សៀមរាបៈ អ្នកនាំពាក្យ​តុលាការ​ខេត្ត​សៀមរាប​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​បានសម្រេច​ឃុំខ្លួន​មន្ត្រី​កងរាជ​អាវុធហត្ថ​ ២ ​នាក់ ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពីថ្ងៃ​សៅរ៍ ពាក់ព័ន្ធ​ករណី​លាក់​បំបាំង​តម្រុយ​នៃ​ជន​ប្រព្រឹត្ត​អំពើ​ជួញដូរ​គ្រឿងញៀន និង​បង្ខាំង​មនុស្ស​ខុសច្បាប់​។

លោក យ៉ិន ស្រ៊ាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០២២​ ថា ជនសង្ស័យ​ឈ្មោះ ធាវ ច័ន្ទតារា អាយុ​ ៥២ ​ឆ្នាំ ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជ​អាវុធហត្ថ​ខេត្តសៀមរាប និង​ជំនួយការ​របស់គាត់​ម្នាក់​ឈ្មោះ មៀម ណាក់ អាយុ​ ២៨ ​ឆ្នាំ ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្តសៀមរាប​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២ បន្ទាប់ពី​បាន​ស្រាវជ្រាវ​រកឃើញថា មន្ត្រី​ទាំង​ ២ ​នាក់​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​ក្នុង​អំពើ​ជួញដូរ​គ្រឿងញៀន​។

ជនសង្ស័យ​ទាំង ​២ ត្រូវបាន​លោក សួន សុរាសី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​សៀមរាប​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយ​ក្នុងនោះ​ជនសង្ស័យ​ឈ្មោះ ធាវ ច័ន្ទតារា ត្រូវបាន​ចោទប្រកាន់​ចំនួន​ ៤ បទល្មើស​រួមមាន បទ​លាក់​បំបាំង​តម្រុយ បទ​មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ​ ឬ​មជ្ឈិម​ដោយ​អ្នក​រាជការ​សាធារណៈ​ជាអាទិ៍ បទបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​អាច​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​មិន​ក្រោម​ពី ​៥ ​ឆ្នាំ​នោះទេ​។

ចំណែក​ជនសង្ស័យ​ឈ្មោះ មៀម ណាក់ ត្រូវបាន​ចោទប្រកាន់​ចំនួន​ ២ ​បទល្មើស រួមមាន​បទ​លួច​តាម​មាត្រា ​៣៥៦ ​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ដោយ​អ្នករាជការ​សាធារណៈ​ជាអាទិ៍ តាម​មាត្រា​ ៥២៨​ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនសង្ស័យ​ឈ្មោះ មៀម ណាក់ អាច​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ ៣ ​ឆ្នាំ​ព្រោះ​ក្នុង​មាត្រា​ ៣៥៦ ​នៃ​ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ការ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ៦​ ខែ ដល់​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១​ លាន​ទៅ​ ៦ ​លាន​រៀល ចំពោះ​ជន​ណា​ដែល​បាន​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ វត្ថុ​ផ្សេងទៀត​របស់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

ជុំវិញ​ករណីនេះ លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និយាយថា ការចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ទាំង​ ២ ​នាក់​ខាងលើនេះ​ បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រកឃើញថា ពួកគេ​ពិតជា​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​នាម​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ប៉ុន្តែ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ពេល​បំពេញ​តួនាទី​ដោយ​គាត់​សមគំនិត​ជាមួយ​នឹង​ការជួញដូរ​គ្រឿងញៀន​ ដូច្នេះ​អាវុធហត្ថ​ត្រូវតែ​បង្ក្រាប​តែម្តង​»​។

លោក ថ្លែងថា កម្លាំង​កងរាជ​អាវុធហត្ថ​ត្រូវតែ​បង្ក្រាប​មន្ត្រី​អាវុធហត្ថ​ទាំងឡាយណា​ដែល​ធ្វើ​ខុស​ដោយ​មិនចាំបាច់​ឱ្យ​អង្គភាព​ណា​មក​បង្ក្រាប​នោះឡើយ​ពោល​ត្រូវ​អនុវត្តតាម​អភិក្រម​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ «​ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និង​វះកាត់​»​។

លោក សៅ សុខា បាន​បន្ថែមថា​៖ «​សម្រាប់​កងរាជ​អាវុធហត្ថ​យើង​មាន​ទិស​ស្លោក​ជា​ត្រីវិស័យ​បង្ហាញផ្លូវ​សម្រាប់​របៀប​ធ្វើ​ការងារ​រួម គឺ​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជាជន​ត្រូវតែ​បម្រើ​ចំពោះ​ច្បាប់​ត្រូវតែ​គោរព និង​ចំពោះ​​បទល្មើស​ត្រូវតែ​បង្ក្រាប​»៕