កំពតៈ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពត រដ្ឋបាលជលផល និងសមាគមអតីតនិស្សិតអាហារូបករណ៍ឈីវីនីងប្រទេសអង់គ្លេសនៃកម្ពុជា (BCAAC) ក្រោមការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential បានដាំកូនដើមកោងកាងចំនួន ១ ០០០ ដើម នៅតំបន់សហគមន៍នេសាទព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី ៣០ ខែមេសា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា សកម្មភាពនៃការដាំកូនដើមកោងកាងនេះបានបង្ហាញថា ទាំងអស់គ្នាបានគិតគូរពីបញ្ហាបរិស្ថាន។ ជាពិសេសការប្រែប្រួលអាកាសធាតុ ការការពារ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងដើមកោងកាង ព្រមទាំងបានដើរតួនាទីសំខាន់ក្នុងការការពារពលរដ្ឋ ដែលរស់នៅមាត់សមុទ្រពីខ្យល់ព្យុះ។ ដើមកោងកាងបានចូលរួមបង្កើតភាពសម្បូរបែបនៃជីវចម្រុះ ដើម្បីចិញ្ចឹមជីវិតមនុស្ស។ ហេតុនេះលោកអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតំបន់ការពារធម្មជាតិចូលរួមការពារ និងអភិរក្សដើមកោងកាង និងចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវចម្រុះសមុទ្រ។
លោកបញ្ជាក់ថា ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ី ដែលជាប់ទាក់ទងត្រូវបានគេកំណត់ថា ជាយុទ្ធសាស្ត្របន្សាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជា តំបន់ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងក៏ជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិផងដែរ។
លោកថ្លែងថា៖ «ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រ តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ»។
មន្ត្រីជាន់ខ្ពស់រូបនេះបន្តថា ដើមកោងកាងមានតួនាទីយ៉ាងសំខាន់ ព្រោះវាជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆាធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់ត្រូវការការពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ ដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ។
លោកបញ្ជាក់ថា៖ «កោងកាងផ្តល់នូវការបន្សាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងការប្រែប្រួលអាកាសធាតុ ព្រមទាំងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់»។
លោក យក់ សុធីរិទ្ធ ប្រធានសមាគម BCAAC ថ្លែងថា ការចូលរួមដាំកូនដើមកោងកាងនេះ គឺដើម្បីរួមចំណែកក្នុងកិច្ចការលើកកម្ពស់ និងអភិរក្សដើមកោងកាងរបស់សហគមន៍មូលដ្ឋាន។ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃកោងកាងចំពោះសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។ ស្វែងយល់អំពីកិច្ចអភិរក្សព្រៃកោងកាងរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត និងរបស់សហគមន៍នេសាទព្រែកត្នោត ព្រមទាំងបង្កើនទំនាក់ទំនង និងការចូលរួមក្នុងកិច្ចការសង្គមនៃអតីតនិស្សិតអាហារូបករណ៍ឈីវីនីង។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាថ្លែងថា លោកស្រីមានក្តីរំភើបរីករាយ ដែលបានចូលរួមពិធីដាំដើមកូនកោងកាងចំនួន ១ ០០០ ដើម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមម្លប់បៃតង (The Queen's Green Canopy Initiative)។ លោកស្រីបន្តថា ការដាំកូនដើមកោងកាងនេះ ស្របពេលប្រទេសអង់គ្លេសប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សា និងខួបគម្រប់ ៧០ ព្រះវស្សានៃការគ្រងរាជ្យសម្បតិ្ត (The Platinum Jubilee) របស់ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែតទី ២។
លោក លី សាលីន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Prudential ថ្លែងថា គោលដៅសំខាន់បំផុតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបានអ្វីដែលល្អបំផុតក្នុងជីវិត។ របៀបវារៈ ESG របស់ក្រុមហ៊ុន Prudential គឺគាំទ្រគោលបំណងនេះតាមរយៈការផ្តួចផ្តើមជាច្រើន រួមមានការដាំដើមកោងកាងដែលធ្វើឡើងក្នុងថ្ងៃនេះផងដែរ។ នេះជាគោលដៅ ១ ក្នុងចំណោមគោលដៅជាច្រើនក្នុងការជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងបង្កើនការយល់ដឹងក្នុងចំណោមអ្នកចូលរួមទាំងអស់ ហើយពួកគេនឹងបន្តបង្កើតទម្លាប់នេះជាមួយមិត្តភក្តិ និងគ្រួសាររបស់ពួកគេ បន្ទាប់ពីសកម្មភាពថ្ងៃនេះ»៕