
ស្លាកប៉ាណូនិយាយពីការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ អគាររបស់ក្រុមហ៊ុនល្បីៗចំនួន១៤ បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង និងកាអនុវត្តល្អៗទាក់ទងប្រសិទ្ធភាពថាមពលនៅកម្ពុជា និងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះបើតាមក្រសួងបរិស្ថាន។
ក្រសួងបានឱ្យដឹងកាលពីថ្ងៃទី២៩ មេសាថា ការកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងអគារ គឺជាគន្លឹះសំខាន់មួយក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយការបញ្ចេញឧស័្មនផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
ក្រសួងឱ្យដឹងថា៖«បច្ចុប្បន្ននេះមានការអនុវត្តល្អៗនិងឧបករណ៍គ្រប់គ្រាន់សម្រាប់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដូចជាទម្លាប់កាត់បន្ថយការប្រើប្រាស់ថាមពលប្រើប្រាស់ឧបករណ៍ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ ឬក៏ថាមពលកកើតឡើងវិញ»។
បើតាមក្រសួងបរិស្ថាន កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា គឺការប្រកួតប្រជែងដែលមានភាពច្នៃប្រឌិតខ្ពស់ក្នុងការស្វែងរកអគារ ដើម្បីបង្កើនប្រសិទ្ធភាពថាមពល តាមរយៈការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ ការស្រាវជ្រាវ ការលេងល្បែងកម្សាន្ត ដែលបង្ហាញពីប្រសិទ្ធភាពថាមពលជាដើម។
ក្រសួងបញ្ជាក់ថា៖«គោលបំណងនៃការប្រកួតប្រជែង គឺដើម្បីបង្កើនការយល់ដឹង ការទទួលខុសត្រូវ ការច្នៃប្រឌិត និងការចូលរួមក្នុងចំណោមអ្នកពាក់ព័ន្ធ អំពីប្រសិទ្ធភាពថាមពលនិងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ»។
ក្រសួងបានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន សហការជាមួយ Schneider Electric។
ក្រសួងបានណែនាំឱ្យចូលទៅក្នុងតំណភ្ជាប់ខាងក្រោមនេះ ដើម្បីទាញយកឯកសារស្តីពីការប្រកួតប្រជែងប្រសិទ្ធភាពថាមពលនេះ៖ https://ncsd.moe.gov.kh/resources/document/cambodia-energy-efficiency-competition-quarterly-report ។
ក្រសួងបានបញ្ជាក់ថា៖«ចូលរួមទាំងអស់គ្នាដើម្បីប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ»។
កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជានេះ រៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន សិវែ (Sevea) ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព រួមនឹងស្ថានទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា។
បើតាមព័ត៌មាននៃកម្មវិធីប្រកួតប្រជែងនេះ បេក្ខជនដែលជាម្ចាស់អគារអាចចុះឈ្មោះគ្រប់ប្រភេទអគារទាំងសាធារណៈ និងឯកជន ដើម្បីប្រកួតប្រជែងដែលមានរយៈពេល១ឆ្នាំ ដោយរួមកម្មវិធីសាមញ្ញនិងរីករាយដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ។ ការបំផុសគំនិតនេះគឺកើតឡើងពីកម្មវិធី CUBE 2020 ដែលបង្កើតឡើងនៅប្រទេសបារាំងរយៈ ៥ឆ្នាំរួចមកហើយ។
កម្មវិធីនោះបានផ្តល់ការណែនាំពេញ១ឆ្នាំ ទាក់ទងនឹងការប្រើប្រាស់ថាមពល ជាមួយនឹងសកម្មភាពប្រចាំខែ ហើយផ្តល់អនុសាសន៍ផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដោយជោគជ័យ។
តាមព័ត៌មាននៃកម្មវិធីប្រកួតនេះដដែល ដើម្បីឈ្នះក្នុងការប្រកួតប្រជែងនេះ ម្ចាស់អគារនីមួយៗត្រូវចូលរួមស្វែងរកដំណោះស្រាយបច្ចេកទេស ក្នុងការប្រើប្រាស់ថាមពលចូលរួមសហការ និងជាពិសេស មានគំនិតច្នៃប្រឌិត ក្នុងដំណោះស្រាយថាមពល។
កម្មវិធីប្រកួតនេះបានបើកចុះឈ្មោះកាលពីខែឧសភា ឆ្នាំ២០២១ ការចាប់ផ្ដើមការប្រកួតប្រជែងនៅខែកញ្ញា ឆ្នាំ២០២១ គឺមានរយៈពេល ១០ខែដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល រហូតដល់ខែមិថុនា ឆ្នាំ២០២២ ចប់ការប្រកួត និងពិធីប្រគល់រង្វាន់។
«អ្នកចូលរួមទាំងអស់នឹងត្រូវបានទទួលបានការគាំទ្រនៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ»។ នេះបើតាមការបញ្ជាក់ក្នុងព័ត៌មាននៃកម្មវិធីប្រកួត។
UNDPពន្យល់ថា ប្រសិទ្ធភាពថាមពល មានន័យថា ការប្រើប្រាស់ថាមពល តិចជាងមុន ដើម្បីផ្តល់សេវាកម្មដូចគ្នា។ ឧទាហរណ៍ អំពូលអិលអ៊ីឌី មានប្រសិទ្ធភាពជាងអំពូលរេស៊ីស្តង់ពីមុន ព្រោះវាប្រើអគ្គិសនីតិច ដើម្បីបញ្ចេញបរិមាណពន្លឺដូចគ្នា។ ស្រដៀងគ្នានេះដែរ ម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពថាមពល ស៊ីភ្លើងតិចជាងម៉ាស៊ីនត្រជាក់ ដែលមិនសូវមានប្រសិទ្ធភាពថាមពល ដើម្បីឱ្យផ្ទះរបស់អ្នកត្រជាក់មានសីតុណ្ហភាពដែលបានកំណត់ដូចគ្នា។
ពាក្យថាប្រសិទ្ធភាពថាមពល ជារឿយៗត្រូវបានគេប្រើជាលក្ខណៈខ្លី ដើម្បីពណ៌នាអំពីវិធានការសន្សំសំចៃថាមពលណាមួយ ទោះជាយ៉ាងណាក៏ដោយ តាមបច្ចេកទេស ពាក្យនេះខុសគ្នាពីពាក្យថាការអភិរក្សថាមពល។
គោលគំនិតនៃការអភិរក្សថាមពលសំដៅដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល ដែលអាច រួមបញ្ចូលការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់។ ឧទាហរណ៍ នៃការអភិរក្សថាមពលដូចជា ការបិទកុំព្យូទ័រ និងអំពូលភ្លើងក្នុងការិយាល័យ ក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ ឬប្រើខ្យល់ធម្មជាតិដើម្បីធ្វើឱ្យអគារត្រជាក់ជំនួសឱ្យម៉ាស៊ីនត្រជាក់ដែលប្រើអគ្គិសនី ជាដើម។ នេះបើតាម UNDP៕