ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ជំរុញ​ជា​ដូស​ទី​៣​ ដែល​វា​ជា​កាតព្វកិច្ច​មួយ​ ដើម្បី​បង្កើន​ភាពស៊ាំ​សហគមន៍​ការពារ​ពី​ការឆ្លង​មេរោគ​កូវីដ​ ១៩ និង​ជាការ​ទទួល​ខុសត្រូវរ​បស់​បុគ្គល ប៉ុន្តែ​វា​មិនមែន​កាតព្វកិច្ច​នៃ​ការដាក់​ទោសទណ្ឌ​នោះទេ​។

ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារជាតិ​រួម​នឹង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​បានធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ (​ដូស​ទី​៣)​ ទៅដល់​ប្រជាពលរដ្ឋ ដោយបាន​កំណត់​យក​គោលដៅ​សំខាន់​ចំនួន ​៣ ជា​ជំហាន​ដំបូង​គឺ រោងចក្រ សហគ្រាស ទីផ្សារ​ទីប្រជុំជន និង​សាលារៀន​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ៣០ ខែមេសា ក្នុងពេល​ចុះ​ពិនិត្យមើល​ការងារ​ចាក់​វ៉ាក់ នៅក្នុង​ខេត្ត​ស្វាយរៀង​ថា តាម​ការសង្កេត​របស់​លោកស្រី​ក្នុង​រយៈពេល​នៃ​ការចាប់ផ្តើម​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​នេះ គឺ​ការចាក់​មាន​សម្ទុះ​កើនឡើង​ច្រើន​គួរឱ្យ​កត់សម្គាល់​។

លោកស្រី​ថ្លែងថា​៖ «​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​មាន​សម្ទុះ​កើនឡើង​ច្រើន ហើយ​អ្វីដែល​ជាការ​កត់សម្គាល់​របស់ខ្ញុំ​ ​គឺ​ប្រជាពលរដ្ឋ​បានលើកឡើង​ផងដែរ​ថា ការធ្វើ​យុទ្ធនាការ​នេះ​គឺជា​ការបង្ក​នូវ​ភាពងាយស្រួល​មួយ​សម្រាប់​គាត់ ដោយសារ​ពួកគាត់​មិនបាន​ទៅ​ចាក់​នៅតាម​ទីតាំង​តាម​មន្ទីរ​សុខាភិបាល​សាធារណៈ​ដែល​យើង​បានរៀបចំ​»​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មាន​ការ​អល់អែក​មក​ទទួល​យក​នូវ​ការចាក់​វ៉ាក់សាំង​នេះ ដោយសារ​វា​ជា​កាតព្វកិច្ច​មួយ​ដែល​វា​ជា​កាតព្វកិច្ច​នៃ​ការចូលរួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ មិនមែនជា​កាតព្វកិច្ច​ដែលមាន​ការ​ដាក់ទោស​ទណ្ឌ​អី​ទេ គឺជា​ការទទួល​ខុសត្រូវ​របស់​បុគ្គល​ដែល​ត្រូវ​ចូលរួម​ចំណែក​កសាង ពង្រឹង និង​បង្កើន​នូវ​កងការពារ​របស់​បុគ្គល​នីមួយៗ​»​។

ទន្ទឹមនឹង​នេះដែរ ក្រសួង​សុខាភិបាល​ក៏​នឹង​ធ្វើការ​ពិចារណា​ក្នុងការ​កំណត់​គោលដៅ​មួយ​ជំហាន​ទៀត​ទាក់ទង​នឹង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ បន្ទាប់ពី​គោលដៅ​នៃ​ការចាក់​នៅតាម​រោងចក្រ ទីផ្សារ និង​សាលារៀន​ត្រូវបាន​បញ្ចប់​រួចរាល់​។

លោកស្រី វណ្ណឌីន ថ្លែងថា​៖ «​យើង​មិនមែន​ធ្វើ​តែ​គោលដៅ​ទាំង​ ៣ ​នេះ​ទេ គឺ​នៅពេល​ដែល​យើង​ធ្វើ​គោលដៅ​ទាំង​ ៣ ​នេះ​រួចហើយ យើង​នឹង​សំដៅ​ទៅរក​គោលដៅ​ផ្សេងៗ​ទៀត​ដែល​បងប្អូន​យើង​ខ្លះ​មិន​បានមក​ទីផ្សារ​ហើយក៏​មិនបាន​ចាក់​វ៉ាក់សាំង​ដែរ​។ ដូចនេះហើយ​យើង​ពិចារណា​ក្នុង​ការធ្វើ​ការងារ​មួយ​ដំណាក់កាល​ទៀត​​ជាមួយ​គ្នា​»​។

លោកស្រី​បានបញ្ជាក់​ទៀតថា ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​នឹងធ្វើ​ការពិនិត្យ​លទ្ធភាព​ជាមួយ​នឹង​ភូមិ ឃុំ ដើម្បី​ព្យាករ​លើ​ចំណុច​នេះ ប៉ុន្តែ​ក៏​តម្រូវឱ្យមាន​ការចូលរួម​បន្ថែមទៀត​ជាមួយនឹង​រដ្ឋបាលខេត្ត​-​ស្រុក ដើម្បី​ធ្វើការ​ព្យាករ​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​នីមួយៗ មក​ទទួល​យក​វ៉ាក់សាំង ហើយ​ធ្វើការ​កំណត់​ថ្ងៃ​សម្រាប់​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ពួកគាត់​តែម្តង​។

ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩​ មាន​កំណើន​រហូត​ជាង​ ៩៣% ​ធៀប​នឹង​ប្រជាពលរដ្ឋ​សរុប​ ១៦​ លាន​នាក់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅតាម​ទីសាធារណៈ និង​ទីតាំង​ចំហ សម្រាប់​ប្រជាពលរដ្ឋ​ចាប់តាំងពី​ថ្ងៃទី​ ២៦ ខែមេសា​។

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូវីដ​ ១៩ ក្រសួង​ការពារជាតិ​ក៏បាន​ចុះ​ពិនិត្យមើល​ដំណើរការ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​​កូវីដ​ ១៩ ដូស​ទី​ ៣ និង​ដូស​ទី​ ៤ ដល់​ពលរដ្ឋ កម្មករ​-​និយោជិត ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​ ២៩ ខែមេសា​។

លោក ឥត សារ៉ាត់ ថ្លែងថា យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ដូស​ជំរុញ​នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ​នេះ​គឺជា​គំរូ និង​ជា​បទពិសោធ​សម្រាប់​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ប្រភេទ AstraZeneca ​ដល់​ប្រជាពលរដ្ឋ តាម​បណ្តា​ខេត្ត ក្រុង​ដទៃៗ​ទៀត​នៅ​ទូទាំង​ប្រទេស​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បី​សម្រេច​ផែនការ​របស់​រាជរដ្ឋាភិបាល បងប្អូន​ក្រុមគ្រូពេទ្យ​កងកម្លាំង​យើង គាត់​ប្រឹងប្រែង​ខ្លាំងណាស់​។ ក្រុមគ្រូពេទ្យ​កងទ័ព​យើង​បាន​បម្រើ​សកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​កងទ័ព និង​គ្រួសារ និង​ប្រជាពលរដ្ឋ ដោយ​មិនមាន​ពេល​សម្រាក​នោះឡើយ​»​។ លោក នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​រួសរាន់​ទៅ​ចាក់​សាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​នៅ​គ្រប់​ទីតាំង​ចាក់​៕

វីដេអូ៖