ភ្នំពេញៈ លោក ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ​) ស្នើឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​យកចិត្ត​ទុកដាក់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ ខណៈ​លោក​ចាត់ទុក​ដំណើរការ​បោះឆ្នោត​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រកបដោយ​មោទនភាព​ជាតិ​។

លោក ស ខេង បាន​ថ្លែង​បែបនេះ ក្នុងពេល​ធ្វើជា​អធិបតី កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរស្ថាប័ន ស្តីពី​កិច្ចការពារ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ​ ២០២២-២០២៤ ដែល​ធ្វើឡើង នៅ​ថ្ងៃទី​ ២៩ ខែមេសា ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ​រួមទាំង​លោក ប្រាជ្ញ ច័ន្ទ ប្រធាន គជប ផងដែរ​។

លោក ស ខេង បាន​ថ្លែងថា​៖ «​ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ជាច្រើនលើក​ច្រើនសា​នាពេល​កន្លងមក រួមទាំង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នាពេល​ខាងមុខនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រកបដោយ​មោទនភាព​ជាតិ ដែលជា​សក្ខីភាព​នៃ​ឆន្ទៈ​នយោបាយ និង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំង​ឥស្សរជន​នៃ​បណ្ដា​គណបក្សនយោបាយ ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពង្រឹង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដើម្បី​ភាព​សុខក្សេមក្សាន្ត សម្បូរ​រុងរឿង ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ ព្រមទាំង​ការលើក​កម្ពស់​កិត្យានុភាពជាតិ​នៅលើ​ឆាក​អន្តរជាតិ​»​។

លោក ស ខេង សង្កត់ធ្ងន់ថា កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​ខាងមុខនេះ គឺជា​ដំណាក់កាល​តស៊ូ​ប្រកបដោយ​ការប្រកួតប្រជែង​យ៉ាង​តឹងតែង និង​ក្ដៅគគុក​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ហើយក៏​ជា​ដំណាក់កាល​ដែល​ងាយ​នឹង​កើតឡើង​នូវ​ទំនាស់ ឬ​បទល្មើស​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ឧបសគ្គ​រារាំង ឬ​បន្ទុច​បង្អាក់​ដល់​កិច្ចដំណើរការ​បោះឆ្នោត​។

លោក​បានផ្ដល់​ការណែនាំ​ដល់​ថ្នាក់ជាតិ​ឱ្យ​ប្រគល់​តួនាទី​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ដែលជា​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​រាជធានី​-​ខេត្ត ទទួល​ខុសត្រូវ ដឹកនាំ​ដោយផ្ទាល់​ក្នុង​កិច្ច​ការធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​គ្រប់​ហេតុការណ៍​ទំនាស់​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន ត្រូវខិតខំ​ដោះស្រាយ​ពី​ដើមទី ដោយ​មិនត្រូវ​ទុកឱ្យ​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ ដែល​អាច​បង្កឱ្យមាន​ចលាចល​សង្គម ក្លាយជា​ឧបករណ៍​នៃ​ការ​កេងចំណេញ​ផ្នែក​នយោបាយ​ឡើយ​»​។

លោក ស ខេង ក៏​ស្នើឱ្យ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ទាំងអស់​មាន​ជំហរ​អព្យាក្រឹត គោរព​ច្បាប់​ស្ដីពី​បទបញ្ជា នីតិវិធី​នៃ​ការបោះឆ្នោត និង​ក្រម​សីលធម៌ ដោយ​ត្រូវ​បង្ក​ភាពងាយស្រួល និង​ផ្ដល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្ស​នយោបាយ បេក្ខជន​ទាំងអស់ តំណាង​គណបក្សនយោបាយ វាគ្មិន អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ប្រកបដោយ​តម្លាភាព និង​ដោយ​គ្មាន​ការរើសអើង​។

លោក​ក៏បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អង្គការ សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ចូលរួមចំណែក​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ពិសេស​ក្នុង​ដំណើរ​ការបោះឆ្នោត ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់ និង​ការបោះឆ្នោត​បន្តបន្ទាប់​ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​ ឡឹក សុធា បាន​ថ្លែង​ថ្ងៃទី​ ១ ខែឧសភា​ថា សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​មិនទាន់​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ដែល​បានចេញ​បញ្ជា​ជា​បន្តបន្ទាប់​ឱ្យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បានល្អ​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ​នោះទេ ប៉ុន្ដែ​បែរជា​មានការ​រិត​ត្បិត គំរាមកំហែង ដល់​ការធ្វើ​សកម្មភាព​ផ្សេងៗ​របស់​គណបក្ស​ដទៃ​ទៅវិញ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​រាប់​ចាប់តាំងពី​អនុប្រធាន​ភូមិ ឃុំ​ឡើង​ទៅដោយ​ដឹងថា​យើង​ទៅ​សង្កេតការណ៍​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រាប់​ការរៀបចំ​ការឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​នាពេល​ខាងមុខ​គេ​មក​បំផិត​បំភ័យ សុំ​ដក​ឈ្មោះ​របស់​យើង​ពី​អ្នក​អង្កេត​ការណ៍​ក្រោម​ហេតុផល​មិន​សមរម្យ​ផ្សេងៗ​»​។

លោក​បន្តថា កន្លង​មក​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បានចេញ​បទបញ្ជា សេចក្ដី​ណែនាំ មាន​ទាំង​លាយលក្ខណ៍​អក្សរ​ថែមទៀត ប៉ុន្ដែ​មើលទៅ​ហាក់​ដូចជា​មិនមាន​ភាព​រីកចម្រើន​នោះទេ ពីព្រោះ​ការ​រឹតបន្ដឹង​នៅតែ​កើតមាន​ដោយ​អាជ្ញាធរ​មូលដ្ឋាន នៅតែ​បន្តធ្វើ​ការតាមដាន គំរាមកំហែង​ដែល​វា​ហាក់​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​មិន​ស្ដាប់​បញ្ជា​របស់​ថ្នាក់ដឹកនាំ​របស់ខ្លួន​។ លោក​បញ្ជាក់ថា​៖ «​បើ​និយាយ​ឱ្យ​សាមញ្ញ​ទៅ មកពី​ពួកគាត់​ឃើញ​យើង​ទៅ​ឈរឈ្មោះ​បោះឆ្នោត​នេះ​គឺ​ទៅ​ដណ្ដើម​កៅអី​របស់​ពួកគេ ក្រោម​ហេតុផល​នេះ​អាជ្ញាធរ​មួយចំនួនធំ តែងតែ​បង្ក​លក្ខណៈ​មិន​ប្រក្រតី មិន​តម្លាភាព មិន​យុត្តិធម៌​ទៅដល់​គណបក្ស​នយោបាយ​ដទៃ​»​។

លោក សុធា ឱ្យ​ដឹងថា ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរឈ្មោះ​បោះឆ្នោត​ចំនួន ៣២ ​ឃុំ​សង្កាត់​ក្នុង ១៥ ​រាជធានី ខេត្ដ ក្នុងចំណោម ២៥ ​រាជធានី​ខេត្ដ ដោយ​រំពឹងថា នឹង​ទទួលបាន​សំឡេង ១០០ ​ភាគរយ គ្រប់​ឃុំ សង្កាត់​ទាំងអស់​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៨ ខែមេសា​ថា គិត​ត្រឹម​ថ្ងៃទី ​២៦ ខែមេសា ឆ្នាំ​ ២០២២ មាន​អ្នក​សង្កេតការណ៍ សរុប​ចំនួន ២៧ ៩២៦ ​រូប ក្នុងនោះ​ស្ត្រី សរុប​ចំនួន ១៦ ៦២២ ​រូប ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួម​សង្កេតមើល​ដំណើរ​ការ​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២​។

អ្នកសង្កេតការណ៍​ដែល​បានដាក់​ពាក្យស្នើសុំ និង​ត្រូវបាន​អនុញ្ញាត​ទាំងនោះ​មកពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ចំនួន​ ៧​។ ក្នុងនោះ​រួមមាន​សមាគម​បញ្ញវន្ត និង​យុវជន​ស្ម័គ្រចិត្ត​ចំនួន ៤៦ ​រូប​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន ១៧ ២៦៦ ​រូប គណៈកម្មាធិការ​ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) ២៦ ​រូប សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ ៩ ៨៣៥ អង្គការ​សុខភាព​ផ្លូវចិត្ត​បែប​បុរាណ និង​សម័យ​ចំនួន ១៥ ​រូប សមាគម​មិត្ត​យើង​ចំនួន​ ២៧ រូប និង​សមាគម​សហព័ន្ធ​និស្សិត​បញ្ញាវន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ចំនួន ៧១១ ​រូប​ផងដែរ​៕