ភ្នំពេញៈ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បាន​បដិសេធថា វា​មិនមែន​ជា​ការពិត និង​ពុំ​ត្រឹមត្រូវ​នោះទេ ចំពោះ​ការលើកឡើង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ចោទថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ត្រូវបាន​រង​ការ​ដៅ​មុខសញ្ញា ខណៈ​ដែល​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវបាន​ធានា​ការពារ​យ៉ាង​គត់មត់ ដោយ​ច្បាប់​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម.ស.ម.ក) កាលពី​ថ្ងៃទី​ ២៧ ខែមេសា ស្តីពី​ការចាប់ផ្តើម​យុទ្ធនាការ​សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ​ឧសភា បាន​លើកឡើងថា នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ត្រូវបាន​រង​ការដៅ​មុខសញ្ញា ដែល​របកគំហើញ​របស់ ម.ស.ម.ក នាពេល​ថ្មីៗ​នេះ​បង្ហាញថា សេរីភាព​សារព័ត៌មាន​រង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ម.ស.ម.ក បានឱ្យ​ដឹងថា៖ «​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​នៅក្នុង​ប្រទេសកម្ពុជា​តែងតែ​រង​ការបំភិតបំភ័យ ឃ្លាំមើល គំរាម និង​យាយី​តាម​ប្រព័ន្ធ​តុលាការ ចំពោះ​ការបំពេញ​ការងារ​ស្របច្បាប់​របស់ខ្លួន​»​។

ចាប់ពី​ថ្ងៃទី ​១ ខែកញ្ញា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២១ ម.ស.ម.ក បាន​កត់ត្រា​ទុក​ថា មាន​អ្នកសារព័ត៌មាន​យ៉ាង​ហោចណាស់​ចំនួន​ ៩ ​នាក់​បាន​ប្រឈម​នឹង​ការយាយី​តាម​ប្រព័ន្ធ​តុលាការ ដែល​រួមមាន ការគំរាម​កំហែង និង​ការកោះហៅ​ពី​តុលាការ​រហូត​ដល់​ការចាប់ខ្លួន តាម​អំពើ​ចិត្ត និង​ការ​ផ្តន្ទាទោស​ដោយ​ហេតុផល​នយោបាយ ហើយ​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ចំនួន​ ៧ ត្រូវបាន​ដកហូត​ដោយ​ក្រសួង​ព័ត៌មាន​ផងដែរ​។

ទាក់ទង​នឹង​ការលើកឡើង​នេះ លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​កាលពី​ថ្ងៃទី ​២៩ ខែមេសា​ថា ការលើកឡើង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​គឺជា​ការមិនពិត និង​ពុំ​ត្រឹមត្រូវ​នោះទេ ដោយ​លោក​បញ្ជាក់ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​ធានា​ការពារ​យ៉ាង​គត់មត់​ដោយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ស្របតាម​រដ្ឋធម្មនុញ្ញ​។ លោក​បន្តថា អង្គភាព​សារព័ត៌មាន ក៏ដូចជា​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បំពេញ​តួនាទី​របស់ខ្លួន​ដោយ​ភាព​ឯករាជ្យ​ ដោយសារ​តែ​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនមាន​ការត្រួតពិនិត្យ​ជាមុន​នោះទេ​។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍​ថា​៖ «​ជា​ការកត់សម្គាល់​របស់​ខ្ញុំ ក្រុម​អង្គការ​សង្គម​ស៊ីវិល រួមទាំង​បានឱ្យ​និយមន័យ អ្នកសារព័ត៌មាន​ឯករាជ្យ​ទាល់តែ​អ្នកសារព័ត៌មាន​នោះ​ផ្សាយ​ព័ត៌មាន​ដែល​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា​ទើប​ហៅថា​អ្នកសារព័ត៌មាន​ឯករាជ្យ​»​។

ការឱ្យ​និយមន័យ​នេះ គឺជា​ការឱ្យ​និយមន័យ​ដែល​ពុំ​ត្រឹមត្រូវ​ជា​ការផ្តល់​និយមន័យ​ធ្វើឱ្យ​បែកបាក់​សាមគ្គីភាព និង​បាត់បង់​នូវ​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន ក៏ដូចជា​ការអនុវត្ត​សិទ្ធិសេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ មាស សុភ័ណ្ឌ បាន​បញ្ជាក់ថា៖ «​ក្រសួង​ព័ត៌មាន តែងតែ​ផ្តល់នូវ​ការទទួលស្គាល់​ភាពស្របច្បាប់ និង​ផ្តល់​តម្លៃ​ដល់​អង្គភាព​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នូវ​សិទ្ធិ​ស្មើៗ​គ្នា ដោយ​ពុំ​មាន​ការបែងចែក​នូវ​និន្នាការ​នយោបាយ ឬ​អង្គភាព​សារព័ត៌មាន​តូច​ ឬ​ធំ​នោះទេ ហើយ​ពួកគេ​ត្រូវបាន​ការពារ​ដោយ​ស្មើភាព​គ្នា​តាមផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​»​។

យោងតាម​ក្រសួង​ព័ត៌មាន​កម្ពុជា​មាន​អង្គភាព​ផ្សព្វផ្សាយ​ទាំង បែប​ប្រពៃណី និង​បែប​ទំនើប​ (​ផ្សព្វផ្សាយ​តាម​អនឡាញ និង​ឌីជីថល​) ចំនួន ២ ១០០ ​អង្គភាព និង​មាន​អ្នកសារព័ត៌មាន​ជាតិ និង​បរទេស ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ប្រមាណ​ជិត ៦ ០០០ ​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ​ ៥០០ ​នាក់ ដែល​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​ និង​ពី​ជុំវិញ​ពិភពលោក​។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញ​ពី​ការគាំទ្រ និង​បន្ត​ខិតខំ​យ៉ាង​មោះមុត​ក្នុង​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ប៉ុន្តែ​លោក​បាន​សម្តែង​នូវ​ការខកចិត្ត ចំពោះ​ប្រទេស​មួយចំនួន​ដែល​អនុវត្ត​គោលការណ៍​ស្តង់ដា​ ២ ចំពោះ​សេរីភាព​សារព័ត៌មាន​។

លោក ខៀវ កាញារីទ្ធ បានលើកឡើង នៅ​ថ្ងៃទី​ ២៩ ខែមេសា ថា ក្រសួង​ព័ត៌មាន​បាននិង​កំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការបញ្ចេញមតិ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា​អាចអនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិនមាន​ការភ័យខ្លាច ប៉ុន្តែ​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ប្រទេស​កម្ពុជា​។

លោក​មានប្រសាសន៍​ថា៖ «​ការលើក​កម្ពស់​សេរីភាព​នេះ​ក៏​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​នៅ​ពាសពេញ​ពិភពលោក អាច​ជ្រើសរើស​មាគ៌ា ឬ​ថ្នាក់ដឹកនាំ ឬ​អ្នកដឹកនាំ​របស់ខ្លួន ដោយ​ការយល់ដឹង​ច្បាស់​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​សង្ឃឹមថា ជនរួមជាតិ​ទាំងអស់​មិន​ថា នៅក្នុង​ប្រទេស ឬ​ក្រៅប្រទេស​នឹង​បន្ត​ខិតខំ​គាំទ្រ​គោលការណ៍​សេរីភាព​នៃ​ការបញ្ចេញ​មតិ​រួមទាំង​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន​នេះ​ឱ្យបាន​ល្អជា​ទូទៅ​ទាំងអស់​គ្នា​»​។

ជាមួយ​គ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់​ឱ្យ​ខិតខំ​អនុវត្ត​សេរីភាព​សារព័ត៌មាន​ឱ្យមាន​ស្តង់ដា​តែ​ ១ ដើម្បី​សុខុមាលភាព សេរីភាព សន្តិភាព និង​ដើម្បី​ជា​ជម្រើស​ប្រកបដោយ​សេរីភាព​ក្នុង​ការសម្រេចចិត្ត​របស់​ប្រជាជន​គ្រប់រូប​។

សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ​ ២០២២ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​ ២៩ ក្រោម​មូលបទ «​សារព័ត៌មាន​ក្រោម​សម្ពាធ​ប្រព័ន្ធ​ឌីជីថល​» នៅ​រាជធានី​ភ្នំពេញ​៕