
មន្ត្រីកម្ពុជា និងតំណាង UN ព្រមទាំងតំណាង AFP ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការសម្អាតប្រាក់ នាថ្ងៃទី២ ឧសភា។ រូបថត សហការី
ភ្នំពេញៈ កម្ពុជា UN និង AFP រួមគ្នាបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការសម្អាតប្រាក់ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជាចំនួន ៥០ នាក់ រយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ២-៦ ខែ ឧសភា ឆ្នាំ ២០២២ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។
ការបើកបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាព លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP និងលោក David Frend តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មUNODC។
លោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងនាថ្ងៃទី២ ឧសភាថា គោលបំណងនៃសិក្ខាសាលានេះចំណុចសំខាន់គឺការស្វែងរកអត្តសញ្ញាណបទល្មើសសម្អាតប្រាក់ និងយន្តការប្រឆាំងបទល្មើសសម្អាតប្រាក់ដែលបំប្លែងពីប្រាក់ខុសច្បាប់មានដូចជាប្រាក់បានមកពីជំនួញគ្រឿងញៀនជាដើមទៅជាប្រាក់ស្របច្បាប់។
លោកថ្លែងថា៖«សិក្ខាសាលានេះដែរមានការអញ្ជើញចូលរួម លោកស្រី Lili sang មន្រ្តីសម្របសម្រួលកម្មវិធី នៃប្រទេសហត្ថលេខីនៃអនុស្សរណ:យោគយល់គ្នារបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ Mekong MOU និងមន្រ្តីអនុវត្តច្បាប់កម្ពុជា»។
លោក Anthony Maguire និងលោក David Frend បានលើកឡើងដូចគ្នាក្នុងសិក្ខាសាលាថា សិក្ខាសាលានេះបានផ្តល់សារៈសំខាន់ដល់មន្រ្តីច្បាប់កម្ពុជាដើម្បីបង្កើនការយល់ដឹងលើការស៊ើបអង្កេត និងដាក់ទោសដល់ឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើស និងរឹបអូសផលដែលបានមកពីបទល្មើសសម្អាតប្រាក់។
តំណាងស្ថាប័នអន្តរជាតិទាំង២នេះលើកឡើងថា ពួកគេរីករាយបន្តកិច្ចសហការជាមួយអាជ្ញាធរកម្ពុជាលើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាបន្ថែមទៀត។
តាមរយៈសិក្ខាសាលានេះ លោក មាស វីរិទ្ធ បានថ្លែងអំណរគុណដល់ UN និង AFP ដែលបានផ្តល់កិច្ចសហការជួយដល់កម្ពុជានាពេលកន្លងមក។
លោកថ្លែងថា៖«ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជានាពេលនេះ គឺស្របពេលដែលកម្ពុជាបាននិងកំពុងខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ និងបានចាត់ទុកថា ការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ជាការងាររួមដែលត្រូវតែរួមគ្នាបង្ការបង្រ្កាប»។
លោកមាស វីរិទ្ធ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្វែងយល់ ជាមួយវាគ្មិនដើម្បីបង្កើនសមត្ថភាពនិងចូលរួមការងារសម្អាតប្រាក់នេះ។
អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(អអផ)បង្ហាញលទ្ធផលនៃការផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួងស្ថាប័នត្រួតពិនិត្យរបស់រដ្ឋ និងប្រតិបត្ដិករពាក់ព័ន្ធ ដើម្បីឈានទៅដល់ការវាយតម្លៃកម្ពុជា លើការងារសម្អាតប្រាក់នៅខែមិថុនា ឆ្នាំ២០២២។ នេះបើតាម លោកជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃ អ.អ.ផ.ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមីនា។
លោកឱ្យដឹងថា ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជូនមន្ត្រីនគរបាលយុត្តិធម៌ ដែលជាស្ថាប័នត្រួតពិនិត្យ ដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់នេះ ទៅដល់បុគ្គលរាយការណ៍បន្ថែមទៀត៕