ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ សមាគម តំណាង​សហជីព​បានរៀបចំ​ខួប​លើក​ទី១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ទីតាំង​ផ្សេងៗ​គ្នា ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​។

ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​របស់​កម្មករនិយោជិត ដែល​ត្រូវ​បានប្រារឰ​ជា​រៀងរាល់​ឆ្នាំ​។ ឆ្នាំនេះ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ និង​សារលិខិត ដើម្បី​បំផុស​លើក​ទឹកចិត្ត និង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត សហការ​ជាមួយ​អង្គការ​វិជ្ជាជីវៈ ព្រមទាំង​និយោជក ត្រូវ​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត សហជីព និង​តំណាង​មន្ត្រីរាជការ ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៦ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ “​សន្តិភាព សុខភាព​ និង​សន្តិសុខ​ការងារ​”​។

ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ចេញ​សារលិខិត​ថា​៖ «​រាជរដ្ឋាភិបាល​បាន​បន្ត​លើកកម្ពស់​ការការពារ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ថែរក្សា​សុខដុម​នីយកម្ម ទំនាក់ទំនង​វិជ្ជាជីវៈ ផ្តល់​អត្ថប្រយោជន៍​នានា​ជូន​បងប្អូន​កម្មករនិយោជិត រួមទាំង​ការផ្តល់​កិច្ច​គាំពារ​សង្គម​ផងដែរ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្ដីពី​សហជីព និង​អនុសញ្ញា​អន្តរជាតិ ខាង​ការងារ​ទាំង​ ១៣ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​»​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ថ្ងៃទី​ ៣០ មេសា ឆ្នាំ ​២០២២ បានរៀបចំ​ពិធី​អបអរសាទរ​នេះ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) តំណាង​សមាគម​និយោជក តំណាង​សហជីព និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។

លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា ការប្រារឰ​ខួប​ទិវា​ពលកម្ម​អន្ដរជាតិ នា​ឆ្នាំនេះ ស្របពេល​សភាពការណ៍​ប្រទេសជាតិ​សម្រេច​បាន​ជោគជ័យ​ដ៏ធំធេង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​ដែល​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​ធ្វើឱ្យ​ប្រទេស អាច​បើក​ដំណើរការ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​បន្ត​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រសួង​ការងារ​បានដាក់​ចេញ​រួចហើយ​នូវ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០២២ រួមមាន​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​»​។

លោក​រដ្ឋមន្ត្រី​បន្តថា ជំរុញ​ការអនុវត្ត​យន្តការ​អធិការកិច្ច និង​ធ្វើ​ទំនើបកម្ម​ការធ្វើ​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មានវិទ្យា និង​បន្ត​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ឱ្យទទួល​បាន​អត្រា​សះជា​ឱ្យ​កាន់តែ​ខ្ពស់ សំដៅ​ឆ្លើយតប​នឹង​តម្រូវការ​ភាគី​វិវាទ​។ បន្ត​ប្រែក្លាយ​រោងចក្រ សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​របស់​កម្មករ​និយោជិត​ដែល​ពោរពេញ​ដោយ​សមត្ថភាព លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ផលិតភាព​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ដឹកនាំ​រៀបចំ​ទិវា​នេះ នៅ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ថ្លែងថា គោលបំណង​សំខាន់​នៃ​ការរៀបចំ​ទិវា​នេះ គឺ​ ដើម្បី​រំឭក​ដល់​ជីវភាព​របស់​បងប្អូន​កម្មករ-​និយោជិត​ទូទាំង​ពិភពលោក​ដែល​ពលីជីវិត ដើម្បី​ធ្វើ​ការងារ ដែល​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ ១៣៦ ​ឆ្នាំ​ហើយ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បើសិនជា​គ្មាន​ការតស៊ូ ការខិតខំ​ប្រឹងប្រែង​របស់​កម្មករ​នៅ​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា គឺ​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ​មានការ​កេងប្រវ័ញ្ច​ច្រើន ហើយ​យើង​ចង់​ផ្ញើ​សារ​ជូន​ដល់​កម្មករនិយោជិត​ទូទាំង​ប្រទេស ដើម្បីឱ្យ​គាត់​យល់ថា សិទ្ធិ​ការងារ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​។ បើ​យើង​មិនបាន​រៀបចំ ឬ​ធ្វើ​សកម្មភាព​ទេ មានន័យថា សកម្មភាព ឬ​លក្ខខណ្ឌ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​យើង មិនអាច​រីកចម្រើន ឬ​ឈានទៅដល់​ការគោរព​សិទ្ធិ​នោះទេ​»​។

លោក​ក៏​សម្តែង​នូវ​ទុក្ខ​កង្វល់​អំពី​បញ្ហា​កន្លងមក​រយៈពេល​ជិត​ ៣ ​ឆ្នាំ ដែល​ជួប​បញ្ហា​កូវីដ ​១៩ ដោយ​រៀបចំ​ញត្តិ​ ដើម្បី​ដាក់ជូន​សភាជាតិ ក៏ដូចជា​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ដើម្បី​ដោះស្រាយ​ជូន​ពួកគេ​។ ក្នុង​ញត្តិ​នោះ ស្នើ​រដ្ឋាភិបាល​បញ្ចុះតម្លៃ​ប្រេងសាំង បញ្ចុះតម្លៃ​ជី​កសិកម្ម អន្តរាគមន៍​ទៅ​រោងចក្រ ដែល​បាន​បញ្ឈប់​កម្មករ និង​បិទ​រោងចក្រ ប៉ុន្តែ​មិនបាន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​តាមច្បាប់​។

ជាមួយ​គ្នានេះ សហភាព​សម្ព័ន្ធ​សហជីព និង​សមាគម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយបាន​លើកឡើងថា ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ ​១៩ បានធ្វើឱ្យ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង​ និង​កាបូប ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ការបាត់បង់​ប្រាក់ចំណូល បាត់បង់​ការងារ​ដោយ​ការបញ្ចប់​កិច្ចសន្យា​ការងារ​។ ការបិទទ្វារ​រោងចក្រ​ដោយ​មិនបាន​ទូទាត់ ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ត្រឹមត្រូវ ការ​ធ្វើទុក្ខ​បុកម្នេញ​មកលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​រហូត​មានការ​បញ្ឈប់​ពី​ការងារ និង​ការប្តឹង​ចោទប្រកាន់​ចាប់​ដាក់ពន្ធនាគារ​ពី​សំណាក់​ភាគី​និយោជក ដោយ​គ្រាន់តែ​ពួកគេ​បញ្ចេញមតិ និង​ការធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី​។

សេចក្តី​ថ្លែងការណ៍​បាន​បន្តថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ក្រុម​សហជីព​មើលឃើញ​យ៉ាងច្បាស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ដើម្បី​ការពារ​សុខភាព​ និង​អាយុជីវិត​របស់​ពលរដ្ឋ ព្រមទាំង​ការដាក់ចេញ​នូវ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្ដីពី​ដំណើរការ​ និង​ការគ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ ដើម្បី​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​ និង​ការងារ​របស់​កម្មករ​-​និយោជិត​ឈាន​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ក្នុងឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំនេះ ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​នានា​របស់​កម្មករនិយោជិត​គ្រប់​វិស័យ សូម​ស្នើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ និង​ធ្វើការ​ដោះស្រាយ​នូវ​សំណើ​មួយចំនួន​។ សំណើ​នោះ​ស្នើឱ្យ​រាជរដ្ឋាភិបាល​អន្តរាគមន៍​ទៅ​និយោជក​ឱ្យ​ទទួលយក​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់​ឱ្យ​ពួកគាត់​បាន​ចូលធ្វើ​ការងារ​វិញ និង​សង​ប្រាក់​រំឭក​ដល់​ពួកគេ​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍ ពួកគេ​ក៏បាន​ស្នើ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​តុលាការ​ឱ្យ​ទម្លាក់​បទចោទប្រកាន់​នានា​មកលើ​មេដឹកនាំ​ និង​សកម្មជន​សហជីព និង​ស្នើឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​សេវាកម្ម សំណង់ សិប្បកម្ម និង​ការងារ​តាម​ផ្ទះ​។ ស្នើឱ្យ​រាជរដ្ឋាភិបាល​ជំរុញ​ទៅកាន់​និយោជក​ឱ្យ​ផ្តល់​មធ្យោបាយ​ដឹកជញ្ជូន​ប្រកប​ដោយ​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​៕