
សិស្សបឋមសិក្សាពេលញ៉ាំអាហារនៅសាលាកាលពីចុងឆ្នាំ ២០១៩។ រូបថត សហការី
ភ្នំពេញៈ សិស្សសាលាប្រមាណ ២៨ ម៉ឺននាក់ បាននិងកំពុងទទួលបានការផ្តល់អាហារពេលព្រឹកឡើងវិញ នៅតាមសាលារបស់ពួកគេ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបើកដំណើរការសាលារៀនឡើងវិញនៅទូទាំងប្រទេស ខណៈដែលកម្មវិធីនេះបានរួមចំណែកដល់ការអប់រំដោយបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្ស ការយកចិត្តទុកដាក់ និងភាពរហ័សរហួនរបស់សិស្សនៅក្នុងថ្នាក់រៀន។
យោងតាមហ្វេសប៊ុកឈ្មោះគាំពារសង្គមកម្ពុជាដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រុមប្រឹក្សាជាតិគាំពារសង្គមបានឱ្យដឹងពីថ្ងៃទី ២៨ មេសាថា កម្មវិធីនេះបានផ្តល់អាហារពេលព្រឹកក្តៅៗដែលសម្បូរជីវជាតិដល់សិស្សតាមសាលារៀនគោលដៅ និងបានជួយលើកកម្ពស់កសិផលក្នុងសហគមន៍ផងដែរ ពីព្រោះបន្លែ និងសាច់សម្រាប់ផ្គត់ផ្គង់កម្មវិធីនេះ គឺផលិតក្នុងសហគមន៍ជុំវិញតំបន់សាលាផ្ទាល់។
«សិស្សានុសិស្សដែលកំពុងសិក្សាក្នុងសាលាគោលដៅនៅទូទាំងប្រទេសបានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីបានទទួលទានអាហារពេលព្រឹកនៅសាលារៀនឡើងវិញ។ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ដែលកំពុងតែផ្តល់ជូនសិស្សានុសិស្សចំនួនជាង ២៧ ម៉ឺននាក់នោះគឺត្រូវបានធ្វើឡើងនៅតាមសាលាគោលដៅចំនួន ១ ១១៣ នៅទូទាំងប្រទេស»។ នេះបើតាមហ្វេសប៊ុកដដែល។
បើតាមហ្វេសប៊ុកនេះ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហាររាល់ព្រឹកដល់សិស្សជាង ៥ ម៉ឺននាក់នៅសាលាចំនួន ២៩០ និងសិស្សជាង ២២ ម៉ឺននាក់នៅសាលាចំនួន ៨២៣ ទៀត ផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោក ។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជំនួយសង្គមបានឱ្យដឹងពីថ្ងៃទី ១ ខែឧសភាថា កម្មវិធីផ្ដល់អាហារតាមសាលារៀននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមិនទាន់ទទួលយកមកអនុវត្ដទេ គឺកំពុងអនុវត្ដដោយក្រសួងអប់រំនៅឡើយ។
លោកថា៖ «យើងគ្រាន់តែបានដឹងថា កម្មវិធីនេះគឺកំពុងបន្តអនុវត្ដដោយក្រសួងអប់រំ ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក»។
លោកបន្តថា នេះជាកម្មវិធីមួយដែលមានការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីឪពុកម្ដាយ អាណាព្យាបាលសិស្ស និងលោកគ្រូ-អ្នកគ្រូ ពីព្រោះបានជួយជំរុញសិស្សឱ្យមករៀនបានទាន់ពេលវេលា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា ថ្លែងនៅថ្ងៃទី ១ ឧសភាថា អាហារូបត្ថម្ភល្អបានចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀន ថែមទាំងបណ្តាលឱ្យគុណភាពជីវិតរឹតតែប្រសើរ។ លោកថ្លែងថា៖ «ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការ...ដើម្បីបន្តលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពសិក្សារបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព»។
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Patrick W. Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP បានចូលរួមក្នុងកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន និងពិធីផ្ទេរជាផ្លូវការនូវសាលារៀនចំនួន ៨៥ បន្ថែមទៀត ពីកម្មវិធីស្បៀងអាហារពិភពលោកជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
«កម្មវិធីនេះផ្តល់នូវរបបអាហារមានជីវជាតិដែលជួយរួមចំណែកឱ្យកុមារមានសុខភាពល្អ និងដើរតួក្នុងការលើកកម្ពស់ដោយប្រយោលនូវប្រាក់ចំណូលរបស់ក្រុមគ្រួសារដែលងាយរងគ្រោះបំផុតផងដែរ។ ក្រៅពីនេះកម្មវិធីនេះក៏បានរួមចំណែកផងដែរក្នុងការជំរុញសេដ្ឋកិច្ចតាមមូលដ្ឋាន តាមរយៈការដាំដុះ និងទិញដូរកសិផលនៅក្នុងសហគមន៍»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមនៃពិធីនេះ។
សេចក្ដីប្រកាសបានឱ្យដឹងថា នៅកម្ពុជា កម្មវិធីនេះផ្តល់អត្ថប្រយោជន៍ដល់សិស្សមត្តេយ្យ និងបឋមសិក្សាចំនួន ២៨០ ០០០ នាក់ នៅសាលាចំនួន ១១១៣ ក្នុងខេត្តចំនួន ១០ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាគឺជាអ្នកផ្ដល់មូលនិធិ និងចាត់ចែងកម្មវិធីនៅតាមសាលាចំនួន ២៩០ (២៦%) និងបានបែងចែកថវិកា ២,៩ លានដុល្លារសម្រាប់កម្មវិធីនៅឆ្នាំនេះ។
សេចក្ដីប្រកាសឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយម្ចាស់ជំនួយដទៃទៀតបានចូលរួមចំណែកផ្ដល់មូលនិធិដល់កម្មវិធីស្បៀងអាហារពិភពលោកសម្រាប់ដំណើរការកម្មវិធីនៅតាមសាលារៀនដែលនៅសេសសល់ដោយបានផ្ដល់វិភាគទានសរុប ២៤ លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០០៧ រហូតមក។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានមោទនភាពដែលបានចូលរួមជាមួយបណ្ដាញសកលនៃកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន កាលពីខែសីហា ឆ្នាំ ២០២១ និងបានទទួលស្គាល់ថា ការផ្តល់អាហារតាមសាលារៀនកាន់តែមានសារៈសំខាន់ ជាពិសេសក្នុងការជួយទប់ទល់ទៅនឹងផលប៉ះពាល់ដែលបង្កដោយជំងឺរាតត្បាតទៅលើការអភិវឌ្ឍធនធានមនុស្ស»។
លោកស្រី គ្លែរ កូណាន់ (Claire Conan) តំណាងកម្មវិធីស្បៀងអាហារពិភពលោកលើកឡើងថា ការគាំទ្រសប្បុរសពីរដ្ឋាភិបាលអាមេរិកក្នុងទឹកប្រាក់ជាង ៨៤ លានដុល្លារចាប់ពីឆ្នាំ ២០២១ បានអនុញ្ញាតឱ្យកុមារ-កម្ពុជាមកពីក្រុមគ្រួសារក្រីក្រទទួលបានអាហារពេលព្រឹកដែលមានជីវជាតិ និងបានរួមចំណែកលើកកម្ពស់ការអប់រំដល់ពួកគេ។ លោកស្រីថា៖ «អ្វីដែលសំខាន់បំផុតនោះគឺវាជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីជាតិ ដោយជួយអភិវឌ្ឍសមត្ថភាពជាតិក្នុងការចាត់ចែងកម្មវិធី និងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទទួលទានអាហារទឹកស្អាតក៏ដូចជា អនាម័យនៅក្នុងសាលារៀនទូទាំងប្រទេស»៕
វីដេអូ៖