ត្បូងឃ្មុំៈ ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ១ ៤០០ នាក់ ក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃទី​៣០ ខែមេសា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ណែ​នាំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ តាម​គ្រប់​រូបភាព​ដើម្បី​និរន្តរភាព​សន្តិសុខ​ស្បៀង​។

លោក វេ​ង សាខុន ថ្លែងថា បន្ទាប់ពី​រយ​:​ពេល​ជាង ២​ឆ្នាំ​នៃ​ការអាក់ខាន​មិនបាន​រៀបចំ​ពិធី​សំណេះសំណាល​ដ៏​មហោឡារិក រហូតមកដល់​ថ្ងៃនេះ​មាន​សមាជិក​សមាជិកា​អញ្ជើញ​ចូលរួម​ដល់ ទៅ ១ ៤០០​នាក់ ដែល​រូបភាព​នេះ បានបង្ហាញ​ឱ្យឃើញ​ថាស​កម្ម​ភាព​សង្គម សេដ្ឋកិច្ច និង​ជាពិសេស​ការជួបជុំ​ជា​លក្ខណ​:​មហា​គ្រួសារ​នេះ បានចាប់ផ្តើម​ត្រឡប់​ទៅរក​ប្រក្រតីភាព​ដូច​មុន​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ វិញ​។

លោក​បាន​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ស្វះ​ស្វែងរក​ទាំង​ជំនួយ​ឧបត្ថម្ភ និង​ចំណាយធនធាន​ជាតិ និង​កៀរគរ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ជាវ​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ ១៩ មកចាក់​ស្រោច​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា និង​គ្រប់​វ័យ​ធ្វើឱ្យ​ការគ្រប់គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​នេះ​បានល្អ​ប្រសើរ ទើប​ឈានទៅ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​នូវ​រាល់​សកម្មភាព​សង្គម​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ​។​

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា ការពារ​សុខភាព​ឱ្យបាន​ល្អ តាមរយ​:​ការរស់នៅ​ស្អាត ផឹក​ស្អាត និង​ហូប​អាហារ​មាន​អនាម័យ​ល្អ​។ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ត្រូវធ្វើ​ការស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​តាម​ដែល​អាចធ្វើ​ទៅបាន ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​អ្នកជំនាន់ក្រោយ​ទៅ​រៀន​ឱ្យបាន​ទៀងទាត់​ផងដែរ​។

លោក​ថ្លែងថា​៖«​សូមឱ្យ​បងប្អូន​ត្រូវ​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​យើង​ឡើងវិញ តាម​គ្រប់​រូបភាព​ដើម្បី​និរន្តរភាព​សន្តិសុខ​ស្បៀង​។ មិនតែប៉ុណ្ណោះ ក៏ត្រូវ​លើកទឹកចិត្ត​ឱ្យ​កូនចៅ​ទៅ​សិក្សា​បាន​ទៀងទាត់​តាម​កម្មវិធី​សាលា​ដើម្បី​អនាគត​របស់​ពួកគេ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជាក់ ដោយឡែក​សមាជិក​ក្រុមការងារ និង​អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រៀម​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កត់ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​៥ ខែមិថុនា​ខាងមុខ​ឱ្យបាន​ល្អប្រសើរ​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​កុំ​ភ្លេច​អញ្ជើញ​ទៅប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ចូលរួម​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ថ្លែង​នៅ​ថ្ងៃទី ១ ខែឧសភា​ថា មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​ដី​ធ្វើ​ការដាំដុះ​កសិកម្ម ព្រោះ​ឆ្នាំ ២០២២​នេះ រដូវប្រាំង​ឆាប់​ចូលមក​ដល់​ជាង​ឆ្នាំមុន ហើយ ភ្លៀង​ក៏មាន​ការធ្លាក់​អំណោយផល​ល្អ​។ លោក​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ភាគច្រើន​ដាំ​ដុះ​ដំណាំ​ពោត ដំឡូង​មី និង​ស្រូវ ដែល​ចាប់​ដាំ​ក្នុងពេល​រដូវវស្សា​ចូលមក​ដល់​។

លោក​ថ្លែងថា​៖«​យើង​មិន​ភ្លេច​ទេ​ក្នុងការ​ណែនាំ​ឲ្យ​ពួកគាត់​ដាំ​ដុះ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ចៀសវាង និង​កាត់បន្ថយ​ចំណាយ​ឥតប្រយោជន៍​ច្រើន​ជាពិសេស​ការប្រើប្រាស់​ថ្នាំពុល និង​ការប្រើប្រាស់​ជី ប្រសិនបើ​គាត់​មិន​អនុវត្តតាម​បច្ចេកទេស​ទេ ហើយ​គាត់​ចេះតែ​ពឹង​លើ​ថ្នាំពុល ជីកា​រ៉ុង​ពេក​ធ្វើ​ឲ្យ​គាត់​ខាតបង់​ធនធាន​ច្រើន​» ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ប្រាប់ថា សន្តិសុខ​ស្បៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មាន​ភាពល្អប្រសើរ ដែល​អាច​ទ្រទ្រង់បាន​ពេញ​ក្នុង​មួយឆ្នាំ បើ​មើល​តាម​ការដាំដុះ​របស់​ប្រជាពលរដ្ឋ​ទាំង​កសិករ​ខ្នាតតូច​ដាំ​ដុះ​បន្លែ ការដាំដុះ​ស្រូវ ពោត និង​ការ​ចិញ្ចឹមសត្វ​ផ្សេងៗ​។

លោក​ថ្លែងថា​៖«​សម្រាប់​ឆ្នាំ​២០២០ និង ២០២១​កន្លងមកនេះ ខ្ញុំ​គិតថា ខេត្ត​ត្បូងឃ្មុំ​មាន​លក្ខណៈ​ល្អប្រសើ​ទាំង​កសិករ​ខ្នាតតូច ទាំង​ការដាំដុះ​ស្រូវ​ដែលមាន​ការរក្សា​តម្លៃ​ដដែល រួមទាំង​ដំណាំ​ផ្សេងៗ​ដូចជា​ពោតក្រហម ឬ​ដំណាំ​កៅស៊ូ​អីយើ​ង​ឃើញថា​វា​ល្អប្រសើរ ហើយ​មាន់​ឬក៏​សត្វ​ចិញ្ចឹម​ផ្សេងទៀត ខេត្ត​ត្បូងឃ្មុំ​ជា​មធ្យម​ក្នុង​១​ឆ្នាំ​យើង​អាច​ទ្រទ្រង់បាន​»៕