​បន្ទាយមានជ័យនិងកំពតៈ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង ផ្គរ​រន្ទះ​ពីថ្ងៃ​ជាប់​គ្នា​នា​ចុង​សប្ដាហ៍​មុននេះ បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ជាង​១៥០​ខ្នង នៅក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត​។ ករណីនេះ​បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​៧​នាក់​ទៀត​រងរបួស ព្រមទាំង​ងាប់​សត្វ​គោ​ចំនួន​២​ក្បាល​ផងដែរ​។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ទាំង​២​។​

លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង ផ្គរ​រន្ទះ កាលពី​ថ្ងៃទី​២៨ និង ថ្ងៃទី​២៩ ខែមេសា កន្លងមកនេះ បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប ១១០​ខ្នង នៅក្នុង​ភូមិ​ចំនួន​៣​នៃ​ឃុំ​ពង្រ រួមមាន​ភូមិ​ទួល​ពង្រ​ខូចខាត​ផ្ទះ​ចំនួន​៥១​ខ្នង ក្នុងនោះ​ខូចខាត​ធ្ងន់​ចំនួន​១១​ខ្នង​, ភូមិ​តា​គង់ ខូចខាត​ផ្ទះ​ចំនួន​៤​ខ្នង ក្នុងនោះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​១​ខ្នង និង​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​-​ឈ្នះ ខូចខាត​ផ្ទះ​ចំនួន ៥៥​ខ្នង​។​ប៉ុន្តែ​មិន​បង្ក​ឲ្យ​អ្នកភូមិ​ណា​ម្នាក់​រងរបួស​ឬ​ស្លាប់​នៅក្នុង​ករណីនេះ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖«​បច្ចុប្បន្ន អាជ្ញាធរ​យើង បានដាក់​កម្លាំង​ប្រមាណ​ជាង​២០០​នាក់ ដើម្បី​ជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើងវិញ និង​បាន​ជួយឧបត្ថម្ភ​ស្បៀងអាហារ​សង្គ្រោះបន្ទាន់​រួមមាន អង្ករ​២៥ ទឹកត្រី​មួយ​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ​និង​ទឹក​សុទ្ធ​មួយ​ធុង​១៥​លីត្រ ដើម្បី​ចូលរួមចំណែក​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ក្នុង​គ្រា​ដែល​កំពុង​ជួប​ការលំបាក​នេះ​ផងដែរ​»​។​

ចំណែក លោក សួន សុ​ផុន សមាជិក​ក្រុមប្រឹក្សាឃុំ​ភ្នំ​លៀប នៃ​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​២៨ ខែមេសា មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​និង​ផ្គរ​ន្ទះ​កើតឡើង នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​លៀប បាន​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​។​

​លោក​បាន​ថ្លែងថា​៖«​ជនរងគ្រោះ​ឈ្មោះ ផល ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបាន​រន្ទះបាញ់​ស្លាប់ ខណៈ​គាត់​កំពុង​ងូត​និង​ត្រង​ទឹកភ្លៀង​ទុក​សម្រាប់​ប្រើប្រាស់​»​។​

រីឯ​លោក ជុំ សារឿន នាយក​រដ្ឋបាល​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​២៨ ខែមេសា បាន​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ សរុប​ចំនួន ៤១​ខ្នង និង បង្ក​ឲ្យ​បុរស​ម្នាក់​រងរបួស និង​សិស្សសាលា​៦​នាក់​ទៀត​សន្លប់​បាត់ស្មារតី ដោយ​ការភ័យខ្លាច​ខ្យល់​កន្ត្រាក់ និង សំឡេង​ផ្គរ​រន្ទះ​បន្ទាប់ពី​ដំបូល​សាលារៀន​របស់​ពួកគេ ត្រូវបាន​ខ្យល់​កន្ត្រាក់ វាយ​ឲ្យ​ប៉ើង​របើក​។​

លោក​ថ្លែងថា​៖«​វា​ពិតជា​គួរ​ឲ្យ​ខ្លាច​ផងដែរ​ចំពោះ​ហេតុការណ៍​នៅថ្ងៃនោះ ព្រោះ​ភ្លៀង​ក៏​ខ្លាំង ខ្យល់​បក់​ក​ខ្លាំង ថែមទាំង​មាន​សំឡេង​ផ្គរ​រន្ទះ​ខ្លាំង​កើតឡើង​ព្រមជាមួយ​គ្នា​។ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាន​ដួល​បាក់​រលំ សង្កត់​បុរស​ម្នា​ក់រង​របួសធ្ងន់ ចំណែក ក្មេងៗ​សិស្សសាលា​អនុវិទ្យាល័យ​ជ្រុង​ស្រឡៅ ភ័យ​សន្លប់​ ៦​នាក់​ព្រោះ ខ្យល់​កន្ត្រាក់​បាន​បក់បោក បណ្ដាល​ឲ្យ ប៉ើង​របើក​ដំបូល​សាលារៀន​របស់​ពួកគេ ដែល​កំពុងតែ​អង្គុយ​រៀន​ក្នុង​ថ្នាក់រៀន ហើយ​ថែមទាំង​មាន​ផ្គរ​រន្ទះ​កើតឡើង​ខ្លាំងៗ​»​។​

ករណី​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត​ទាំង​២​នេះ បានធ្វើ​ឲ្យ​តួលេខ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​សរុប​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ដើមខែ​មករា ដល់​បំណាច់​ខែមេសា ឆ្នាំ​២០២២​នេះ កើន​ដល់​ចំនួន​១៩៩៥​ខ្នង ក្នុងនោះ ៣៧០​ខ្នង​បាន​ដួលរលំ​ខូចខាត​ទាំងស្រុង និង បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ចំនួន​២​នាក់​ស្លាប់ និង រងរបួ ស​២៣​នាក់​។

ស្រដៀង​គ្នា​នេះ តួលេខ​នៃ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងករណី​រន្ទះបាញ់ នៅ​ទូទាំងប្រទេស បាន​កើន​ដល់​ចំនួន​១០​នាក់ និង រងរបួស​ចំនួន​៩​នាក់ ព្រមទាំង​ងាប់​គោ ក្របី​សរុប​២៥​ក្បាល​។ នេះ​បើ​យោងតាម​ទិន្នន័យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង ពី​អាជ្ញាធរ​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២​។

ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០២២ គិត​ត្រឹម​ពី​ដើមខែ​មករា ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ករណី​ខ្យល់​កន្ត្រាក់ បាន​បង្ករ​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សរុបត្រឹម​ចំនួន​១៨៤១​ខ្នង ក្នុងនោះ​ផ្ទះ​ចំនួន ៣៥៨​ ខ្នង​បាន​ដួលរលំ​ខូ​ខាត​ទាំងស្រុង ព្រមទាំង​បណ្ដាល​ឲ្យ​មនុស្ស ​២​នាក់​ស្លាប់ និង​រងរបួស​ ​១៦​នាក់​។ ខណៈ​ករណី​រន្ទះបាញ់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៩​នាក់​ស្លាប់ និង​៩​នាក់​ទៀត​រងរបួស ខូចខាត​ផ្ទះ​១១​ខ្នង និង​ងាប់​គោក្របី​២៣​ក្បាល​។​

តាម​ការ​ញ្ជា​ក់​បន្ថែម​ពី ​លោក កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទិន្នន័យ​ការប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះមហន្តរាយ ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០២២​នេះ គឺជា​ទិន្នន័យ​ដែល​គិត​ត្រឹម​ពី​ដើមខែ​មករា ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​ប៉ុណ្ណោះ ដោយ​មិនទាន់បាន​បូក​បញ្ចូល​នូវ​ករណី ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត បន្ទាយមានជ័យ និង ខេត្តកំពត កាលពី​ថ្ងៃទី​២៨ និង ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ​២០២២​នោះទេ​៕