ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិហ្វឹកហ្វឺនរួមគ្នាពីការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ហើយជប៉ុនក៏ប្រកាសសន្យាជួយពង្រឹងសមត្ថភាពកងទ័ពជើងគោកកម្ពុជាផងដែរ។
កាលពីថ្ងៃទី ២៩ ខែមេសា លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុននៅវិមានសន្តិភាពរាជធានីភ្នំពេញក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា។
ហ្វេសប៊ុកលោក ហ៊ុន សែន បានឱ្យដឹងបន្ទាប់បញ្ចប់កិច្ចប្រជុំនៅថ្ងៃដដែលថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំង ២ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម»។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា លោក Yamazaki បានកោតសរសើរកម្ពុជា ដែលបានបញ្ជូនកងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិទៅទូទាំងពិភពលោក។
លោក Yamazaki ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របតាមសេចក្តីប្រកាសរួមរបស់មេដឹកនាំកំពូលនៃប្រទេសទាំង ២ កន្លងមក។
ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកពីថ្ងៃទី ២៨ ខែមេសា លោកYamazaki បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិដោយផ្ដោតលើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្ម និងឈានឆ្ពោះទៅទទួលបានឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ។
ក្នុងជំនួបនោះ លោក Yamazaki ក៏បានប្រកាសបន្តគាំទ្រការជំរុញទំនាក់ទំនងកងទ័ពកម្ពុជា-ជប៉ុន ឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀតផងដែរ ជាពិសេសជួយពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មាន នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី ២៨ ខែមេសា លោក Yamazaki ថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពទាំង ២ គឺជាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាដែលអាចឆ្លុះបញ្ចាំងពីចំណងមិត្តភាព «ដ៏រឹងមាំ» ប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ក្នុងនាមជាអគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម [លោក Yamazaki] ក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនងរវាងកងទ័ពទាំង ២ ឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា»។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចនេះថា នឹងផ្តល់សម្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្តរបស់កម្ពុជា-ជប៉ុន ក្នុងការជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្រប់បណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផ្ទាល់ក្នុងការចូលរួមចំណែកដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេសក៏ដូចជាប្រជាជន និងប្រជាជន។
ប្រភពដដែលបានដកស្រង់សម្ដី លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងជំនួបនេះថា៖ «កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាពិសេសការជំរុញឱ្យមានទំនាក់ទំនងជាក់ស្តែងរវាងអង្គភាព និងអង្គភាព តាមរយៈសកម្មភាពមួយចំនួន ដូចជា៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការចែករំលែកបទពិសោធ និងលំហាត់រួមជាដើម»។
លោកបន្តថា រាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន គឺជាមិត្តដ៏ល្អរហូតមក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាលរាប់ចាប់ពីការទទួលស្គាល់ឯករាជ្យ ការស្វែងរកសន្តិភាព និងដំណើរការកសាង និងអភិវឌ្ឍកម្ពុជាក្រោយសម័យសង្គ្រាម។
ដំណើរទស្សនកិច្ចលោក Yamazaki ធ្វើឡើងស្របពេលនៅឆ្នាំនេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី ៣០ ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី ១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែឧសភាថា កម្ពុជា និងជប៉ុន មានផែនការដំឡើងកម្រិតទំនាក់ទំនងពីទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់ជប៉ុនមកកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងពីជប៉ុន»។
លោកបានរំឭកថា កាលពីខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ច និងជួបជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុនជាច្រើនរូប ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកងទ័ពទាំង ២ ជាពិសេសការប្រយុទ្ធប្រឆាំងបញ្ហាអសន្តិសុខមិនប្រពៃណីផ្សេងទៀតដូចជា អំពើភេរវកម្មនៅក្នុងតំបន់ សមយុទ្ធយោធា និងការគ្រប់គ្រងគ្រោះមហន្តរាយ។
លោក ម៉េងដាវិត ថ្លែងថា ទំនាក់ទំនងទ្វេភាគី «ចិត្តនឹងចិត្ត» រវាងកម្ពុជា និងជប៉ុនអាចជាគំរូសម្រាប់ប្រទេសដទៃទៀតដែលជឿជាក់លើសន្តិភាព ការអភិវឌ្ឍ ការគោរពគ្នា ការយោគយល់គ្នា និងការផ្តល់ប្រយោជន៍ទៅវិញទៅមក៕