ព្រះសីហនុៈ នគរបាល​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី​ ១ ឧសភា កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ បន្ទាប់ពី​ប្រទះឃើញ​បុរស​ខ្មែរ​ម្នាក់​ស្លាប់​អណ្តែត​ទឹក និង​មាន​របួស​ខ្នង​នៅក្នុង​ព្រៃកោងកាង ស្ថិត​ក្នុង​ភូមិ​អុង ឃុំ​រាម ស្រុកព្រៃនប់ ​កាលពី​យប់​ថ្ងៃទី​ ២៨ មេសា ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ករណី​ឃាតកម្ម​។

លោក អ៊ួង វុទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃនប់ ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ឧសភា​ថា នគរបាល​តាមរយៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ បាននិង​កំពុង​បើក​ការស្រាវជ្រាវ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនដៃដល់​ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យឃើញ​នៅ​ខ្នង​របស់​សាកសព​មាន​ស្នាម​កាប់​មួយកន្លែង​។

លោក​ប្រាប់ថា​៖ «​ជនរងគ្រោះ មាន​ស្លាក​ស្នាមរបួស​ខ្នង រយះ​ប្រហែល​កន្លះ​ចំអាម ដែល​អាចឱ្យ​សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម​ថា អាចជា​ករណី​ឃាតកម្ម​។ ក្រៅពីនោះ យើង​កំណត់​មិន​បានទេ​ដោយសារ​សាកសព​វា​រលួយ​សាច់​ស្ទើរ​អស់​ទៅហើយ​»​។

បើតាម​លោក វុទ្ធី សាកសព​បុរសរងគ្រោះ​អាច​ត្រូវគេ​សម្លាប់​ប្រហែល​ជាង ​១០ ​ថ្ងៃ​មកហើយ ហើយ​ទើបតែ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹក​ផ្កាប់មុខ នៅក្នុង​ទឹក​ព្រៃកោងកាង​ជាប់​នឹង​ការដ្ឋាន​សាងសង់​បុរី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ កាលពី​យប់ ថ្ងៃទី​ ២៨ ខែមេសា​។ នៅ​ទីតាំង​ដែល​ជនរងគ្រោះ​ស្លាប់​នោះ គឺ​មិនមាន​ចរន្តទឹក​ហូរ​ខ្លាំង​ឡើយ ព្រោះ​នៅ​ជុំវិញ​សព​មាន​សុទ្ធតែ​ដុំថ្ម និង​ដើម​កោងកាង​។

លោក​បន្តថា បុរសរងគ្រោះ​មាន​អាយុ​ជាង​ ៣០ ​ឆ្នាំ ហើយ​មាន​ទុក​សក់វែង និង​ទុក​ពុកមាត់​ស្រមូម និង​មាន​កម្ពស់​ប្រហែល​ ១ ​ម៉ែត្រ​ ៧០ ស្លៀកខោ​ខូវប៊យ​ជើងវែង​គ្មាន​ពាក់អាវ សូម្បីតែ​ខោ​ក្នុង​ក៏​មិន​ស្លៀក​ផង​។ ហេតុដូច្នេះ​សមត្ថកិច្ច​កោសល្យវិច័យ​ក៏​សង្ស័យ​ដែរ​ថា បុរសរងគ្រោះ​អាចជា​មនុស្ស​វិកលចរិត​ផង​។

ប៉ុន្តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​នៅតែ​ដាក់​ការសង្ស័យថា ការស្លាប់​របស់​ជនរងគ្រោះ​អាចជា​ករណី​ឃាតកម្ម​៕