ព្រះសីហនុៈនគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​ បាន​ស៊ើប​អង្កេត​ឃាត់ខ្លួន​ មន្ត្រី​អាវុធហត្ថ​ខេត្ត​នេះ ២នាក់ ​នៅព្រឹកថ្ងៃ​ទី១​ឧសភា បន្ទាប់ពី​បង្កហេតុ​បាន​ប៉ុន្មាន​ម៉ោង ពាក់ព័ន្ធ​ករណី​បាញ់​បុរស​ម្នាក់​ស្លាប់​ កាលពី​ម៉ោងជាង១រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី១​ឧសភា នៅ​ជិត​រង្វង់​មូល​តោ២ក្នុង​សង្កាត់​លេខ៤​ក្រុង-ខេត្ត​ ព្រះ​សីហនុ។

លោក ជួន ណា​រិន្ទ ស្នងការ​នគរ​បាល ខេត្ត ព្រះ​សីហនុ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​១​ឧសភា ថា កម្លាំង​សមត្ថ​​កិច្ច​របស់​លោក​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ ក្នុង​អំពើ​បាញ់​​សម្លាប់​នេះ​បាន២នាក់ ​ដែល​ការឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​​បន្ទាប់ពី​មានការ​បាញ់ប្រហារ​បណ្តា​ល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ នៅវេលា​ម៉ោងជាង១រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃទី​១​ឧសភា ដែល​កើត​ហេតុ​នៅក្បែរ​រង្វង់​មូល​តោ​២​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ ។

លោក​ថ្លែង​ថា៖« មាន​ករណី​បាញ់ប្រហារ​មួយ​ រវាង​ជនជាតិ​ខ្មែរ លើ​ជនជាតិខ្មែរ​ ប៉ុន្តែ​ខ្ញុំ​បាន​បង្ក្រាបបាន​ហើយ​នៅ​ពេល​ជិត​ភ្លឺ​ថ្ងៃនេះ(ថ្ងៃទី១ឧសភា)។ រឿង​ហេតុ​នេះ​ មកពី​ស្រវឹង​ផង ​បណ្តាលឱ្យ​ទំនាស់​ពាក្យសម្តី​ខឹង​មើលមុខ​គ្នា​ផង»​។

លោក ណុប បញ្ញា ស្នង​ការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ នៃ​ស្ន​ងការ​ដ្ឋាន​នគ​របាល ខេត្ត ព្រះសីហនុ ប្រាប់​នៅ​ថ្ងៃទី​១​ឧសភា ថា ជនរង​គ្រោះ​ស្លាប់​ឈ្មោះ ចាន់ បូរ៉ាន់ ភេទ ប្រុស អាយុ ១៩​ឆ្នាំ​ជា​កម្មករ​ជាង​ភ្លើង។

ចំណែក​ជន​សង្ស័យ​២នាក់​​ជាម​ន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ព្រះ​សីហនុ ហើយ​ត្រូវ​សង្ស័យ​ទាំង​២នាក់​នោះ​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឱ្យទៅ​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត ​ព្រះ​សីហនុ​ហើយ។

លោក​ប្រាប់ថា៖«ករណីនេះ​ សមត្ថកិច្ច​របស់​យើង​ ជា​អ្នកស្រាវជ្រាវ​ឃាត់ខ្លួន​ពួកគេ​ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​ជាម​ន្ត្រី​កងរាជ​អាវុធ​ហត្ថ​ ទើប​ខាង​សមត្ថកិច្ច​យើង ​ប្រគល់​ពួកគេ​ ទៅឱ្យ​អង្គភាព​គាត់​ចាត់ការ​បន្ត»។

លោក​ស្នង​ការរង ណុប បញ្ញា មិន​បាន​ប្រាប់​លម្អិត ​អំពី​ហេតុការណ៍​នេះ​ទេ ​តែ​យ៉ាងណា​មន្ត្រីនគរបាល​ក្រុង ព្រះសីហនុ​ មួយរូប ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ បានឱ្យដឹង​​ដោយ​ផ្អែក​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ ថា កាលពី​វេលា​ម៉ោង​ជាង១​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១ឧសភា មាន​មនុស្ស២​ក្រុម ​បាន​​ធ្វើដំណើរ​ដោយ​ម៉ូតូ​ដូច​គ្នា។

ដោយ​ខាង​ជនរង​គ្រោះ​​មាន​គ្នា៣នាក់ រីឯ​ភាគី​ខាង​ជនសង្ស័យ​ មាន​គ្នា២នាក់​ ម្នាក់​ឈ្មោះ ជិន រដ្ឋា និង​ឈ្មោះ អំ ឆេ​កូ បាន​មក​ផឹកស៊ី​ នៅ​ក្បែរ​រង្វង់​មូល​តោ២។

មន្ត្រី​នគរបាលដដែល​​បន្តថា នៅពេល​ផឹកស៊ី​នោះ​ ពួកគេ​ទាំងសងខាង​ ហាក់​មាន​សភាព​ស្រវឹង​ហើយ​បាន​មើលមុខ​គ្នា​ទៅវិញ​ទៅមក​ ក៏​កើតមាន​ជា​ជម្លោះ​ពាក្យសម្តី​គ្នា​ ហើយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ អំ ឆេ​កូ ក្នុង​ចំណោម​២នាក់​ បាន​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ ​បាញ់​សំដៅលើ​ជនរងគ្រោះ​ឈ្មោះ​ចាន់ បូរ៉ាន់ ចំក្តោង​ច្រមុះធ្លាយ​ទៅ​ក្រោយ​​បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ។

ភ្លាមៗនោះ ​កម្លាំង​សមត្ថកិច្ច​ បាន​ទូរស័ព្ទ​ហៅ រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ព្រះសីហនុ​ អតីត​​មន្ទីរពេទ្យ​ចំការ​ចេក​ ឱ្យ​ដឹក​សាកសព​​ជន​រងគ្រោះ​​ទៅ​មន្ទីរពេទ្យ​ដើម្បីយក​សព​តម្កល់ទុក​នៅ​កន្លែង​តម្កល់​សព​សិន​រង់ចាំ​ក្រុម​គ្រួសារ​មក​យក។

បើតាម​លោកគ្រូ​ពេទ្យ​មួយរូប ដែល​ស្នើ​សុំ​​មិន​ប្រាប់​ឈ្មោះ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១ឧសភា ថា សាក​សព​ជន​រងគ្រោះ ​ត្រូវបាន​សាច់ញាតិ​មក​ទទួល​យក ​ទៅធ្វើ​បុណ្យ​នៅក្រុង​បូកគោ​ខេត្ត​កំពត​ហើយ​ កាលពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី១ឧស​ភា។ ​

ជនរង​គ្រោះ​ត្រូវគ្រាប់កាំភ្លើង​ត្រង់​ក្តោងច្រមុះ​ចំនួន១​គ្រាប់​ធ្លាយ​ទៅ​ចំ​ខួរ​តូច​ផ្នែក​ខាង​ក្រោយ​ក្បាល​ ទើប​បណ្តាល​ឱ្យជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​៕

វីដេអូ៖