
មន្ត្រីនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការភីពផលអ៊ីននីតចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ រូបថត NCDM
ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ( គ.ជ.គ.ម) និងអង្គការភីពផលអ៊ីននីត បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុននៃគ្រោះមហន្តរាយ នៅកម្ពុជា ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងនៅថ្ងៃទី ១ ខែឧសភាថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រព័ន្ធប្រកាសឲ្យដឹងមុននៃគ្រោះមហន្តរាយនៅកម្ពុជានេះ ដើម្បីឲ្យប្រជាពលរដ្ឋមានការចូលរួមចុះឈ្មោះកាន់តែច្រើន ព្រោះមានប្រជាពលរដ្ឋមួយចំនួនមិនទាន់បានចុះឈ្មោះចូលប្រើប្រាស់ប្រពន្ធនេះនៅឡើយទេ។
លោកថ្លែងថា៖« គោលបំណងដែលបន្តកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីធ្វើម៉េច ពង្រឹងផ្នែកហ្នឹងឲ្យវិសាលភាពកាន់តែធំជាងមុនហើយ ជួយប្រកាសព័ត៌មានឲ្យប្រជាជនបានដឹងទាន់ពេល។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់ថា ប្រជាពលរដ្ឋអាចធ្វើការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះដោយធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៩៤ ដោយឥតគិតថ្លៃ ហើយធ្វើតាមការណែនាំ។ ក្រោយពេលបានចុះឈ្មោះរួចហើយ ប្រសិនបើមានសារអ្វីមួយបន្ទាន់នោះក្រុមហ៊ុនទូរស័ព្ទនឹងធ្វើការផ្ញើសារជាសំឡេងតាមរយៈលេខទូរស័ព្ទ ដើម្បីឲ្យដឹងមុនអំពីគ្រោះមហន្តរាយណាមួយដែលកើតឡើងក្នុងពេលឆាប់ៗ។
លោកថ្លែងថា៖«សារជាសំឡេងហ្នឹងនឹងចូលតាមទូរស័ព្ទមាន៣ប្រព័ន្ធគឺប្រព័ន្ធមិត្តហ្វូន ស្មាត និងម៉ូបិថែល ។អ៊ីចឹងបើគាត់បានចុះឈ្មោះ អាហ្នឹងគាត់បានដឹងព័ត៌មានឧទាហរណ៍ថា ២ម៉ៅងទៀតឬក៏៣ថ្ងៃទៀត អាចមានភ្លៀងធ្លាក់ខ្លាំងឬ ខ្យល់កន្ត្រាក់ ឬក៏ទឹកជំនាន់អីហ្នឹង» ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការភីពផលអ៊ីននីតចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្គ្រោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ នេះបើតាមហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក លូកាស ឡូបេក តំណាងប្រចាំប្រទេស អង្គការភីពផលអ៊ីននីត នៅកម្ពុជាបានថ្លែងថា គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ រវាង គ.ជ.គ.ម. និងអង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្គ្រោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថា៖«អនុស្សរណៈនៃការយោគយល់នេះ នឹងមានសុពលភាព សម្រាប់រយៈពេល៣ឆ្នាំបន្ត ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខាតទៅ»។
លោក ហង្ស សាមឿន ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គការភីពផលអ៊ីននីតនៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ គ.ជ.គ.ម. ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ លោកថ្លែងថា៖«ក្នុងនោះប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ត្រូវបានពង្រីក នៅទូទាំងប្រទេស និងបានទទួលស្គាល់ថាជារបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ»។
ជាមួយគ្នានេះលោកបានជំរុញលើកទឹកចិត្តដល់អង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀតជាមួយ គ.ជ.គ.ម. លើការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តគម្រោង ពិគ្រោះយោបល់ សិក្ខាសាលា ការបណ្ដុះបណ្ដាល និងសកម្មភាពនានារួមគ្នាផងដែរ៕