កន្លែង​ថ្មើរ​ជើង​ផង ​ដោយ​លោកថា ​ចិញើម​ផ្លូវ​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ធំ​ទូលាយ។

លោក​ថា​៖«ចិញ្ចើម​ផ្លូវ​ណា​ទូលាយ ​គួរតែ​ពុះ​ចិញ្ចើម​ផ្លូវ​បែង​ចែក​ជា២​ដូច​នៅថៃ ​ឬ​ឡាវ ​គេ​ដាក់​របង​សុវត្ថិភាព​ត្រឹម​ជង្គង់។ គេ​កំណត់​អ្នក​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​ត្រឹម​ព្រំដែន​ណាមួយ ​ហើយ​មាន​កន្លែង​ថ្មើរ​ជើង​ទៀត។ ចិញ្ចើម​ផ្លូវ​ខ្លះ​ព័ទ្ធ​របង​ទុក​ចោល ​ប៉ុន្តែ​ធ្វើឱ្យ​មាន​ភាពរញ៉េរញ៉ៃ​វិញ។ ចុះ​បើសិន​យក​ការ៉ូឡា​ទំនេរ​រៀបចំ​ធ្វើ​របង​ព្រំមួយ​ឱ្យ​លក់ដូរ​ត្រឹម​កម្រិត​ណា ​ហើយ​ចំណី​ផ្លូវ​មួយ​ចំហៀង​ទៀត ​ទុកឱ្យ​អ្នកថ្មើរ​ជើង ​គឺជា​រឿង​មួយ​ប្រកប​ដោយ​សណ្តាប់​ធ្នាប់ ​និង​ទទួល​ការ​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ ​ហើយ​មាន​សោភណ្ឌភាព​ល្អ​ទៀត»។

សូម​ជម្រាបថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពី​ខែធ្នូ ​ឆ្នាំ២០១៨ ​បានចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ ​និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ។

សេចក្តី​ណែនាំ​បញ្ជាក់ថា​៖«ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ ​ម្ចាស់​លំនៅឋាន ​ម្ចាស់​អាជីវកម្ម​ដ្ឋាន ​ម្ចាស់​ការដ្ឋាន​ អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ ​គ្រឹះស្ថាន​អប់រំ​-អគារសាធារណៈ ​វិស័យឯកជន ​និង​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ទាំងឡាយ​ណា ​មិន​ចូល​រួម​អនុវត្ត​តាម ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង១២ ​និង​មន្ទីរ-អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​ត្រូវ​ចាត់​វិធាន​ការ​រដ្ឋបាល ​រួមមាន ​បិទ​អាជីវកម្ម ​ផ្អាក​ការដ្ឋាន ​ដកហូត​សម្ភារ ​រុះរើ​សំណង់»៕