
អ្នកទោសក្នុងពន្ធនាគារខេត្តកំពត កាលពីឆ្នាំ ២០១៩។ រូបថត Kampot Provincial Prison
ភ្នំពេញៈ គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានបញ្ចប់កិច្ចប្រជុំកាលពីចុងសប្ដាហ៍ ក្នុងការពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតប្រុស និងស្រីចំនួន ១ ២៨៦ នាក់ ដែលបានស្នើពីពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែចំនួន ៤ មុននឹងសម្រេចការបន្ធូរបន្ថយទោស និងលើកលែងទោស។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ថ្លែងនៅថ្ងៃទី ១ ខែឧសភាថា គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានធ្វើការប្រជុំពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសរួចហើយកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ប៉ុន្តែចំនួនអ្នកដែលត្រូវបានស្នើបន្ធូរបន្ថយទោស និងលើកលែងទោសនៅមិនទាន់ដឹងនោះទេ។
លោកបានថ្លែងថា៖ «ក្រោយកិច្ចប្រជុំពិនិត្យ វាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្រុមការងារបច្ចេកទេសបាននិងកំពុងបន្តធ្វើការលើរឿងនេះ ដើម្បីពិនិត្យឯកសារចុងក្រោយ។ ការពិនិត្យឯកសារចុងក្រោយចប់សព្វគ្រប់ទើបដឹងពីចំនួនទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស។ ខ្ញុំនឹងជម្រាបជូននូវស្ថិតិនៃការសម្រេចនេះ»។
ក្រសួងយុត្តិធម៌សរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលស្នើពីពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែចំនួន ៤ សរុបទណ្ឌិត ចំនួន ១ ២៨៦ នាក់ (ស្រី ១២៧ នាក់)។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ តំណាងអគ្គនាយកដ្ឋានពន្ធនាគារ តំណាងក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងយុតិ្តធម៌ផងដែរ។
លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យថ្លែងនៅថ្ងៃទី ១ ខែឧសភា ថាពន្ធនាគារខេត្តបន្ទាយមានជ័យបានបញ្ជូនបញ្ជីឈ្មោះអ្នកទោសទៅគណៈកម្មការថ្នាក់ជាតិតាំងពីជាង ១ ខែមុនមក ប៉ុន្តែពុំទាន់មានការសម្រេចពីថ្នាក់លើនៅឡើយ។
លោកបញ្ជាក់ថា ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានសភាពធម្មតា ហើយចំនួនអ្នកទោសមិនមានការចង្អៀតណែននោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូថ្លែងនៅថ្ងៃទី ១ ខែឧសភាថា ដំណើរការនៃការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីមានការយឺតយ៉ាវទៅហើយ ហើយការយឺតយ៉ាវនេះទៀតសោត គេសង្កេតឃើញថា មិនមែនទើបតែ ១ ដងនោះទេ គឺមានជាច្រើនដងមកហើយ។
លោកថា៖ «យើងជាអង្គការសង្គមស៊ីវិលយើងចង់ឃើញដំណើរការសម្រេចហ្នឹងវាទៅតាមពេលវេលាឱ្យបានទាន់ពេលវេលាគ្រប់គ្រាន់ ហើយមួយទៀតគឺធ្វើម៉េចឱ្យមានតម្លាភាពសម្រាប់បន្ធូរបន្ថយ និងលើកលែងទោសហ្នឹងបាទ»។ លោកថា ការយឺតយ៉ាវក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតអាចធ្វើឱ្យមានការចង្អៀតណែនក្នុងពន្ធនាគារបន្ថែមទៀត។
ប៉ុន្ដែលោក សន្តិភាព បានបញ្ជាក់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោសនេះគឺអាចធ្វើក្នុងឱកាសនីមួយៗដាច់ពីគ្នាក៏បាន ឬមួយក៏ធ្វើច្រើនឱកាសក៏បាន។ តាមព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងការលើកលែងទោស ចំពោះទណ្ឌិតកំណត់ ៥ ដង ក្នុង ១ ឆ្នាំ៕